តិចនិក​មើលថែ​ទាំ​ខ្លួន​សម្រាប់​អ្នកមាន​គភ៌​ក្នុង​ខែ​ដំបូង​

គឺជា​អំឡុង​ពេល​សំខាន់​នៅក្នុង​ជីវិត​របស់​មនុស្ស​ស្រី​ដែល​កំពុង​ជិត​ក្លាយ​ខ្លួន​ជា​ម្តាយ​ ទាំង​ការ​មើលថែ​ទាំ​ ត្រៀមខ្លួន​ និង​ការ​ស្វាគមន៍​សមាជិក​ថ្មី​ម្នាក់​ក្នុង​គ្រួសារ​ដែល​កំពុងតែ​ជិត​ចាប់កំណើត​ឡើង​ក្នុង​រយ:ពេល​ប៉ុន្មាន​ខែ​ខាងមុខ​។ រយៈ​ដំ​បូងៗ​នៃ​ការ​តាំង​គភ៌​នេះ​ ភាគច្រើន​ស្ត្រី​យើង​តែង​មាន​កង្វល់​ក្នុង​រឿង​ផ្សេង​ៗជាច្រើន​ ទាំង​រឿង​រូបរាង​ សុខភាព​ អារម្មណ៍​ដែល​ប្រែប្រួល​ ដែល​អាការ​ទាំងអស់​នេះ​អាច​មានផល​ប៉ះពាល់​ដោយ​ត្រង់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​បាន​ ដូច្នេះ​ ឡា​រ៉ែ​ន សុំ​នាំ​យក​គន្លឹះ​ល្អ​ៗពាក់ព័ន្ធ​នឹង​ការ​មើលថែ​ទាំ​ខ្លួនឯង​ក្នុងរយៈ​ដំបូង​នៃ​ការ​មានគភ៌​នេះ​ មក​ជម្រាប​ជូន​អនាគត​អ្នកម្តាយ​ថ្មោងថ្មី​ថា​ តើមាន​អ្វីខ្លះ​? សូម​តាមដាន​ដូចតទៅ​ ៖

1. ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង​ 5 ក្រុម​ ដែល​ហុច​ផល​ល្អ​ដល់​សុខភាព​របស់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ ដោយ​សង្កត់ធ្ងន់​លើ​សារធាតុ​ ពពួក​ប្រូ​តេ​អុីន​ កាល់ស្យូម​ អាស៊ី​តហ្វូ​លិក​ ដើម្បី​ជួយ​អភិវឌ្ឍ​ខួរក្បាល​ និង​សាច់ដុំ​របស់​ទារក​ឱ្យ​ធំធាត់​បាន​តាម​ប្រក្រតី​ មាន​ជាអាទិ៍​ ញ៉ាំទឹក​ដោះ​គោ​ឱ្យ​បាន​ច្រើន​ ញ៉ាំ​អាហារ​សមុទ្រ​ និង​បន្លែ​ស្លឹក​ពណ៌បៃតង​គ្មាន​សារធាតុគីមី​ជាដើម​។ ក្នុងអំឡុងពេល​មានគភ៌​ ស្ត្រី​ទាំងឡាយ​គួរ​តម​ ឬកាត់បន្ថយ​ការ​ញ៉ាំទឹក​តែ​ កាហ្វេ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ ឬឈប់​ដាច់​តែម្តង​ក៏​ជា​ការ​ប្រសើរ​ដែរ​។

2. ថែទាំ​សុខភាព​ផ្លូវចិត្ត​ឱ្យ​ស្រស់ស្រាយ​ជាប់​ជានិច្ច​ដូចដែល​បានដឹង​ហើយ​ថា​ បើ​អ្នកម្តាយ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​នោះ​ គឺ​ពិតជា​មាន​ផល​ប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ​មិនខាន​ ដូច្នេះ​ហើយ​គួរ​លះបង់​ភាព​កង្វល់​ខ្វល់ខ្វាយ​ ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ទាំង​រឿង​ការងារ​ និង​រឿង​ផ្សេង​ៗទៀត​ចោល​ឱ្យ​អស់​ ឬអាច​កែ​បញ្ហា​ទាំងនេះ​បាន​តាមរយៈ​ការ​រក​កិច្ចការ​ធ្វើ​ដើម្បី​បន្ធូរ​អារម្មណ៍​ ដូចជា​ ស្តាប់​ចម្រៀង​ពី​រោះ​ៗ អាន​សៀវភៅ​ ធ្វើការងារ​ច្នៃ​ប្រឌិត​ផ្សេង​ៗជាដើម​។

3. សម្រាក​ក្នុង​ 1ថ្ងៃ​ៗឱ្យ​បាន​គ្រប់គ្រាន់ដោយសារតែ​ក្នុងអំឡុងពេល​នេះ​ អ្នក​មានគភ៌​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ល្វើយ​ និង​ឆាប់​ហត់​នោះ​ ដូច្នេះ​គួរ​គេង​សម្រាក​ឱ្យ​បាន​ច្រើន​ ឬបន្ថែម​ការសម្រាក​ដោយ​ការ​គេង​ឱ្យ​លក់​ក្នុង​ពេលថ្ងៃ​ប្រមាណ​ជា 1​-2ម៉ោង​ក៏បាន​។

4. ធ្វើលំ​ហាត់​ប្រា​ណស្រាល​ៗ ដើម្បី​បង្កើន​ភាព​រឹងប៉ឹង​
ជ្រើសរើស​ហាត់ប្រាណ​ដោយ​ឥរិយា​បថ​ស្រាល​ៗ ដូចជា​ យ៉ូ​ហ្គា​ ដើរលេង​ជុំវិញ​សួនច្បារ​ ឬធ្វើការងារ​ផ្ទះ​បែប​ស្រាល​ៗ ដើម្បី​ជួយ​ជំរុញ​ប្រព័ន្ធ​ផ្សេង​ៗក្នុង​រាងកាយ​ឱ្យធ្វើ​ការបាន​ល្អ​ ថែមទាំង​ជួយ​ឱ្យ​ប្រសូត​បាន​កាន់តែ​ងាយស្រួល​ឡើង​ទៀតផង​។ គួរ​ចៀសវាង​លំ​ហាត់ប្រាណ​ណា​ដែល​ប្រើ​កម្លាំង​ច្រើន​ និង​មាន​ការ​ងាក​ ឬបែរ​ខ្លួន​ខ្លាំង​។

5. ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​គភ៌​ និង​រកមើល​អាការ​ខុសប្រក្រតី​ជា​ធម្មតា​អ្នកមាន​គភ៌​ខ្លះ​ ដែល​ទើបតែ​មានគភ៌​ជាលើកដំបូង​អាច​នឹង​មាន​កង្វល់​ក្នុង​រឿង​គ្រោះថ្នាក់​ អាការ​ខុសប្រក្រតី​ដែល​អាច​ហុច​ផល​អាក្រក់​ដល់​កូន​នៅក្នុង​ផ្ទៃ​ ដូច្នេះ​បើ​មាន​អាការ​ខុសប្រក្រតី​ ឬអា​កា​រប្លែ​កៗ​ណាមួយ​ ដូចជា​ ចុក​ឆ្អល់​ញឹកញាប់​ ឬចាញ់កូន​ខ្លាំង​ក៏​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ ឬទៅ​ត្រួតពិនិត្យ​គភ៌​តាម​ការ​ណាត់​របស់​ពេទ្យ​ឱ្យ​បាន​ជាប់​ជានិច្ច​។សរុប​មកវិញ​ ឡា​រ៉ែ​ន ចង់​ជម្រាប​ស្ត្រី​មានគភ៌​ទាំងឡាយ​ថា​ ចូរ​ធ្វើ​ចិត្ត​ឱ្យ​សប្បាយ​ៗ កុំ​តានតឹង​អារម្មណ៍​ និង​កង្វល់​ចិត្តខ្លាំង​ពេក​អី​ គួរ​បណ្តោយ​អារម្មណ៍​ឱ្យ​សប្បាយ​ៗ ត្រៀមខ្លួន​ស្វាគមន៍​កូន​តូច​សម្លាញ់​នៅ​ថ្ងៃខាងមុខ​ដោយ​អារម្មណ៍​ស្រស់​ស្រាយ​វិញ​ប្រសើរ​ជាង​៕

Advertisement