តើ​សារ​ធាតុដែក សំខាន់​ចំពោះស្ត្រី​មានគភ៌​យ៉ាងណាខ្លះ?

សារធាតុ​ដែក​ អាច​និយាយ​បាន​ថា​ ជា​សារធាតុ​សំខាន់​មួយទៀត​ដែល​ចាំបាច់​ណាស់​សម្រាប់​ស្ត្រី​មានគភ៌​ទាំងឡាយ​ព្រោះ​ក្រៅតែ​ពី​ជួយ​ឱ្យ​ទារក​នៅក្នុង​ផ្ទៃ​មាន​រាងកាយ​រឹងប៉ឹង​មាំមួន​ ជួយ​បង្កើន​គ្រាប់​ឈាម​ និង​ខួរក្បាល​ហើយ​នោះ​ នៅ​បាន​ជួយ​ឱ្យ​អ្នកមាន​ផ្ទៃពោះ​មិន​ងាយ​នឹង​កើត​អាការ​ងងឹតមុខ​ ឬខ្យល់គ​ដួល​បាន​ទៀតផង​។

ក្រៅពី​នៅក្នុង​សភាវ​ប្រក្រតី​ដែល​មនុស្សយើង​ត្រូវការ​សារធាតុ​ដែក​ ដើម្បី​បង្កើន​គ្រាប់​ឈាម​ដល់​រាងកាយ​របស់​ខ្លួន​ហើយ​នោះ​ នៅក្នុង​អំឡុង​ពេល​មានគភ៌​ ក៏​រឹតតែ​ជា​អំឡុង​ពេល​មួយ​ដែល​ចាំបាច់​ត្រូវតែ​បាន​ទទួល​សារធាតុ​ដែក​ក្នុង​បរិមាណ​ដែល​ច្រើនជាង​មុន​ផង​ដែរ​ ព្រោះ​បើ​ខ្វះ​សារធាតុ​ដែក​នោះ​ ក្រៅពី​អ្នកម្តាយ​នឹង​កើត​សភាវ​ឈាម​ស្លេក​(រាងកាយ​ស្លេកស្លាំង​)ហើយ​នៅ​មានផល​ប៉ះពាល់​ដល់​កម្មវិធី​សាង​អវយវៈ​ផ្សេង​ៗ និង​ការ​រីកចម្រើន​ធំធាត់​ទាំង​ខាង​រាងកាយ​ និង​ខួរក្បាល​របស់​ទារក​នៅក្នុង​ផ្ទៃ​ម្ដាយ​ទៀតផង​។
ជាប្រក្រតី​ នៅពេល​ទៅ​ពិនិត្យ​គភ៌​ លោកគ្រូពេទ្យ​នឹង​ធ្វើការ​ជួស​ឈាម​ ដើម្បី​ពិនិត្យមើល​ថា​ តើ​រាងកាយ​ និង​សុខភាព​របស់​អ្នកមាន​ផ្ទៃពោះ​នោះ​មាន​ភាព​រឹងប៉ឹង​មាំមួន​ដែរ​ឬទេ​? មាន​កំហាប់​របស់​ឈាម​ខ្លាំង​ ឬតិច​ប៉ុនណា​? បើ​គ្រូពេទ្យ​រក​ឃើញថា​ អ្នកមាន​ផ្ទៃពោះ​មាន​សភាវ​លោហិត​ស្លេក​ ឬមាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​សភាវ​លោហិត​ស្លេក​នេះ​ លោកគ្រូពេទ្យ​អាច​នឹង​ឱ្យ​វីតាមីន​មក​បំប៉ន​បន្ថែម​ ឬការពារ​ទុកជាមុន​ តែ​វា​នឹងជា​ការ​ល្អ​បំផុត​ បើ​យើង​ជ្រើសរើស​ញ៉ាំ​អាហារ​ពី​ធម្មជាតិ​ដែល​សម្បូរទៅដោយ​សារធាតុ​ដែក​នោះ​ ដោយ​ចែកចេញជា​សារធាតុ​ដែក​ដែល​រាងកាយ​អាច​បឺត​ជ្រាប​បាន​លឿន​ និង​អាចយ​កទៅ​ប្រើប្រាស់​បា​នភ្លាមៗ​ ហើយនិង​សារធាតុ​ដែល​រាងកាយ​បឺត​ជ្រាប​បាន​យឺត​។

Male doctor checking smiling pregnant woman’s blood pressure in hospital

* អាហារ​ដែល​ផ្តល់​សារធាតុ​ដែក​ប្រភេទ​ដែល​រាងកាយ​បឺត​ជ្រាប​បាន​លឿន​ មាន​ដូចជា​ អាហារ​ពពួក​សាច់សត្វ​ គ្រឿងក្នុង​ និង​អាហារ​សមុទ្រ​ដែល​ផ្តល់​នូវ​សារធាតុ​ដែក​ខ្ពស់​គឺ​ សួត​ និង​ថ្លើម​ជ្រូក​ កំពឹស​ បង្គា​ក្រៀម​ គ្រំ​កំភេម​ជាដើម​។
* អាហារ​ដែល​ផ្តល់​សារធាតុ​ដែក​ដែល​រាងកាយ​បឺត​ជ្រាប​យឺត​ ត្រូវ​អាស្រ័យ​វីតាមីនC​ ជា​ជំនួយការ​ក្នុង​ការ​បឺត​ជ្រាប​នោះ​មាន​ដូចជា​ អាហារ​ពពួក​បន្លែ​ស្លឹក​បៃតង​ និង​គ្រាប់​សណ្តែក​ផ្សេង​ៗ ស្លឹក​ជីប​ហោ​ ស្លឹក​កន្ទំ​ទេស​ និង​ធញ្ញជាតិ​ពពួក​គ្រាប់​ល្ងស​ ជាដើម​។
អ្នកម្តាយ​មានគភ៌​គ្រាន់តែ​ឧស្សាហ៍​ទទួលទាន​អាហារ​ខាងលើ​នេះ​ឱ្យ​បាន​ច្រើន​ គួបផ្សំ​នឹង​ការពិនិត្យ​រកមើល​ភាព​ខុសប្រក្រតី​នៅក្នុង​គភ៌​ឱ្យ​បាន​ជាប់​ជាប្រចាំ​ ដើម្បី​កុំឱ្យ​ខ្លួនឯង​កើត​សភាវ​លោហិត​ស្លេក​(ខ្វះឈាម​)ដែល​ហុច​ផល​ប៉ះពាល់​ដល់​កូនតូច​ជាទីស្រឡាញ់​នៅក្នុង​ផ្ទៃ​បាន​។ ចំពោះ​អ្នកមាន​គភ៌​ណា​ដែល​នៅ​មិនទាន់​បាន​ធ្វើការ​ពិនិត្យ​ឈាម​ អាច​សាកល្បង​សង្កេតមើល​ដោយខ្លួនឯង​ក៏បាន​ថា​ តើ​ខ្លួនឯង​ស្ថិត​ក្នុង​សភាវ​លោហិត​ស្លេក​ ឬកំពុង​មាន​ភាព​ប្រថុយ​នឹង​ការ​កើត​សភាវ​លោហិត​ស្លេក​ ឬក៏​អត់​? ព្រោះ​អាការ​លោហិត​ស្លេក​នេះ​តែង​បង្ហាញ​ឡើង​នៅ​លើ​រាងកាយ​ ដូចជា​ ខ្លួនប្រាណ​ឡើង​ស្លេកស្លាំង​ លឿង​ ដៃ​ស្លាំង​ បបូរមាត់​ស្លេក​ ឆាប់​វិលមុខ​ និង​ងងឹតមុខ​ ខ្យល់គ​ញឹកញាប់​ ឆាប់​ហត់​ស្ពឹក​ស្រពន់​ – ល – បើ​រក​ឃើញថា​ ខ្លួនឯង​មាន​អាការ​ដូច​ខាងដើម​នេះ​ ទោះជា​ក្នុង​ចំណុច​ណា​មួយ​ក៏ដោយ​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​ប្រញាប់​ទៅ​ជួប​លោកគ្រូពេទ្យ​ ដើម្បី​ទទួល​វីតាមីន​បំប៉ន​និង​ជួស​ឈាម​រកមើល​ភាព​ខុស​ប្រក្រតី​ផ្សេង​ៗទៀតផង​៕

Advertisement