ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​? បើ​មិនទៅ​ពិនិត្យ​គភ៌​ តើមាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាងណា​?

អនាគត​អ្នកម្ដាយ​ថ្មីថ្មោង​តែង​មានការ​នឹកសង្ស័យ​ថា​ ពេល​មានផ្ទៃពោះ​ តើ​ចាំបាច់​ប៉ុនណា​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ និង​បើ​មិនទៅ​ពិនិត្យ​ផ្ទៃពោះ​បាន​ឬទេ​? ទិញថ្នាំ​បំប៉ន​មក​ញ៉ាំ​ដោយខ្លួនឯង​បានទេ​? ព្រោះ​ពេលខ្លះ​មិន​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ និង​ស្ត្រី​មានគភ៌​ខ្លះ​អាង​ហេតុផល​ថា​ ពិបាក​ក្នុង​ការ​សុំច្បាប់​ឈប់​ពី​ការងារ​ជាដើម​។ល។ តែ​ស្ត្រី​មានគភ៌​ទាំងឡាយ​ដឹង​ទេ​ថា​ បើ​មិនបាន​ទៅ​ពិនិត្យ​គភ៌​ នឹង​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់​… សេចក្ដី​លម្អិត​មាន​ដូច​ខាងក្រោម​នេះ​៖

4ហេតុ​ផលល្អៗ​ថា​ ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​?
1. ពេល​អនាគត​អ្នកម្ដាយ​ទៅ​ពិនិត្យ​គភ៌​អ្នកម្ដាយ​នឹង​បានដឹង​ពី​ព័ត៌មាន​ និង​ការណែនាំ​ក្នុង​ការប្រតិបត្តិ​ខ្លួន​ក្នុង​អំឡុង​ពេល​មានគភ៌​ រហូតដល់​រយៈពេល​ក្រោយ​ការ​ប្រសូត​ ដោយសារតែ​ក្នុងអំឡុងពេល​តាំង​គភ៌​ សរីរៈ​ និង​រាងកាយ​របស់​ស្ត្រី​មានគភ៌​មាន​ការប្រែប្រួល​ច្រើន​។ ស្ត្រី​មានគភ៌​លើកដំបូង​មួយ​ចំនួន​អាច​នឹង​មិន​យល់​ និង​កើតក្ដី​កង្វល់​ជាមួយ​នឹង​ការប្រែប្រួល​ទាំងនោះ​ ដូច្នេះ​គ្រូពេទ្យ​អ្នក​ពិនិត្យ​គភ៌​នឹង​ផ្ដល់​ការណែនាំ​ក្នុង​រឿង​ផ្សេង​ៗទាំងនោះ​បាន​យ៉ាង​ល្អ​។

2. នៅក្នុង​ការពិនិត្យ​គភ៌​ ស្ត្រី​មានផ្ទៃពោះ​នឹង​បាន​ទទួលការ​វាយតម្លៃ​យ៉ាង​លម្អិត​អំពី​ឱកាស​កើត​សភាវ​ជ្រៀតជ្រែក​ពី​ជំងឺ​ផ្សេង​ក្នុង​ខណៈ​តាំង​គភ៌​ ហើយ​ក្នុងករណី​ដែល​ស្ត្រី​មានគភ៌​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ក្នុង​ការ​កើតមាន​សភាវ​ជ្រៀតជ្រែក​នេះ​ គ្រូពេទ្យ​អ្នកពិនិត្យ​គភ៌​នឹង​អធិប្បាយ​ និង​ណែនាំ​វិធី​ក្នុង​ការ​ការពារ​សភាវ​ផ្សេង​ៗទាំងនោះ​ទៀតផង​។

3. សម្រាប់​ស្ត្រី​ដែល​មាន​រោគ​ ឬសភាវ​ជ្រៀតជ្រែក​ពី​ជំ​ងឺ​ផ្សេង​ៗកើតឡើង​ក្នុង​ខណៈ​មានផ្ទៃពោះ​ ការពិនិត្យ​គភ៌​គឺជា​រឿង​សំខាន់​ និង​ចាំបាច់​បំផុត​។ តើ​ស្ត្រី​ទាំងឡាយ​ជ្រាប​ដែរ​ឬទេ​ថា​ មាន​ជំងឺ​មួយចំនួន​ដែល​ភាព​ធ្ងន់ធ្ងរ​របស់​វា​នឹង​កើន​ខ្លាំង​ឡើង​ក្នុង​ខណៈ​ដែល​អ្នកមាន​ផ្ទៃពោះ​ ដែល​វា​នឹង​ហុច​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ម្ដាយ​ និង​កូនតូច​ក្នុង​ផ្ទៃ​ ដូច្នេះ​ក្នុង​ការពិនិត្យ​គភ៌​ គ្រូពេទ្យ​នឹង​មើលថែ​ទាំ​ និង​ផ្ដល់​ការ​រក្សា​ព្យា​បាល​ផ្សេង​ៗដែល​កើតឡើង​ពេញ​មួយរយៈពេល​នៃ​ការ​មានផ្ទៃពោះ​របស់​អ្នក​។

4. ហេតុផល​ចុងក្រោយ​ដែល​ស្ត្រី​មានផ្ទៃ​ពោះ​គួរតែ​ទៅ​ពិនិត្យ​គភ៌​នោះ​គឺ​ ដើម្បី​ឱ្យ​ទាំង​ម្ដាយ​(ខ្លួនឯង​) និង​កូនតូច​ក្នុង​ផ្ទៃ​មាន​សុខភាព​រឹងមាំ​ឥត​ខ្ចោះ​ ប្រាសចាក​រោគ​ភ័យ​ និង​សភាវ​ជ្រៀត​ជ្រែ​កអ្វី​ៗទាំងអស់​ហ្នឹងឯង​។

អនាគត​ស្ត្រីជា​ម្ដាយ​មួយចំនួន​អាច​នឹង​មាន​អារម្មណ៍​កង្វល់​អំពី​រឿង​ការពិនិត្យ​ផ្ទៃពោះ​នេះ​ មិនដឹង​ថា​នឹង​ទៅ​ពិនិត្យ​នៅ​ទីណា​? ទៅ​ហើយ​ ត្រូវ​ធ្វើអ្វី​ខ្លះ​? គ្រូពេទ្យ​ និង​អ្នកជំនួយ​ការ​គ្រូពេទ្យ​នឹង​ស្ដីបន្ទោស​ឬអត់​? ត្រូវ​ជោះ​ឈាម​យក​ទៅ​ពិនិត្យ​ច្រើនដង​អត់​?-ល- ដូច្នេះ​ពេលនេះ​ ឡា​រ៉ែ​នសូម​ប្រាប់​ទៅចុះ​ថា​ កុំទៅ​ព្រួយ​កង្វល់​ធ្វើ​អី​ ចូរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ ដើម្បី​កូន​ជាទីស្រឡាញ់​របស់​អ្នក​…៕

Advertisement