ជួយ​កូន​ឱ្យ​រៀន​យល់ដឹង​ តាមរយៈ​ការធ្វើ​កិច្ចការ​ផ្ទះ

លោកឪពុក​-អ្នកម្តាយ​ខ្លះ​អាច​នឹង​កើត​អាការ​មិន​ត្រូវ​ចិ​ត្ត​ភ្លាម​ៗតែម្ដង​ នៅពេល​ដែល​កូន​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​ហើយ​ទាក់​ ឬរអាក់រអួល​ក្នុង​ចំណុច​ដែល​ខ្លួន​គិតថា​ “ងាយ​” ឬជួនកាល​កូន​ធ្វើខុស​ដោយសារតែ​គេ​មិនទាន់​បាន​សង្កេតឃើញ​ចំណុច​អ្វី​ម្យ៉ាង​នោះ​ ឪពុកម្ដាយ​ក៏​ស្រាប់តែ​បញ្ចេញ​អាការ​ខឹង​ដាច់​ក្បាល​ ដាច់​កន្ទុយ​ ធ្វើ​ហាក់​ដូច​ជា​អ្វី​ៗលែង​អាច​កែខៃ​បាន​អុីចឹង​។ បណ្ដាល​ឱ្យ​បរិយាកាស​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន​ ប្រែ​ទៅជា​ស្រងូត​ស្រងាត់​ដូចគ្នានឹង​បេះដូង​របស់​កូន​ដែល​ត្រូវ​ស្វិត​ទ្រោម​អស់​ដែរ​។

បើ​មិន​ចង់ឱ្យ​អំឡុង​ពេល​នៃ​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ក្លាយជា​អំឡុង​ពេល​ដ៏​អាក្រក់​សម្រាប់​ទាំង​ខ្លួន​អ្នក​ និង​កូនសម្លាញ់​របស់​អ្នកនោះ​ពេលនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន មាន​អត្ត​បទ​ស្រាវជ្រាវ​វិភាគ​មួយ​ដែល​នឹង​ណែនាំ​អំពី​វិធី​ធ្វើ​ឱ្យ​ម៉ោង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន​ក្លាយជា​ម៉ោង​នៃ​ការ​រៀន​យល់ដឹង​ដ៏​ល្អ​មក​ជម្រាប​ជូន​ ព្រោះ​អ្នកវិភាគ​ស្រាវជ្រាវ​បាន​រក​ឃើញថា​ ការដែល​ឪពុក​ម្តាយ​ “សម្លឹង​មើល​អ្វី​ជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​ ចិត្ត​ត្រ​ជា​ក់ៗ​ ផ្តល់​នូវ​ការ​គាំទ្រ​ និង​ផ្តល់​នូវ​តម្លៃ​ចំពោះ​ការ​រៀន​យល់ដឹង​” នោះ​វា​នឹង​ក្លាយទៅជា​ជំនួយ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​កុមារ​ “បាន​រៀន​ចេះដឹង​” យ៉ាង​ពិ​តៗ​ពី​ទម្រង់​ហ្វឹកហាត់​ទាំងអស់​នោះ​។
ផ្ទុយទៅវិញ​ ការដែល​ឪពុក​ម្តាយ​សម្លឹងឃើញ​កិច្ចការ​ផ្ទះ​របស់​កូន​គ្រាន់តែ​ជា​អ្វីមួយ​ដែល​ត្រូវ​ធ្វើ​ឱ្យ​តែ​រួច​ៗពី​ដៃ​ ឬក៏​ដាច់ខាត​ត្រូវតែ​ធ្វើ​ចេញ​មក​ឱ្យ​បាន​ល្អ​ស្អាត​ជ្រុល​ពេក​ លើស​សមត្ថភាព​របស់​ក្មេង​(ដោយ​ការ​បញ្ជា​ឱ្យ​សរ​សេ​តាម​ ឬឪពុក​ម្តាយ​ធ្វើ​ជំនួស​) ដើម្បី​ឱ្យ​បាន​ពិន្ទុ​ល្អ​ៗពី​លោកគ្រូ​នោះ​ ទាំងអស់​នេះ​គឺជា​ការ​ទាញ​កូន​ឱ្យ​ធ្លាក់​ក្នុងរង្វង់​នៃ​ការរៀនសូត្រ​ដែល​មិន​ត្រឹមត្រូវ​ទៅវិញ​ទេ​។
ការវិភាគ​ស្រាវជ្រាវ​មួយ​នេះ​បាន​សិក្សា​ពី​ការប្រព្រឹត្ត​របស់​កុមារ​ថ្នាក់​បឋម​ទី4​ ហើយនិង​អាណាព្យាបាល​ចំនួន135នាក់​ដោយ​អ្នកស្រាវជ្រាវ​មក​ពី​មហាវិទ្យាល័យ​ Bengurion​ ប្រទេស​ អុី​ស្រា​អែល​ ដែល​លោក​វេជ្ជបណ្ឌិត​ Idit​ Kartz​ ជា​ម្ចាស់​នៃ​ការងារ​វិភាគ​ស្រាវជ្រាវ​នេះ​បាន​រៀបរាប់​ថា​ ៖
“ឪពុក​ម្តាយ​អាចប​ង្កើត​ទំនោរ​ចិត្ត​ដល់​កូន​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​បាន​ដោយ​ការយល់ព្រម​ឱ្យ​កូន​ៗធ្វើ​កិច្ចការ​ផ្ទះ​ដោយខ្លួនឯង​ មិន​ចូល​ទៅ​លូកលាន់​ជ្រុល​ហួសពេក​ រួម​ទាំង​មើល​រំលង​ការខុសឆ្គង​បន្តិចបន្តួច​របស់​កូន​ខ្លះ​ផង​ បើ​វា​ជា​ការ​ធ្វើ​ឱ្យ​កុមារ​សប្បាយរីករាយ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​គេ​នោះ​។
ក្រៅពីនោះ​ ការរៀបចំ​បរិយាកាស​ខាងក្នុង​ផ្ទះ​ឱ្យ​មាន​ភាព​ទាក់ទាញ​ដល់​ការ​ចង់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កុមារ​ គឺជា​រឿង​ល្អ​ប្រសើរ​មួយ​ ព្រោះ​បើ​បរិយាកាស​ល្អ​ មាន​ឧបករណ៍​សម្រាប់​រៀន​គ្រប់គ្រាន់​ កុមារ​នឹង​មាន​អារម្មណ៍​ថា​ មានចិត្តចង់​រៀន​ ចង់​ធ្វើជា​មិនខាន​៕

Advertisement