រាងកាយទារកដែលអ្នកម្តាយត្រូវតែស្គាល់…

ព្រោះតែ​រាងកាយ​កូនតូច​នៅ​ខ្ចី​ គួរ​ឱ្យ​ថ្នាក់ថ្នម​ ទើប​តម្រូវ​ឱ្យ​លោកឪពុក​អ្នកម្តាយ​ត្រូវតែ​នៅចាំ​មើលថែ​ទាំ​យ៉ាង​ដិតដល់​ ជាពិសេស​រឿង​សុខភាព​រាងកាយ​កូនតូច​។ ថ្ងៃនេះ​យើង​នាំគ្នា​មក​ស្គាល់​អំពី​ការ​ធ្វើការងារ​របស់​អវយវៈ​សំ​ខាន់​ផ្សេង​ៗនៅ​លើ​រាងកាយ​កូនតូច​ ព្រមទាំង​វិធី​មើលថែ​ទាំ​ដ៏​ត្រឹមត្រូវ​ទាំងអស់គ្នា​។

បង្ហើយ​គឺជា​ផ្នែក​មួយ​របស់​លលាដ៍ក្បាល​ដែល​នៅ​មិនទាន់​ជាប់គ្នា​ណែន​ល្អ​ ទើប​កើតមាន​ជា​កន្លែង​ទន់​ៗមួយ​នៅ​លើ​ក្បាល​។ ពេល​យើង​សង្កត់​នឹង​ទ្រុឌ​ចុះ​ ដែល​ទាំងអស់​មាន​ 2កន្លែង​ គឺ​បង្ហើយ​មុខ​ មាន​រាង​ 4ជ្រុង​ និង​បង្ហើយ​ក្រោយ​ មាន​រាង​ត្រីកោណ​ដែល​មាន​ទំហំ​តូចជាង​។ បង្ហើយ​មុខនឹង​ឡើង​រឹង​នៅពេល​កូនតូច​អាយុ​បាន​ 1ឆ្នាំទៅ​ 1ឆ្នាំ​កន្លះ​ ចំណែក​បង្ហើយ​ក្រោយ​នឹង​ឡើង​រឹង​នៅពេល​អាយុ​បាន​ប្រមាណ​ 6ខែ​។
ចំណុច​គួរ​ប្រយ័ត្ន​ ៖ កុំ​កង្វល់​បារម្ភ​ក្នុង​ការ​ប៉ះពាល់​បង្ហើយ​ គ្រាន់តែ​ប្រយ័ត្ន​កុំ​ចុច​សង្កត់​ ឬប៉ះ​ខ្លាំង​ៗទៅ​បាន​ហើយ​។ បើ​ស្ទាប​ប៉ះ​ទៅ​ឃើញថា​ ទ្រុឌ​ចុះ​ខ្លាំង​ ហើយ​កូនតូច​នៅ​ស្ងៀម​ មិន​លេង​ មិន​សើចញញឹម​ មិន​រវើក​ដូចសព្វដង​ ភ្នែក​រាង​ខូង​ នោះ​ជា​សញ្ញា​បញ្ជាក់​ថា​ កូន​អាច​កើត​អាការ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​ ឬបើ​ឃើញថា​ បង្ហើយ​ឡើង​ប៉ោង​ទុល​ មិន​លោត​ដូច​ចង្វាក់ជីពចរ​ នោះ​បញ្ជាក់​ថា​ កូនតូច​អាច​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​ គួរ​នាំ​កូនតូច​ទៅ​ជួប​លោកគ្រូពេទ្យ​ជាបន្ទាន់​។

ស្លឹកត្រចៀក​គឺជា​អវយវៈ​សំខាន់​ក្នុង​ការ​ស្តាប់​ និង​ឮ កើតឡើង​ដោយសារ​រលក​សំឡេង​ធ្វើដំណើរ​ទៅ​ប៉ះ​នឹង​ក្រដាសត្រចៀក​ ឆ្លងកាត់​ឆ្អឹងត្រចៀក​មក​សរសៃប្រសាទ​ត្រចៀក​ រួចមក​ដល់​ខួរក្បាល​ ដូច្នេះហើយ​ទើប​ត្រចៀក​មាន​ភាព​សំខាន់​ដល់​ការ​រៀន​យល់ដឹង​ពី​អ្វី​ៗជុំវិញ​ខ្លួន​ តាម​រយ:ការ​ស្តាប់​សំឡេង​ ការបាន​ឮ។ បើសិនជា​កើតមាន​ភាព​ខុសប្រក្រតី​ទាក់ទង​នឹង​ការ​បានឮ​តាំងពី​តូច​ ការ​វិវឌ្ឍ​ខាង​ការ​និយាយ​ក៏​មាន​បញ្ហា​ដែរ​។
ចំណុច​គួរ​ប្រយ័ត្ន​ ៖ អាចម៍ត្រចៀក​នឹង​ជួយការ​ពារ​សត្វល្អិត​ ដូចជា​ស្រមោច​ ឬចៃឆ្កែ​មិន​ឱ្យ​ចូល​បាន​ ដូច្នេះ​អ្នកម្ដាយ​មិន​គួរ​ខ្វេះ​ ឬកេះ​ត្រចៀក​ឡើយ​ ព្រោះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អាចម៍ត្រចៀក​ចូល​ទៅ​ញ៉ុក​ណែន​នៅ​ខាងក្នុង​ប៉ុណ្ណោះទេ​ តែ​នៅ​អាច​ធ្វើ​ឱ្យ​កូនតូច​ឈឺ​ត្រចៀក​ ឬក្រដាសត្រចៀក​អាច​នឹង​ធ្លុះ​បាន​ទៀតផង​។ ជា​ធម្មតា​អាចម៍ត្រចៀក​ដែល​កើតឡើង​នោះ​ នៅពេល​ដែល​វា​មាន​ច្រើន​ វា​នឹង​ជ្រុះចេញ​មក​ក្រៅ​ដោយឯកឯង​។ ចំណែក​ទារក​ដែល​បានឮ​ជា​ធម្មតា​ ត្រូវតែ​ចេះ​ញញឹម​ ចេះ​មើល​មុខ​ សម្លឹង​ភ្នែក​ និង​បែរ​មើលតាម​សំឡេង​បាន​ តែបើ​កន្លង​ផុត​ទៅ​ 6ខែ​ហើយ​ នៅតែ​ធ្វើ​ដូច​ការ​រៀបរាប់​មក​មិនបាន​ នោះ​បង្ហាញថា​ កូនតូច​អាច​នឹង​មាន​បញ្ហា​ខាង​ការ​ស្តាប់​ឮហើយ​ ដូច្នេះ​គួរតែ​នាំ​កូនតូច​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូពេទ្យ​។

កែវភ្នែក​តាម​ធម្មជាតិ​ ក្រពេញ​ទឹកភ្នែក​អាច​បង្ហូរទឹក​ភ្នែក​ចេញ​មក​បាន​ ដែល​ប្រកប​ទៅ​ដោយ​ អេ​នហ្សៃ​ម៍​ ឡៃ​សូ​ហ្សៃ​ម៍​(Lysozyme​) អាច​បំផ្លាញ​សម្បក​កោសិកា​របស់​មេរោគ​បាក់តេរី​បាន​ ដូច្នេះ​ទើប​ទឹកភ្នែក​ជា​សារធាតុ​រលាយ​ដែល​ការពារ​ការ​ឆ្លង​មេរោគ​នៅក្នុង​កែវភ្នែក​។ បើ​មាន​វត្ថុចម្លែក​ចូល​ក្នុង​កែវភ្នែក​ ក្រពេញ​ទឹកភ្នែក​នឹង​ធ្វើការ​ ដោយ​បញ្ចេញ​ទឹកភ្នែក​មក​ភ្លាម​ ដើម្បី​លាង​សម្អាត​វត្ថុចម្លែក​នោះ​ចេញ​។
ចំណុច​គួរ​ប្រយ័ត្ន​ ៖ មិន​គួរ​ប៉ះពាល់​ ឬរវល់​នឹង​កែវភ្នែក​កូនតូច​ឡើយ​ តែបើ​ឃើញ​មាន​ភាព​ខុសប្រក្រតី​ណា​មួួយ​ ដូចជា​ ភ្នែក​ពណ៌​សមិនស​ តែ​មាន​ពណ៌​ក្រ​ហម​ព្រឿង​ៗ ភ្នែក​ហើម​ឡើងក្រហម​ ភ្នែក​សើម​មាន​ទឹកភ្នែក​ដក់ជាប់​រហូត​ ឃើញ​មាន​ចំ​ណុចសៗ​នៅក្នុង​ប្រស្រីភ្នែក​ ភ្នែក​ញាក់​ៗ គ្រាប់​ភ្នែក​ញ័រ​ៗ មាន​អាចម៍ភ្នែក​ពណ៌លឿង​លាយ​បៃតង​ ពេល​បើកភ្នែក​ ត្របកភ្នែក​បើក​ឡើង​មិន​ស្មើគ្នា​ ឬអាយុ​ 2-3 ខែ​ហើយ​ តែ​នៅ​មិនទាន់​ចេះ​មើល​មុខ​ឪពុក​ម្តាយ​ ភ្នែក​ប៉ះ​ពន្លឺ​មិនបាន​ ធ្វើ​ភ្នែក​ក្រឡឺតក្រឡាប់​មិនកើត​ ពេល​សម្លឹង​មើល​ទៅ​ខាង​ៗក៏​បែរ​ទៅ​ទាំង​ក្បាល​ជាដើម​… បើ​សង្កេតឃើញ​មាន​កើត​អាការ​មួយ​ណា​ក្នុងចំណោម​អាការ​ទាំងអស់​ដែល​បាន​រៀបរាប់​មក​នោះ​ លោកឪពុក​អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​លោកគ្រូពេទ្យ​ដើម្បី​ពិនិត្យ​កែវភ្នែក​កូន​ជាបន្ទាន់​។

ច្រមុះ
ច្រមុះ​មាន​តួនាទី​ដកដង្ហើម​ និង​ហិត​ក្លិន​ផ្សេង​ៗ។ នៅក្នុង​ច្រមុះ​មាន​រោ​មតូចៗ​ជាច្រើន​ ដើម្បី​ការពារ​កម្ទេច​លម្អង​ធូលី​ ឬសត្វ​ល្អិត​ដែល​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​ផ្លូវដង្ហើម​ ព្រមទាំង​មាន​តួនាទី​ចាំស្ទាក់​ចាប់​វត្ថុចម្លែក​ដែល​ស្រូប​ចូល​ទៅ​ និង​កណ្តាស់​ចេញ​មកវិញ​។ សាច់​ជាលិកា​ដែល​ក្រាល​ខាងក្នុង​ប្រហោងច្រមុះ​ នឹង​បំពេញ​តួនាទី​បញ្ចេញ​ជាតិទឹក​មក​ចិញ្ចឹម​ប្រហោង​ច្រមុះ​ ពេល​ដកដង្ហើម​ចូល​ទៅ​ ជាតិទឹក​នៅក្នុង​ច្រមុះ​ជា​អ្នក​បន្ថែម​សំណើម​ឱ្យ​ខ្យល់​។ បើ​សាច់​ជាលិកា​ក្នុង​ច្រមុះ​រលាក​ ទឹក​ច្រមុះ​(ទឹកសំបោរ​)នឹង​ត្រូវ​បាន​បញ្ចេញ​មក​ច្រើនជាង​ធម្មតា​។
ចំណុច​គួរ​ប្រយ័ត្ន​ ៖ ពេល​កូនតូច​មិន​ស្រួលខ្លួន​ កើត​ផ្តាសាយ​ តែងតែ​មាន​ទឹកសំបោរ​ច្រើន​ អ្នកម្ដាយ​គួរ​យក​ក្រណាត់​ជ្រលក់​ទឹកអំបិល​ជូត​ថ្នម​ៗ។ បើ​ប្រើ​សំឡី​ត្បារត្រចៀក​ជូត​សម្អាត​ ត្រូវ​ប្រយ័ត្ន​ពេល​កូនតូច​រើ​ ព្រោះ​អាច​នាំ​ឱ្យ​កើត​ឧប្បត្តិហេតុ​បាន​។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺ​ អ្នកម្ដាយ​កុំ​យក​ម្រាមដៃ​របស់​ខ្លួន​ទៅ​កេះ​ច្រមុះ​កូន​ ព្រោះ​ក្រចកដៃ​អាច​ធ្វើ​ឱ្យ​រយះ​សាច់​ច្រមុះ​កូនតូច​បាន​។ ចំណែក​ច្រមុះ​ដែល​មាន​ស្នាម​អុច​ៗសៗ​ ស្រដៀង​មុនខ្សាច់​នោះ​ មិនបាច់​កេះ​ចេញ​ទេ​ ព្រោះ​វា​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ​។

ក្រចកដៃ​ក្រចកដៃ​មាន​តួនាទី​ អេះ​ កេះ​ កោស​ ខ្វាច​ ហែក​ចំណីអាហារ​ ឬរបស់​ផ្សេង​ៗឱ្យ​ក្លាយជា​បំណែ​កតូច​ៗ។ ក្រចកដៃ​ជើង​របស់​កុមា​រតូចៗ​ ក៏​ដូច​ក្រចកដៃ​-ជើង​របស់​មនុស្ស​ធំ​ដែល​ឆាប់​វែង​ដែរ​។ គេ​សង្កេតឃើញ​ថា​ អត្រា​នៃ​ការ​ដុះ​របស់ក្រ​ចក​ដៃ​ តែង​វែង​លឿន​ជាង​ក្រចកជើង​ដល់ទៅ​ 2ដង​ ដូច្នេះហើយ​ទើប​យើង​ត្រូវ​កាត់​ក្រចកដៃ​ញឹកញាប់​ជាង​ក្រចកជើង​។ ជា​ធម្មតា​គេ​និយម​កាត់​ក្រចក​រៀងរាល់​ 1-2សប្តាហ៍​ម្តង​ ចំណែក​លក្ខណៈ​របស់ក្រ​ចក​ ជា​ធម្មតា​ច្រើន​មាន​ពណ៌​ផ្កា​ឈូ​កស្តើង​ៗ រាបស្មើ​គ្នា​ គ្មាន​ស្នាម​រួញ​ ឬកោង​ងឡើយ​។
ចំណុច​គួរ​ប្រយ័ត្ន​ ៖ ពេល​កាត់​ក្រចកដៃ​ឱ្យ​កូនតូច​ ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​សាច់​កូន​ គួរ​ធ្វើ​នៅពេល​ដែល​កូនតូច​គេងលក់​។ គួរ​ជ្រើសរើស​ប្រើ​កន្ត្រៃកាត់ក្រចក​សម្រាប់​ទារក​ និង​ពេល​កាត់​ហើយ​ គួរ​រូស​ក្រចក​ឱ្យ​ទាល​ផង​ ហើយ​បើ​ឃើញ​មាន​អ្វី​ខុសប្រក្រតី​ដែល​កើតឡើង​នៅ​លើ​ក្រចក​កូនតូច​ គួរ​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូពេទ្យ​ ដូចជា​ ក្រចក​ឡើងពណ៌​ខ្មៅជាំ​ ឬមាន​ពណ៌​ខុសប្រក្រតី​ ក្រចក​ដុះ​ចេញ​មក​វៀច​ រួញ​ ក្រិន​ ឬផ្សេង​ទៀត​។ល។

រន្ធ​ផ្ជិ​តជាប្រក្រតី​ ចំណែក​របស់​ទងផ្ចិត​នឹង​ស្ងួត​ជា​បណ្តើរ​ៗ ហើយ​ជ្រុះ​ដោយខ្លួនឯង​ក្នុង​រយ:ពេល​ 2-3សប្តាហ៍​ តែ​គេ​ក៏​ធ្លាប់​ជួបប្រទះ​ដែរ​ថា​ ទារក​ខ្លះ​អាច​ប្រើ​ពេល​យូរ​ជាង​នេះ​ទៅទៀត​។ តាម​ការណែនាំ​របស់​លោកគ្រូពេទ្យ​ គោលការណ៍​នៃ​ការ​សម្អាត​ គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនតូច​បាន​។
ចំណុច​គួរ​ប្រយ័ត្ន​ ៖ បើ​ទងផ្ចិត​ និង​ស្រទាប់​ស្បែក​ជុំវិញ​ឡើងពណ៌​ក្រហម​ និង​មាន​ធំុ​ក្លិន​នោះ​បញ្ជាក់​ថា​ អាច​មាន​ឆ្លង​មេរោគ​ ឬបើ​សង្កេត​ឃើញ​ផ្ចិត​របស់​កូន​ឡើង​សើម​ ផ្ចិត​រលាក​ក្លាយ​ មាន​ឈាម​ចេញ​មក​តាម​ផ្ចិត​… អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។ សម្រាប់​ផ្ចិត​ប៉ោង​ ឬទុល​ឡើង​ អ្នកម្តាយ​មិន​គួរ​កង្វល់​បារម្ភ​ឡើយ​ ព្រោះ​ផ្ចិត​នឹង​រួញ​ចូល​វិញ​ដោយឯកឯង​ក្នុងអំឡុងពេល​ 2-3ខែ​ ឬមាន​ទារក​ខ្លះ​អាច​យូរ​ដល់​ 1ឆ្នាំ​ក៏​មាន​។

ស្បែក​ទារក​ក្នុង​វ័យ​ទើបនឹង​កើត​ អ្នកម្តាយ​អាច​សង្កេតឃើញ​ថា​ នៅ​លើ​ស្បែក​របស់​កូន​មាន​ស្នាម​អុច​ៗក្រ​ហមៗ​ពេញ​ខ្លួន​ ដែល​ភាគច្រើន​នឹង​រលប់​បាត់​ទៅវិញ​ដោយឯកឯង​នៅពេល​ដែល​ធំឡើង​ជា​បណ្តើរ​ៗ តែ​ស្នាម​ដែល​បង្ហាញ​ពី​ភាព​ខុសប្រក្រតី​ខ្លះ​ ដូចជា​ ស្នាម​នៅ​លើ​មុខ​ ស្នាម​នៅ​លើ​កំប៉េះគូទ​ គួរតែ​ប្រញាប់​រកមើល​មូលហេតុ​ និង​មើលថែ​ទាំ​តាម​អាការ​។
ចំណុច​គួរ​ប្រយ័ត្ន​ ៖ ភាព​ស្អាតបាត​មាន​អនាម័យ​ គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្បែក​របស់​ទារក​ ដូច្នេះ​បើ​ឃើញ​មានស្នាម​ដែល​គួរ​ឱ្យ​សង្ស័យ​ ដូចជា​ស្នាម​នៅ​លើ​គូទ​ជាដើម​ គួរតែ​សម្អាត​ ឬជូត​ឱ្យ​ស្អាត​ និង​ផ្លាស់​កន្ទប​ឱ្យ​រៀងរាល់​ពេល​បន្ទាប់ពី​ទារក​បន្ទោបង់​រួច​ និង​មិន​គួរ​ស្លៀកខោ​ទឹកនោម​គ្រប់ពេលវេលា​នោះ​ទេ​ គួរ​ស្លៀក​ក្រណាត់​កន្ទប​ផាឌិប​ ឬក៏​ឱ្យ​ស្បែក​កូន​បាន​ប៉ះ​នឹង​ខ្យល់អាកាស​ខ្លះ​ផង​៕

Advertisement