បង្ហាត់ជំនាញ ចាំបាច់ខ្លះដល់កូន មុនចូលរៀន…

បន្ទាប់ពី​កូនតូច​បាន​រៀន​យល់​ដឹង​ខ្លះ​ៗជាបន្តបន្ទាប់​ក្នុងអំឡុងពេល1ឆ្នាំ​ដំបូង​ហើយ​ ពេល​ឆ្លង​ចូល​ដល់​ឆ្នាំទី2​-3 យើង​អាច​និយាយ​បាន​ថា​ ជា​អំឡុង​ពេល​នៃ​ការ​សន្សំ​ចំណេះ​-ដឹង​ផ្សេង​ៗ និង​រំលាយ​ចំណេះដឹង​ទាំងនោះ​ឱ្យ​ចូល​ជាមួយ​នឹង​សមត្ថភាព​របស់​កុមារ​ និង​បង្ក​ឱ្យ​កើតជា​ជំ​នាញ​ផ្សេង​ៗដែល​ចាំបាច់​ត្រូវ​ប្រើ​ពេល​ចូល​សាលារៀន​លើកដំបូង​បំផុត​ក្នុង​ជីវិត​របស់​គេ​។

នៅក្នុង​វ័យ​នេះ​ គឺជា​អំឡុង​ពេល​មួយ​សំខាន់ណាស់​ដែល​អ្នកម្តាយ​ត្រូវ​បង្ហាត់បង្រៀន​រឿង​ជាច្រើន​ដល់​កូន​ ជាពិសេស​បំផុត​ជំ​នាញ​ផ្សេង​ៗដែល​ត្រូវ​ប្រើ​ពេល​នៅក្នុង​សាលា​… តើមាន​អ្វីខ្លះ​នោះ​? សូម​តាមដាន​ដូចតទៅ​ ៖
– ការចែក​រំលែក​ : ដើម្បី​ឱ្យ​កូន​បាន​ស្គាល់​ពី​ភាព​មាន​ទឹកចិត្ត​ និង​ចេះ​ចែករំលែក​ការ​លេង​ជាមួយ​មិត្តភក្តិ​យ៉ាង​មាន​សេចក្តី​សុខ​ និង​ប្រកបដោយ​សុវត្ថិភាព​។
– ការ​ចេះ​ជួយ​ខ្លួនឯង​ : ដូចជា​ការ​ចេះ​ស្លៀកពាក់​ខោអាវ​ ពាក់​ស្រោមជើង​ ពាក់​ស្បែកជើង​ដោយខ្លួនឯង​ ជាដើម​។
– ការ​ធ្វើ​បាន​តាម​បញ្ជា​ស្រួល​ៗរបស់​អ្នកគ្រូ​ : ដូចជា​យក​សៀវភៅ​ទៅ​ដាក់លើ​តុ​ ប្រមូល​សៀវភៅ​ដាក់​ចូល​កាបូប​-ល-។
– ការហាត់​ឆ្លើយតប​ : ពេល​មាន​សិស្ស​ដទៃ​មក​និយាយ​ជាមួយ​។
– បង្ហាត់​ឱ្យ​ចេះ​ស្តាប់​គ្រូ​ និង​ឆ្លើយតប​។
– អាច​នៅជា​មួយ​សាច់ញាតិ​ ឬអ្នកមើល​ថែ​បាន​ដោយ​មិន​ស្រែកយំ​ ក្នុងអំឡុងពេល​ដែល​ម្តាយ​មិន​នៅ​។
– ចេះ​ថែទាំ​ និង​សម្អាត​រាងកាយ​បាន​ដោយខ្លួនឯង​។
– ចេះ​ប្រាប់​ ពេល​ចង់​ចូលបន្ទប់​ទឹក​ ឬចង់​បត់ជើងធំ​។
– ចេះ​ប្រាប់​ឈ្មោះ​ពិត​ និង​ឈ្មោះ​លេង​របស់​ខ្លួនឯង​បាន​ រួម​ទាំង​ស្គាល់ឈ្មោះ​របស់​ឪពុក​ម្តាយ​ទៀតផង​។
– អាច​អង្គុយ​ធ្វើ​កិច្ចការ​របស់​សាលា​យ៉ាង​ស្ងាត់ស្ងៀម​បាន​ច្រើន​នាទី​។

ជំនាញ​ទាំងអស់​ខាងលើ​នេះ​ គឺជា​អ្វី​ដែល​អ្នកម្តាយ​ត្រូវ​បង្ហាត់​ឱ្យ​កូន​ចេះ​ និង​ដឹង​តាំងពី​ពេល​នៅផ្ទះ​ឱ្យ​ហើយ​ជាស្រេច​ ដោយ​ត្រូវ​ចាប់ផ្តើម​បង្ហាត់​ម្តង​បន្តិច​ៗ ប្រមាណ​ជា​ 3-4 ខែមុន​ពេល​ដែល​កូន​ត្រូវ​ចូល​សាលារៀន​លើកដំបូង​ ដើម្បី​ពេល​ដល់​ថ្ងៃ​កូន​ចូលរៀន​មែនទែន​ កូន​នឹង​បាន​ដើរចូល​សាលា​យ៉ាង​ពើងទ្រូង​ និង​ជឿជាក់​លើ​ខ្លួនឯង​យ៉ាង​ខ្លាំង​ថា​ ច្បាស់ជា​គ្មាន​បញ្ហា​អ្វី​ទាំងអស់​ ហើយ​អ្នកម្ដាយ​ខ្លួនឯង​ក៏​សប្បាយចិត្ត​ និង​មិន​មានការ​បារម្ភ​៕

Advertisement