ចំណុច​ល្អ 10យ៉ាង​ នៃ​ការចិញ្ចឹម​កូន​ដោយ​ ទឹកដោះ​ម្ដាយ ដែល​ស្ត្រី​មានគភ៌​ដំបូង​គួរតែ​ដឹង

ទឹកដោះ​ម្ដាយ​ គឺជា​អាហារ​ដែល​មានគុណ​ប្រយោជន៍​ខ្ពស់​បំផុត​សម្រាប់​កូន​របស់​យើង​។ ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​នឹង​ជួយ​បំពេញបន្ថែម​តម្រូវការ​របស់​កូន​បាន​ មិនថា​តែ​រឿង​សារ​ធាតុ​អាហារ​ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ ចំណង​សម្ពន្ធភាព​រវាង​ម្ដាយ​ និង​កូន​ប៉ុណ្ណោះទេ​ តែ​ចំណុច​ល្អ​របស់​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​នៅ​មាន​ច្រើន​ចំណុច​ទៀត​ ដែល​ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​លើកយក​ចំណុច​ល្អ​ 10យ៉ាង​មក​ជម្រាប​អ្នកម្ដាយ​ដែល​កំពុង​ចិញ្ចឹម​កូនតូច​ទាំងអស់​ដូច​ខាងក្រោម​នេះ​។

ចំណុច​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​

1. ទឹកដោះ​ម្ដាយ​ជា​សារធាតុ​អាហារ​ដែល​មក​ពី​ធម្មជាតិ​
មាន​សុវត្ថិភាព​ចំពោះ​កូន​របស់​យើង​ខ្លាំង​បំផុត​ ចង់​ញ៉ាំ​អ្វី​ដែល​មាន​សុវត្ថិភាព​ និង​បាន​ទទួល​សារធាតុ​អាហារ​ដែល​រាងកាយ​ត្រូវការ​ស្មើនឹង​ទឹកដោះ​ម្ដាយ​ គ្មាន​ទៀត​ឡើយ​ តឱ្យ​តិច​ណូ​ឡូ​ជី​របស់​មនុស្ស​ចង់​ឈានទៅមុខ​ឆ្ងាយ​ប៉ុនណា​ ដែល​អាច​ផលិត​ទឹកដោះ​ច្នៃប្រឌិត​ល្អ​ប៉ុនណា​ ក៏​មិន​អាច​ប្រៀបប្រដូច​ស្មើនឹង​ទឹកដោះ​ម្ដាយ​បាន​ដែរ​នៅក្នុង​ពិភពលោក​នេះ​។

2. កុមារ​ដែល​ធំធាត់​ឡើង​ពី​ការ​បៅ​ទឹកដោះ​ម្ដាយ​ នឹង​រឹងមាំ​ជាង​កុមារ​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​
ព្រោះ​នៅក្នុង​ទឹកដោះ​ម្ដាយ​គ្រប់​ដំណក់​ ត្រូវ​បាន​ចម្រាញ់​មក​ពី​ខាងក្នុង​រាងកាយ​របស់​ម្ដាយ​ខ្លួនឯង​។ ប្រព័ន្ធ​ប្រឆាំង​ជំ​ងឺ​ផ្សេង​ៗក្នុង​ខ្លួន​របស់​ម្ដាយ​ នឹង​ត្រូវ​បញ្ជូន​បន្ត​តាមរយៈ​ទឹកដោះ​ ពេល​កូន​បាន​បៅ​ទឹកដោះ​ម្ដាយ​ ក៏​នឹង​បាន​ទទួ​លប្រ​ព័ន្ធ​ប្រឆាំង​ជំងឺ​ផ្សេង​ទាំងនោះ​ដែរ​ ដែល​ទឹកដោះ​គោ​ម្សៅ​ ឬទឹកដោះ​ច្នៃប្រឌិត​ដទៃទៀត​គ្មាន​ដូច​។

3. គ្មាន​បញ្ហា​រឿង​ទល់លាមក​
ព្រោះ​ទឹកដោះ​ម្ដាយ​ហ្នឹង​ងាយ​រំលាយ​ ធ្វើ​ឱ្យ​កូន​មិនបាច់​លំបាក​ទ្រាំទ្រ​នឹង​អាការ​ទល់លាមក​ តែបើ​កូន​របស់​យើង​បៅ​ទឹក​ដោះ​គោ​ ឬទឹកដោះ​ប្រភេទ​ផ្សេងទៀត​ អាច​នឹង​ជួប​បញ្ហា​ទល់លាមក​ច្រើនជាង​។

4. គ្មាន​បញ្ហា​រឿង​កូន​ធាត់​ជ្រុល​
ធ្លាប់​ឃើញ​ទារក​ធា​ត់​ម៉ា​ប់ៗ​គួរ​ឱ្យ​ស្រ​ឡាញ់​ណាស់​មែនទេ​? តែ​ញឹកញាប់​ណាស់​ដែល​ទារក​ទើប​កើត​ដំបូង​ដែល​យើង​ឃើញ​ធា​ត់​ម៉ា​ប់ៗ​គួរ​ឱ្យ​ស្រឡាញ់​នោះ​ក៏​មាន​ទម្ងន់​ខ្លួន​លើសកម្រិត​ដែរ​។ មូលហេតុ​ គឺ​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ ឬទឹកដោះ​ច្នៃប្រឌិត​ប្រភេទ​ផ្សេង​ៗ ក្នុង​ខណៈ​ដែល​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​វិញ​ កូន​របស់​យើង​នឹង​គ្មាន​បញ្ហា​រឿង​ទម្ងន់​ខ្លួន​កើនឡើង​ជ្រុល​ឡើយ​។ ទម្ងន់​ខ្លួន​របស់​កូន​នឹង​កើន​ទៅតាម​កម្រិ​តស្ដ​ង់​ដារ​របស់​ទារក​ក្នុង​វ័យ​នី​មួយ​ៗបែប​ធម្មជាតិ​។

5. ឱកាស​កើត​កន្ទួល​រមាស់​លើ​ក្រណាត់​កន្ទប​មាន​តិច​ជាង​
ក្រណាត់​កន្ទប​កើតមាន​ភាព​សើម​អាប់​ និង​កើត​ប្រតិកម្ម​របស់​មេរោគ​បាក់តេរី​ ក្នុងករណី​ដែល​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ លាមក​របស់​កូន​នឹង​មាន​មេរោគ​បាក់តេរី​ច្រើនជាង​ ពេល​មក​រួម​ជាមួយ​ភាព​សើម​អាប់​(តាមរយៈ​ការ​ស្លៀក​ក្រណាត់​កន្ទប​) ស្បែក​របស់​កូន​នឹង​កើត​មាន​អាការ​កន្ទួល​ក្រ​ហមៗ​ តែបើ​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ លាមក​របស់​កូន​នឹង​មាន​មេរោគ​បាក់តេរី​តិច​ជាង​ខ្លាំង​ណាស់​។ ឱកាស​ដែល​កូន​នឹង​ត្រូវ​លំបាក​ជាមួយ​អាការ​កន្ទួល​រមាស់​នោះ​ ក៏​នឹង​ថយ​ចុះ​ដែរ​។

6. ភ្ជាប់​ចំណង​សម្ពន្ធ​រវាង​ម្ដាយ​ និង​កូន​
ការ​ឱ្យ​កូន​បាន​បៅ​ទឹកដោះ​ពី​ទ្រូង​ម្ដាយ​ ជា​អារម្មណ៍​ដែល​ពិបាក​នឹង​បរិយាយ​ណាស់​ មានតែ​ម្ដាយ​ដែល​ធ្លាប់​ឱ្យ​កូន​បៅ​ទឹក​ដោះ​ពី​ទ្រូង​ខ្លួនឯង​ប៉ុណ្ណោះ​ទើប​អធិប្បាយ​ពី​អារម្មណ៍​ និង​សេចក្ដីសុខ​ក្នុងចិត្ត​ដែល​កើតឡើង​ក្នុង​ខ្លួន​របស់​ម្ដាយ​ម្នាក់​នោះ​បាន​ដោយខ្លួនឯង​។ ក្រៅពីនោះ​ គ្រប់ពេល​ដែល​កូន​បៅ​ទឹកដោះ​ម្ដាយ​ពី​ទ្រូង​ម្ដាយ​ កូន​នឹង​សម្លឹង​មើល​មុខ​ម្ដាយ​របស់​ខ្លួន​ ដែល​អំឡុង​ពេល​បំបៅ​ដោះ​កូន​នោះ​ គឺជា​អំឡុង​ពេល​ដ៏​មានគុណ​តម្លៃ​បំផុត​ ព្រោះ​ម្ដាយ​កូន​នឹង​បាន​មើល​មុខ​គ្នា​ បាន​និយាយ​គ្នា​ បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ ធ្វើ​ឱ្យ​កូនតូច​អាច​ដឹង​បាន​ថា​ ម្ដាយ​របស់​គេ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុនណា​។ ក្រៅពីនោះ​ ការដែល​កូន​បៅ​ទឹកដោះ​ចេញពី​ទ្រូង​របស់​ម្ដាយ​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​កូន​ចងចាំ​ក្លិន​ សំឡេង​ មុខមាត់​ និង​ការ​ប៉ះពាល់​ផ្សេង​ៗរបស់​ម្ដាយ​បាន​លឿន​ជាង​ក្មេង​ដែល​បៅ​ទឹកដោះ​ពី​ដប​ទឹកដោះ​។

7. រាងកាយ​របស់​ម្ដាយ​នឹង​ឆាប់​ស្គម​ឡើងវិញ​
ក្រោយពី​ឆ្លងទន្លេ​រួច​ រាងកាយ​របស់​អ្នកម្ដាយ​ ទោះជា​ទម្ងន់​ខ្លួន​ស្រក​ចុះ​ខ្លះ​មែន​ តែ​ប្រព័ន្ធ​ខាងក្នុង​ រួម​ទាំង​ស្បូន​ផង​អាច​នឹង​មិនទាន់​ស្រួលបួល​ឡើងវិញ​នៅឡើយ​ ការ​ចិញ្ចឹម​កូន​ដោយ​ឱ្យ​កូន​បៅ​ទឹកដោះ​ចេញពី​ទ្រូង​ម្ដាយ​ នឹង​ជួយ​ជំរុញ​រាងកាយ​របស់​ម្ដាយ​ឱ្យ​បញ្ចេញ​អ័រម៉ូន1ប្រភេទ​ (ដែល​នឹង​ចេញ​មក​ចំពោះតែ​ពេល​ដែល​ឱ្យ​កូន​បៅដោះ​ប៉ុណ្ណោះ​) ដោយ​អ័ម៉ូ​នប្រភេទ​នេះ​ នឹង​ជួយ​ឱ្យ​ស្បូន​បង្រួញ​ខ្លួន​ស្រួលបួល​វិញ​បាន​យ៉ាង​ឆាប់រហ័ស​។ ក្រៅពីនោះ​ ការដែល​រាងកាយ​អ្នកម្ដាយ​ត្រូវ​ផលិត​ទឹកដោះ​ វា​នឹង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ផ្សេង​ៗនៅ​តាម​ក្បាលពោះ​ចេញ​អស់​ផង​ដែរ​ ធ្វើ​ឱ្យ​រូបរាង​របស់​អ្នកម្ដាយ​ទើប​ប្រសូត​បុត្រ​រួច​ ត្រឡប់​មក​ស្គម​ស្វែ​លបាន​ឆាប់រហ័ស​ជាង​អ្នកម្ដាយ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​។ ជាមធ្យម​ទៅ​ ការដែល​ចិញ្ចឹម​កូន​ដោយខ្លួនឯង​ ឱ្យ​កូន​បៅ​ទឹកដោះ​ពី​ទ្រូង​ម្ដាយ​ ទម្ងន់​ខ្លួន​របស់​ម្ដាយ​នឹង​ថយ​ចុះ​ជាមធ្យម​ 1ខែ​ពី​ 1-2គីឡូក្រាម​ ដូច្នេះ​បើ​យើង​ឱ្យ​កូន​បៅ​ទឹក​ដោះ​ម្ដាយ​ពេញ​មួយរយៈពេល​ 6ខែ​ដំបូង​ក្រោយ​ពេល​ប្រសូត​ ទម្ងន់​ខ្លួន​ និង​រូបរាង​របស់​អ្នកម្ដាយ​ នឹង​ល្អ​ឡើងវិញ​ និង​សឹងតែ​ជិត​ដូច​ប្រក្រតី​វិញ​។

8. ជា​អាហារ​ដែល​ងាយស្រួល​បំផុត​សម្រាប់​កូន​ពេញ​ 24ម៉ោង​
ទឹកដោះ​ម្ដាយ​ ជា​ប្រភព​បង្កើន​ថាមពល​របស់​កូនតូច​របស់​យើង​ដែល​អាច​ឱ្យ​កូន​បៅ​បាន​ពេញ​ 24ម៉ោង​។ ពេលណា​កូន​ឃ្លាន​ យើង​ក៏អាច​ឱ្យ​កូន​បៅ​ទឹកដោះ​ពីដើម​ទ្រូង​របស់​យើង​បាន​ភ្លាម​តែម្ដង​ មិន​ចាំបាច់​ដាក់​ដប​ទឹកដោះគោ​តាម​ខ្លួន​ មិនបាច់​មាន​ទឹក​ក្ដៅ​ ឬម្សៅ​ទឹកដោះគោ​-ល-នាំ​ឱ្យ​ពិបាក​ឡើយ​ ងាយស្រួល​ និង​ឆាប់រហ័ស​ទាន់ចិត្ត​កូន​ជាទីបំផុត​។

9. ជា​ទឹកដោះ​ក្ដៅ​ឧណ្ហ​ៗ អាច​បៅ​បាន​ភ្លាម​ជាប់​ជានិច្ច​ពី​ទ្រូង​ម្ដាយ​
គុណសម្បត្តិ​ពិសេស​ដែល​រក​ទឹកដោះ​ណា​ផ្សេងទៀត​ក្នុង​ពិភពលោក​នេះ​មក​ធៀប​មិនបាន​នោះ​គឺ​ ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ហ្នឹងឯង​។ ម្ដាយ​មិន​ចាំបាច់​កង្វល់​ថា​ ទឹក​ដោះខ្លួន​ឯង​ហ្នឹង​នឹង​ក្ដៅ​ខ្លាំងពេក​ ឬត្រជាក់​ជ្រុល​ពេក​សម្រាប់​កូន​ឡើយ​ ព្រោះ​ទឹកដោះ​ម្ដាយ​ដែល​ចេញ​មក​ពីដើម​ទ្រូង​ម្ដាយ​នេះ​ នឹង​មាន​សីតុណ្ហ​ភាព​ដែល​ល្មម​សមរម្យ​ចំពោះ​កូន​របស់​យើង​ភ្លាម​តែម្ដង​ តែបើ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ យើង​ត្រូវ​ពិនិត្យមើល​ជាមុន​សិន​ជានិច្ច​ថា​ ទឹក​ដោះ​ដែល​លាយ​ហើយ​នោះ​ វា​នឹង​ក្ដៅ​ ឬត្រជាក់​ជ្រុល​ពេក​ទេ​ដឹង​?

10. មិន​ចាំបាច់​អស់​លុយ​ថ្លៃ​ទឹក​ដោះ​ថ្លៃ​ៗ រួម​ទាំង​ឧបករណ៍​ផ្សេង​ៗទៀត​
តម្លៃ​ទឹកដោះ​ម្សៅ​ប្រភេទ​ផ្សេង​ៗនោះ​ បច្ចុប្បន្ន​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ណាស់​ ណា​ថ្លៃ​ដប​ទឹកដោះគោ​ ណា​ថ្លៃ​ទឹកសាប៊ូ​លាង​ដប​ទឹកដោះគោ​ថ្លៃ​ឧបករណ៍​ដុស​សម្អាត​ដប​ទឹកដោះគោ​ -ល- ថ្លៃ​ចាយវាយ​ទាំងអស់​នេះ​ នឹង​មិនកើត​មាន​ឡើយ​ បើ​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯង​។ទឹកដោះ​ម្ដាយ​នឹង​មាន​ច្រើន​ ឬតិច​ នឹង​មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ច្រើន​ ឬតិច​ អាស្រ័យ​លើ​ចំណី​អាហារ​ ការ​គេង​សម្រាក​ និង​អារម្មណ៍​របស់​ម្ដាយ​ជាចម្បង​។ បើ​អ្នកម្ដាយ​មើលថែ​ទាំ​រាងកាយ​យ៉ាង​ល្អ​ ញ៉ាំ​អាហារ​ដែល​មានប្រយោជន៍​ គេងលក់​បាន​គ្រប់គ្រាន់​ និង​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​យ៉ាង​ល្អ​ជាប់​ជានិច្ច​នោះ​ ក៏​នឹង​មាន​ទឹកដោះ​ច្រើន​គ្រប់គ្រាន់​ឱ្យ​កូន​របស់​យើង​បាន​បៅ​យ៉ាង​ពិត​ប្រាកដ​ ដែល​បច្ចុប្បន្ន​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​កូន​បាន​បៅ​ទឹកដោះ​ម្ដាយ​យ៉ាងតិច​បំផុត​រយៈ​ពេល​ 1ឆ្នាំ​ដំបូង​៕

Advertisement