តើ​អ្នក​ឆ្លងទន្លេ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? តើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ?

នៅតែ​ជា​ចំណុច​មួយ​ដែល​មានការ​ជជែក​តវ៉ា​គ្នា​បាន​ជានិច្ច​ សម្រាប់​ករណី​ “តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​” ដូច្នេះ​នៅ​ថ្ងៃនេះ​ ឡា​រ៉ែ​ន នឹង​មក​បកស្រាយ​ចម្ងល់​ដែល​ថា​ ការពិត​ទៅ​ តើ​ស្រ្តី​មានផ្ទៃពោះ​ដែល​ត្រូវ​ប្រសូត​បុត្រ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? និង​តើ​បែប​ណា​អាច​ធ្វើ​បាន​ ដោយ​មិនទៅ​ទើសទែង​ ឬរំខាន​ការប្រតិបត្តិ​ភារកិច្ច​របស់​គ្រូពេទ្យ​រហូត​មាន​គ្រោះថ្នាក់​ដល់​កូន​ ជូន​ស្រ្តី​មានផ្ទៃពោះ​ដែល​កំពុង​ត្រៀមខ្លួន​ប្រសូត​បុត្រ​ទាំងអស់​ឱ្យ​បាត់​ងឿងឆ្ងល់​ដូច​ខាងក្រោម​…។

ការ​តុបតែង​មុខមាត់​ចូលបន្ទប់​ប្រសូត​នេះ​ ជា​រឿង​មួយ​ដែល​ស្រ្តី​មានគភ៌​ជាច្រើន​ប្រហែលជា​ធ្លាប់​នឹក​ឆ្ងល់​ខ្លះមក​ហើយ​មិនខាន​ថា​ តើ​ការពិត​ទៅ​ “អាច​បានទេ​?” ​“ហេតុ​អី​ត្រូវ​ហាម​?” និង​“ហេតុ​អី​អ្នកខ្លះ​ធ្វើ​បាន​ ហើយ​អ្នកខ្លះ​ទៀត​ធ្វើ​មិនបាន​?” ព្រោះ​អំឡុង​ពេល​ដែល​បានឃើញ​មុខ​កូន​ជាលើកដំបូង​ គឺជា​អំឡុង​ពេល​សំខាន់​បំផុត​ក្នុង​ជីវិត​ដែល​នរ​ណាៗ​ក៏​ចង់​រក្សា​រូបភាព​នោះ​ទុកជា​អនុស្សាវរីយ៍​ ដែល​មនុស្សជា​ម្ដាយ​ខ្លួនឯង​ក៏​ចង់​ថតរូប​លើកដំបូង​ជាមួយ​កូន​ក្នុង​បែបនេះ​ដែល​ “មើលទៅ​មិន​ស្លេកស្លាំង​ ឬទ្រុឌ​ទ្រោម​” ដែរ​។ ដូច្នេះ​ ការបាន​ដឹងពី​ការកំណត់​ និង​ច្បាប់​ទម្លាប់​ផ្សេង​ៗ នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​អាច​ប្រតិបត្តិ​ខ្លួន​បាន​យ៉ាង​ត្រឹមត្រូវ​ និង​សមរម្យ​ឡើង​ផង​ដែរ​។

តើ​ស្រ្តី​មានផ្ទៃពោះ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បានទេ​?
ភាគច្រើន​ “បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​” តែង​មានច្បាប់​វិន័យ​ក្នុង​ការប្រតិបត្តិ​យ៉ាង​តឹង​រឹង​ដើម្បី​ភាព​ស្អាត​មាន​អនាម័យ​ និង​សុវត្ថិភាព​របស់​អ្នកជំងឺ​ ដូច្នេះហើយ​ទើប​មន្ទីរពេទ្យ​ភាគ​ច្រើន​មិន​អនុញ្ញាត​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​តុបតែង​មុខមាត់​ លាប​ក្រចកដៃ​ ជើង​ចូលបន្ទប់​ប្រសូត​ក្នុង​គ្រប់​ករណី​ទាំងអស់​ លើកលែងតែ​គ្រូពេទ្យ​អនុញ្ញាត​។ តែ​មន្ទីរពេទ្យ​ឯកជន​ខ្លះ​អាច​អនុលោម​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​អាច​តុបតែង​មុខមាត់​ពេល​ប្រសូត​បុត្រ​បាន​ តែ​ទាំងអស់​នេះ​ ស្រ្តី​មានផ្ទៃ​ពោះ​គួរតែ​សួរនាំ​គ្រូពេទ្យ​ជាមុន​ថា​ តើ​អាច​តុប​តែង​មុខមាត់​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? ព្រោះ​មិន​ដូច្នោះ​ទេ​ ស្ត្រី​មានគភ៌​អាច​នឹង​ត្រូវ​គ្រូពេទ្យ​បញ្ជា​ឱ្យទៅ​លាងមុខ​ចេញ​មិនខាន​។

ហេតុផល​ក្នុង​ការ​ហាម​តុបតែង​មុខមាត់​ លាប​ក្រចក​របស់​អ្នកមាន​ផ្ទៃពោះ​ខណៈ​ចូលបន្ទប់​ប្រសូត​
– ហាម​តុបតែង​មុខមាត់​ : ព្រោះ​ខណៈ​ពេល​ធ្វើការ​ប្រសូត​ រាងកាយ​របស់​ស្ត្រី​មានគភ៌​នឹង​មានការ​ប្រែប្រួល​ស្ថិត​ក្នុង​សភាវ​ផ្សេង​ៗ ដូច្នេះ​ការ​មិន​តុបតែង​លាបមុខ​លាប​មាត់​ គឺ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ ឬអ្នកជំនួយ​ការ​គ្រូពេទ្យ​អាច​សង្កេត​មើល​ទឹកមុខ​ ពណ៌​បបូរមាត់​របស់​ស្រ្តី​មានគភ៌​ថា​ តើមាន​ពណ៌បៃតង​ ស្វាយ​ ស្លេកស្លាំង​ពី​ការ​បាត់​បង់​ឈាម​ ខ្វះ​ខ្យល់​អុក​ស៊ី​ហែ្ស៊ន​ ឬកើត​សភាវ​ពិបាក​ដកដង្ហើម​ ឬអត់​ហ្នឹងឯង​។
– ហាម​លាប​ក្រចកដៃ​ : ព្រោះ​ពេលខ្លះ​គ្រូពេទ្យ​នឹង​សង្កេតមើល​លើ​ក្រចកដៃ​របស់​ស្រ្តី​មានគភ៌​ថា​ តើមាន​ការបាត់បង់​ឈាម​ បាត់បង់​ជាតិទឹក​អស់​ច្រើន​ដែរ​ឬទេ​? មើល​ Capillary​ refill​ (ចុច​លើ​ក្រចក​ ដើម្បី​សង្កេតមើល​ភាព​ខុសប្រក្រតី​ មើល​ថា​ តើ​ពេល​ចុច​ហើយ​ ក្រចក​នឹង​ត្រឡប់​មក​ជា​ពណ៌​ផ្កាឈូក​វិញ​ឬទេ​?)។

– បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​ គឺជា​ទីកន្លែង​គ្មាន​មេរោគ​ : ការ​នាំ​យក​វត្ថុ​ប្លែក​ចម្លែក​ពី​ខាងក្រៅ​ចូល​ទៅ​ ភាព​ប្រថុយ​ក្នុង​ការ​ឆ្លង​មេរោគ​ក៏​នឹង​មាន​ច្រើនឡើង​ដែរ​ ព្រោះ​សូម្បីតែ​គ្រូពេទ្យ​ ឬឆ្មប​ក៏​នៅ​ប្ដូរ​សម្លៀកបំពាក់​ថ្មី​ ប្ដូរ​ស្បែកជើង​ថ្មី​គ្រប់ពេល​ដែល​ចូល​ធ្វើការ​ក្នុង​បន្ទប់​នេះ​។ ការ​ដែល​បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​មានច្បាប់​វិន័យ​ក្នុង​ការប្រតិបត្តិ​ដែល​តឹង​រឹង​ច្រើនបែប​នេះ​ គឺ​ដើម្បី​ភាព​ស្អាត​ មាន​អនាម័យ​ និង​សុវត្ថិភាព​របស់​អ្នកជំងឺ​ទាំងអស់​។

ចង់​ស្រស់​ស្អាត​ពេល​ចូលបន្ទប់​ប្រសូត​បែប​មិន​ខុស​របៀប​វិន័យ​ ត្រូវ​ធ្វើ​យ៉ាងណា​?
ក្នុងករណី​ដែល​គ្រូពេទ្យ​អនុញ្ញាត​ ស្ត្រី​មានគភ៌​អាច​តុបតែង​មុខមាត់​ចូលបន្ទប់​ប្រសូត​បាន​ តែ​គួរ​ជា​ការ​តុបតែង​មុខមាត់​បែប​ស្រាល​ៗ ថ្លា​ៗ មិន​តុបតែង​បែប​ពោរពេញ​ហូរហៀរ​ ដិត​ខ្លាំង​ លាបម្សៅ​ទ្រនាប់​បែប​ក្រាស់ឃ្មឹក​នោះ​ទេ​ ព្រោះ​ដូចដែល​បាន​រៀបរាប់​ប្រាប់​ពី​ខាងដើម​រួចមក​ហើយ​ថា​ អាច​នឹង​ធ្វើ​ឱ្យ​ពិបាក​ដល់​ការសង្កេត​មើល​អា​ការ​ផ្សេង​ៗ តែបើ​សិន​ជា​គ្រូពេទ្យ​មិន​អនុញ្ញាត​ទេ​ ស្រ្តី​មានគភ៌​អាច​នឹង​គូស​ចិញ្ចើម​ តរោមភ្នែក​តាំងពី​មុន​ដល់​ថ្ងៃ​ប្រសូត​ និង​ប្រើ​ Application​ តុបតែង​រូបភាព​ ជួយ​ឱ្យ​រូបភាព​ចេញ​មក​ស្រស់​ស្អាត​ជាង​ស្ថានភាព​ពិត​នៅពេល​នោះ​បាន​… អាហ្នឹង​មិនបាន​ខុស​នឹង​បម្រាម​ទេ​៕

Advertisement