វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

បន្ទាប់ពី​កន្លង​ផុត​វិនាទី​នៃ​ក្តី​រំភើប​សោមនស្ស​រីករាយ​ ព្រោះ​មាន​សមាជិក​ថ្មី​ដ៏​តូច​ច្រឡឹង​មួយ​រូប​កើត​ថែម​ឡើង​នៅក្នុង​គ្រួសារ​ហើយ​នោះ​ ជឿ​ថា​លោកឪពុក​អ្នកម្តាយ​ថ្មីថ្មោង​ជាច្រើន​នាក់​ច្បាស់ជា​ជួប​នូវ​បញ្ហា​ជាច្រើន​រឿង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​មិនខាន​ ជាពិសេស​រឿង​ការ​ចិញ្ចឹម​ថែទាំ​កូនតូច​ ដែល​ ឡា​រ៉ែ​នជឿ​ថា​ លោកឪពុក​អ្នកម្តាយ​ប្រហែលជា​មាន​កង្វល់​ក្នុងចិត្ត​ បើ​មិន​តិច​ ក៏​ច្រើន​ដែរ​ ព្រោះ​មិនដឹង​ថា​ ត្រូវ​ចាប់ផ្តើម​ចិញ្ចឹម​ថែទាំ​កូនសម្លាញ់​របៀបណា​ និង​យ៉ាងម៉េច​ខ្លះ​? ដូច្នេះ​ ថ្ងៃនេះ​យើង​សូម​នាំ​យក​វិធី​មើលថែ​ទាំ​កូនតូច​ទើបនឹង​កើត​យ៉ាង​ត្រឹមត្រូវ​មក​ជម្រាប​ជូន​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​លោកឪពុក​អ្នកម្តាយ​ថ្មីថ្មោង​គ្រប់គ្នា​ដូច​ខាងក្រោម​ ៖

ផ្ងូត​ទឹក​ឱ្យ​កូនតូច​ : គួរ​ងូតទឹក​ឱ្យ​កូនតូច​ក្នុង​ 1ថ្ងៃ​ 2ដង​ ព្រឹក​-ល្ងាច​ (ព្រឹក​អាច​នៅពេល​ថ្ងៃ​បន្តិច​ និង​ល្ងាច​មុន​ពេល​ព្រលប់​) ដោយ​ត្រូវ​ត្រៀម​ឧបករណ៍​សម្រាប់​ងូតទឹក​ឱ្យ​កូនតូច​ ដូចជា​ សាប៊ូ​ដុស​ខ្លួន​ សាប៊ូកក់​សក់​(សម្រាប់​ទារក​) អេ​ប៉ុង​ដុស​ខ្លួន​ កន្សែងជូតខ្លួន​ និង​ចានដែក​ងូតទឹក​ដែល​មាន​បន្ទះ​ការពារ​រអិល​។ ត្រៀម​ទឹក​នៅក្នុង​ចានដែក​ឱ្យ​មាន​សីតុណ្ហភាព​សម​ល្មម​ មិន​ត្រជាក់​ពេក​ ឬក្តៅ​ពេក​ បន្ទាប់មក​ដៃ​ម្ខាង​ក្បង់​យក​ទឹក​មក​លាប​លើ​ខ្លួន​កូន​ថ្នម​ៗ ដើម្បី​ឱ្យ​កូន​បាន​សម្រួល​ខ្លួន​ជាមុន​សិន​ រួចហើយ​ត្រូវ​កក់សក់​ឱ្យ​កូនតូច​មុនគេ​បង្អស់​។ សម្រាប់​ការ​ផ្ងូត​ទឹក​សម្អាតខ្លួន​ឱ្យ​កូនតូច​នេះ​ ចូរ​សង្កត់ធ្ងន់​លើ​ការ​សម្អាត​តាម​ចំណុច​គន្លាក់​ផ្សេង​ៗ ជាពិសេស​ គល់ភ្លៅ​ គន្លាក់​ជង្គង់​ ក្លៀក​ និង​រន្ធ​គូទ​ជាដើម​។ ចំពោះ​ការ​ផ្ងូត​ទឹក​ឱ្យ​កូនតូច​នេះ​ បើ​អ្នកម្តាយ​ថ្មីថ្មោង​ណា​មិនសូវ​ជឿជាក់​លើ​ខ្លួនឯង​នោះ​ អាច​ប្រើ​វិធី​ងូតទឹក​ដោយ​ការ​ដាក់​កូន​ឱ្យ​គេង​នៅ​លើ​ក្រណាត់​កៅស៊ូ​ ហើយ​យក​អេ​ប៉ុង​សើម​ៗមក​ជូត​សម្អាតខ្លួន​កូនតូច​ក៏បាន​ដែរ​។

ជូត​សម្អាត​យ៉ាង​ថ្នម​ៗ និង​ទន់ភ្លន់​ : គឺជា​រឿង​ដែល​អ្នកម្តាយ​ត្រូវ​យកចិត្ត​ទុកដាក់​ និង​មើលថែ​យ៉ាង​ហ្មត់ចត់​ ជាពិសេស​ការ​លាង​ និង​ជូត​សម្អាត​ម្តុំ​រន្ធ​ផ្ចិត​ និង​អវយវ:ភេទ​ដែល​ច្រើន​កើតមាន​ភាព​សើម​អាប់​ ដូច្នេះ​គួរ​ធ្វើការ​ជូត​សម្អាត​ដោយ​អាល់កុល​ 70​% រៀងរាល់​លើកក្រោយ​ពេល​ផ្ងូត​ទឹក​រួច​ រហូត​ទាល់តែ​គល់​ផ្ចិត​ជ្រុះ​ និង​រន្ធ​ផ្ចិត​ឡើង​ស្ងួត​។ ហាម​ប្រើ​ម្សៅ​រោយ​ពីលើ​ផ្ចិត​ទារក​ជាដាច់ខាត​ ព្រោះ​អាច​ធ្វើ​ឱ្យ​កើត​ការ​ឆ្លង​មេរោគ​បាន​ ចំណែក​អវយវ:ភេទ​ និង​គូទ​ក៏​មិន​គួរ​មើល​រំលង​ដែរ​ នៅពេល​កូនតូច​បន្ទោបង់​រួចហើយ​ត្រូវ​ប្រញាប់​ជូត​សម្អាត​ភ្លាម​ ដោយ​ប្រើ​សំឡី​ជ្រលក់​ទឹក​ជូត​ស្នាម​លាមក​ និង​ទឹក​មូត្រ​ដែល​ប្រឡាក់​លើ​ខ្លួន​កូន​ចេញ​យ៉ាង​ថ្នមដៃ​ ដោយ​ជូត​ពី​ខាងមុខ​ទៅ​ខាងក្រោយ​ ហើយ​យក​កន្សែងពោះគោ​ជូត​ផ្ដិត​ឱ្យ​ស្ងួត​ល្អ​ បន្ទាប់ពី​នោះ​មក​ទើប​ស្លៀក​ក្រណាត់​កន្ទប​ ឬខោ​ទឹកនោម​ឱ្យ​។

ខោអាវ​របស់​កូនតូច​ : គួរ​ជា​ឈុត​ដែល​ធ្វើ​ពី​ក្រណាត់​កូ​តុង​កប្បាស​ សាច់​ទន់​ ខ្យល់​ចេញ​-ចូល​បាន​ស្រួល​ មិន​ហប់​ក្ដៅ​អាច​ជា​អាវដៃវែង​ ឬដៃខ្លី​បែប​មាន​ខ្សែចង​ខាងមុខ​ ឬខាងក្រោយ​។ ចំណែក​ខោ​វិញ​ គួរ​ប្រើ​បែប​មាន​ខ្សែ​យឺត​ធូរ​ៗ ឬចងខ្សែ​ ដើម្បី​ឱ្យ​ងាយស្រួល​ស្លៀក​ និង​ដោះ​-ចេញ​។ បើ​ក្នុង​រដូវរងា​ ចូរ​ជ្រើស​យក​ឈុត​ណា​ដែល​រាង​ក្រាស់​បន្តិច​ ដើម្បី​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់​រាងកាយ​កូនតូច​។

រៀន​សង្កេត​ពី​សំឡេង​យំ​ និង​អា​ការ​ផ្សេង​ៗរបស់​កូនតូច​ : ការ​បញ្ចេញ​សំ​ឡេង​ផ្សេង​ៗ ទាំង​ការ​ស្រែក​បែប​ប្រឹង​ស្រែកថ្ងូរ​នៅក្នុង​បំពង់ក​ ការ​ញញឹម​ រួម​ទាំង​ការ​យំ​ផង​ សុទ្ធតែ​ជា​វិធី​ដែល​ទារក​ប្រើ​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នកម្តាយ​ទាំងអស់​ថា​ នៅក្នុង​ខណ:ពេល​ហ្នឹង​កូន​ចង់​បានអ្វី​ អាច​កំពុង​ឃ្លាន​ទឹកដោះ​ មិន​សប្បាយខ្លួន​ដោយសារ​ឈឺថ្កាត់​ជាដើម​ ដូច្នេះ​លោកឪពុក​អ្នកម្តាយ​គួរតែ​ចេះ​ និង​នៅចាំ​សង្កេតមើល​កូន​តូច​ជាប់​ជាប្រចាំ​ថា​ អាការ​ទាំងអស់​នេះ​ តើ​កូន​ចង់​ប្រាប់​ពី​អ្វី​ឱ្យ​យើង​ដឹង​?។

ទឹកដោះម្តាយ​សំខាន់​បំផុត​ : ដូច​បានដឹង​ច្បាស់​គ្រប់គ្នា​ហើយ​ថា​ ទឹកដោះម្តាយ​ គឺជា​ប្រភព​នៃ​សារជាតិ​អា​ហារ​ចម្បង​ៗរបស់​ទារក​ពេញ​រយ:ពេល​ 1ឆ្នាំ​ដំបូង​ ព្រោះ​សារជាតិ​អាហារ​ដែល​មាននៅ​ក្នុងទឹក​ដោះ​ គឺជា​វត្ថុ​ចាំបាច់​ ជា​ភោជនាហារ​ដែល​ល្អ​ចំពោះ​សុខភាព​របស់​ទារក​ ហុច​ផល​ដល់​ការ​ធំធាត់​ និង​ការ​វិវឌ្ឍ​របស់​កូនតូច​ខ្លាំង​ណាស់​ ជាពិសេស​ទារក​ដែល​អាយុ​បាន​ 6សប្តាហ៍​ នឹង​ចាប់ផ្តើម​រីកចម្រើន​ធំធាត់​យ៉ាង​ឆាប់រហ័ស​ ដែល​អាច​ធ្វើ​ឱ្យ​កូនតូច​ឆាប់​ឃ្លាន​ញឹកញាប់​ជាង​មុន​ ដូច្នេះ​អ្នកម្តាយ​ក៏​គួរតែ​ឱ្យ​កូន​សម្លាញ់​បាន​មឹម​ដោះ​ឱ្យ​បាន​ច្រើនជាង​មុន​ដែរ​។

ភ្ជាប់​សម្ពន្ធ​នៃ​ក្តី​ស្រឡាញ់​ឱ្យ​ជិតស្និទ្ធ​ : ព្រោះ​តែ​ការ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​កក់ក្តៅ​ និង​បាន​ទទួល​នូវ​ក្តី​ស្រឡាញ់​ គឺជា​ការ​ជួយ​ភ្ជាប់​សម្ពន្ធ​រវាង​ម្តាយ​ និង​កូន​ឱ្យ​កាន់តែ​កើន​ច្រើនឡើង​ មិនថា​តែ​ការ​កម្រើក​ដៃ​ជើង​របស់​កូន​ថ្នម​ៗ ធ្វើ​ម៉ាស្សា​ឱ្យ​ស្រាល​ៗ រួម​ទាំង​ការ​បី​ឱប​កូន​ពេល​បំបៅ​ដោះ​ ឬពេល​បី​បំពេកូន​ គឺ​សុទ្ធតែ​ជា​ការ​ចងភ្ជាប់​សម្ពន្ធភាព​ឱ្យ​បានកូន​ញញឹម​ និង​មាន​សេចក្តី​សុខ​។
ទោះជា​នៅក្នុង​រយ:ដំ​បូងៗ​ លោកឪពុក​អ្នកម្តាយ​អាច​នឹង​ត្រូវ​សម្របសម្រួល​ខ្លួន​ រៀន​យល់​ដឹង​ និង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​មើលថែ​ទាំ​កូនតូច​ខ្លាំង​ និង​ច្រើន​ជាពិសេស​ រហូតដល់​នឿយហត់​ ធុញថប់​ និង​គ្មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់​ក្ដី​ តែ​ការប្រែប្រួល​របស់​កូន​ដែល​រីកចម្រើន​ធំធាត់​ឡើង​បណ្តើរ​ៗជា​រៀងរាល់ថ្ងៃ​ រួម​ទាំង​ស្នាម​ញញឹម​តូច​ៗដែល​បង្ហាញ​ឡើង​នៅ​លើ​ផ្ទៃមុខ​របស់​កូនសម្លាញ់​នោះ​ សូម​ជឿ​ចុះ​ថា​ វា​ នឹង​ជួយ​លុបបំបាត់​ភាព​នឿយហត់​ទាំងឡាយ​ និង​បន្ថែម​នូវ​សេចក្តី​សុខ​ដល់​ក្រុម​គ្រួសារ​របស់​លោកអ្នក​ជាមិនខាន​៕

Advertisement