នាំ​កូន​ទៅលេង​ក្រៅ​ផ្ទះ​ ដើម្បី​រៀន​យល់ដឹង​ពី​អ្វី​ៗដែល​ថ្មី​

នៅពេល​ឈប់សម្រាក​ច្រើន​ថ្ងៃ​ជាប់​ៗគ្នា​ គ្រួសារ​ជាច្រើន​តែង​ជ្រើសរើស​យក​ការ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ និង​ឆ្លៀតឱកាស​នាំ​កូន​ៗទៅ​ប៉ះពាល់​នឹង​ធម្មជាតិ​ ដែល​វា​អាច​ជួយ​ឱ្យ​កូន​តូច​ៗបាន​រៀន​យល់ដឹង​ពី​អ្វី​ថ្មី​ៗដែល​ខុសប្លែក​គ្នា​ពី​ក្នុង​ផ្ទះ​ តែបើ​សិន​ជា​គ្មាន​ពេលវេលា​ច្រើន​ទេ​នោះ​ ថ្ងៃឈប់​សម្រាក​សៅរ៍​ អាទិត្យ​ ឬពេល​ល្ងាច​ៗ ក៏​អាណាព្យាបាល​អាច​នាំ​កូនតូច​ដើរលេង​កម្សាន្ត​នៅ​តាម​សួនច្បារ​សា​ធា​រណៈ​ក្បែរ​ៗផ្ទះ​ក៏​ជា​ការ​មួយ​ល្អ​ដែរ​។ព្រោះ​ការ​បណ្តោយ​ឱ្យ​ក្មេង​ៗបាន​នៅ​ជិតនឹង​ធម្មជាតិ​ និង​សភាព​ជុំវិញ​ខ្លួន​ដែល​ប្លែក​ថ្មី​ ក្រៅពី​នឹង​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ស្រស់ថ្លា​ បាន​ហាត់ប្រាណ​កណ្តាល​ខ្យល់អាកាស​បរិសុទ្ធ​ហើយ​នោះ​ នៅ​បាន​ជួយ​ឱ្យ​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ការ​រៀន​យល់ដឹង​ពី​អ្វី​ដែល​ថ្មី​ៗថែមទៀត​ផង​។…តែ​មុននឹង​នាំ​កូន​ចេញទៅ​លេង​ខាងក្រៅ​ផ្ទះ​នោះ​ ចាំបាច់​ត្រូវ​មានការ​ត្រៀមខ្លួន​បន្តិច​សិន​ ៖

– ត្រៀម​ឱ្យ​រួចរាល់​មុន​ចេញទៅ​ខាងក្រៅ​ផ្ទះ​
ចង់​ចេញទៅ​លេង​នៅ​ខាងក្រៅ​ផ្ទះ​ម្តង​ ត្រូវតែ​ត្រៀម​ឱ្យ​បាន​រួចរាល់​ជាមុន​សិន​ ប្រសើរ​ជាង​ទៅ​ដើររក​ទិញ​នៅពេល​ក្រោយ​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​មិនទាន់​ចិត្ត​កូនតូច​បាន​។ សម្រាប់​អាហារ​ដែល​គួរ​ត្រៀម​យក​ទៅជាមួយ​ ដើម្បី​ទុកបម្រុង​ពេល​កូន​ឃ្លាន​ គួរតែ​ជា​អាហារ​ដែល​ងាយស្រួល​ញ៉ាំ​ដូចជា​នំ​ស៊ែ​នវិច​ និង​នំ​ប៊ី​ស្គី​ត -ល- ដែល​ពេលណា​កូន​ឃ្លាន​ភ្លាម​ អ្នកម្ដាយ​អាចយ​កចេញ​មក​ឱ្យ​កូន​ញ៉ាំ​បាន​ភ្លែត​។ ក្រៅពី​នេះ​គួរ​ត្រៀម​ក្រដាសជូតដៃ​ ខោ​ទឹកនោម​(សម្រាប់​ក្មេង​តូច​) រទេះរុញ​កូន​តូច​ និង​កន្ទេល​សម្រាប់​ក្រាល​អង្គុយលេង​ផង​។

– ពិនិត្យមើល​ទីកន្លែង​
ពេល​ទៅដល់​គោលដៅ​ហើយ​ មុននឹង​បណ្តោយ​ឱ្យ​កូន​រត់​លេង​ លោកឪពុក​អ្នកម្តាយ​គួរតែ​ធ្វើការ​ពិនិត្យមើល​បរិវេណ​ម្តុំ​ៗនោះ​ជាមុន​សិន​ថា​ តើមាន​សុវត្ថិភាព​ ឬក៏​អត់​? ដូចជា​មាន​ដុំឥដ្ឋ​ អំបែងកែវ​ ឬវត្ថុ​ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដែរ​ឬទេ​? បើជា​ទីធ្លា​សម្រាប់​កុមារ​រត់​លេង​ គួរតែ​ពិនិត្យមើល​កម្រាល​ទីធ្លា​នោះ​ថា​ជា​ផ្ទៃរាប​ស្មើ​ ឬក៏​មិនមែន​ តើមាន​ជង្ហុក​ ឬរណ្តៅ​តូច​ៗដែល​អាច​នឹង​ធ្វើ​ឱ្យ​កូន​ជំពប់​ជើង​ដួល​ដែរ​ឬទេ​? ផ្ទៃដី​ ឬកម្រាល​រឹង​ពេក​ដែល​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ពេល​កូ​នរ​អឹល​ធ្លាក់​ពីលើ​ឧបករណ៍​ ឬក៏​អត់​? និង​ត្រូវ​ពិនិត្យមើល​ឧបករណ៍​គ្រឿង​លេង​ទាំងនោះ​ផង​ថា​ តើមាន​ភាពរឹងមាំ​ ឬមាន​ចំណុច​ណាមួយ​ស្រួច​ មុត​ ដែរ​ឬទេ​?

– រៀន​ជាមួយនឹង​ធម្មជាតិ
​ក្មេង​ៗមាន​ភាព​ចង់​ដឹង​ ចង់​ឃើញ​នូវ​អ្វី​ៗជុំ​វិញ​ខ្លួន​គេ​ស្រាប់​ទៅ​ហើយ​ រឹតតែ​ពេល​បាន​មក​នៅ​កណ្តាល​ធម្មជាតិ​ដែល​មាន​ទាំង​វាលស្មៅ​ ដើមឈើ​ ផ្ទៃមេឃ​ សត្វ​បក្សី​បក្សា​ និង​សត្វល្អិត​ផ្សេង​ៗក្នុង​ពេល​ដែល​អ្នកម្តាយ​ដឹកដៃ​គេ​ដើរ​លេង​ផង​នោះ​ គេ​អាច​នឹង​មាន​សំនួរ​ជាច្រើន​សួរ​ឡើង​ ដែល​អ្នកម្តាយ​អាច​នឹង​សៀតស៊ក​នូវ​ចំណេះដឹង​ និង​បង្ហាត់បង្ហាញ​ពី​ការ​ចេះ​សង្កេត​ដល់​កូន​បាន​។

– វិវឌ្ឍនាការ​ស័ក្តិសម​នឹង​វ័យ​ដោយ​ធម្មជាតិ​
ការ​បណ្តោយ​ឱ្យ​កុមារ​បាន​រត់​លេង​នៅក្នុង​ទីធ្លា​ដែល​ស្រឡះ​ កណ្តាល​វាល​នោះ​ នឹង​ជួយ​ឱ្យ​កុមារ​មាន​ទីធ្លា​សម្រាប់​ការ​រៀន​យល់ដឹង​មួយ​ដែល​មាន​ភាព​ខុសប្លែក​ពី​ក្នុង​បន្ទប់​រៀន​ ឬក្នុង​ផ្ទះ​។ កុមារ​នឹង​បាន​រៀន​យល់ដឹង​កាន់តែ​ច្រើន​បែប​ច្រើនយ៉ាង​ឡើង​ តាមរយៈ​ស្ថានភាព​ជុំវិញ​ខ្លួន​ដែល​ប្លែក​ថ្មី​ជានិច្ច​ ដូចជា​ ដើមឈើ​ ស្លឹកឈើ​ផ្កា​ដែល​មាន​ពណ៌​ល្អ​ៗ និង​ចំនួន​វត្ថុ​ដែល​ខុសពី​គ្នា​ទៅតាម​រដូវ​កាល​ និង​ថែមទាំង​បាន​សប្បាយ​រីករាយ​តាមរយៈ​ការ​លេង​ ដែល​នឹង​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍ល្អ​ នាំទៅរក​ការ​វិវឌ្ឍ​ខាង​អារម្មណ៍​ ឬ EQ​ ដ៏​ល្អ​ទៀតផង​។ ក្រៅពីនោះ​ ការ​ធ្វើ​ចលនា​របស់​រាងកាយ​របស់​កូន​យ៉ាង​ពេញទំហឹង​តាម​រយៈ​ការ​រត់​លេង​ មិនថា​តែ​ការ​រត់​ លោត​ ហក់​តោង​ ឬឡើង​នោះ​ក្ដី​ វា​ប្រៀប​ដូចជា​ការហាត់​ប្រាណ​ដែល​នឹង​ធ្វើ​ឱ្យ​កូន​មាន​សុខភាព​ល្អ​ សាច់​ដុំ​មាំមួន​ទៀតផង​។

* ចំណុច​គួរ​ប្រយ័ត្ន​ក្នុង​ការ​នាំ​កូន​ចេញទៅ​លេង​ខាងក្រៅ​ផ្ទះ​
ទោះជា​ការ​លេង​នៅ​ខាងក្រៅ​ផ្ទះ​នេះ​មាន​ចំណុច​ល្អ​ច្រើន​មែន​ក៏ដោយ​ តែ​ក៏​មាន​ចំណុច​គួរ​ប្រយ័ត្ន​ប្រយែង​ដែរ​ ជាពិសេស​ គឺ​ការ​វង្វេងបាត់​តែម្តង​ ដូច្នេះ​ដើម្បី​ចៀសវាង​នូវ​ការ​សោក​ស្តាយ​នៅពេល​ក្រោយ​ ឬការ​កើតមានឡើង​នូវ​បញ្ហា​ជាយថាហេតុ​ណាមួយ​នោះ​ លោកឪពុក​ ឬអ្នកម្តាយ​គួរ​ប្រុងប្រយ័ត្ន​ដូចតទៅ​ ៖
1. កុំ​នាំ​កូន​ទៅលេង​នៅកន្លែង​ណា​ដែល​មាន​មនុស្ស​ច្រើន​ណែនណាន់​តាន់តាប់​ពេក​ (ព្រោះ​អាច​នឹង​វង្វេងគ្នា​ដោយសារ​ហ្វូង​មនុស្ស​)។
2. កុំ​បណ្តោយ​កូន​ឱ្យ​រត់​លេង​តែឯង​ដោយ​មិនបាន​រវីរវល់​មើល​ឱ្យ​សោះ​ ទោះជា​កន្លែង​ដែល​ទៅលេង​នោះ​នៅ​ជិត​ផ្ទះ​ក៏ដោយ​។
3. មិន​ផ្ញើ​កូន​ជាមួយនឹង​មនុស្សចាស់​ជរា​ ដែល​មិន​អាច​មើល​ក្មេង​ដែល​ស្ថិត​ក្នុង​វ័យ​រពឹស​បាន​។
4. ព្យាយាម​នៅ​ក្បែរ​កូន​ជានិច្ច​ ឬកុំ​បណ្តោយ​ឱ្យ​កូន​បាត់​ពី​ខ្សែភ្នែក​ឱ្យ​សោះ​។

– នៅពេល​ដែល​កូន​លេង​ជក់​រហូត​ភ្លេច​ហត់​
រឿង​ចុងក្រោយ​ដែល​ឡា​រ៉ែ​នចង់​ផ្តាំ​លោក​ឪពុក​អ្នកម្តាយ​ទាំងអស់​ សម្រាប់​ការ​នាំ​កូន​ៗចេញទៅ​លេង​នៅ​ខាងក្រៅ​ផ្ទះ​នោះ​គឺ​ ក្នុងអំឡុងពេល​ដែ​លកូនៗ​បាន​លេង​នោះ​ ពួកគេ​អាច​នឹង​សប្បាយ​យ៉ាង​ភ្លេចខ្លួន​ រហូត​លែង​មាន​អារម្មណ៍​ហត់​ គ្មាន​អារម្មណ៍​ថា​ ហេវ​ ដូច្នេះ​លោកឪពុក​អ្នកម្តាយ​ត្រូវ​ចាំ​សង្កេតមើល​ថា​ បើ​ឃើញ​កូន​ចាប់ផ្តើម​ហត់​ ឬនៅ​មិនទាន់​បាន​ញ៉ាំ​អី​ និង​មិន​បាន​ញ៉ាំទឹក​យូរហើយ​នោះ​ គួរតែ​ប្រាប់​ឱ្យ​កូន​ឈប់សម្រាក​បន្តិច​ ដើម្បី​បន្ថែម​ថាមពល​សិន​ សឹម​ទៅលេង​សប្បាយ​បន្ត​ទៀត​៕

Advertisement