កាល់ស្យូម​គឺជា​អ្វី​ ហេតុអ្វី​បាន​សំខាន់​សម្រាប់​កូនតូច​?

កុមារ​នៅ​ក្នុង​អាយុ​ 1 – 3 ឆ្នាំ​ គឺជា​វ័យ​មួយ​ដែល​មានការ​ប្រែប្រួល​ និង​ការ​វិវឌ្ឍ​ខាង​រាងកាយ​ខ្លាំង​ណាស់​ អ្វី​ដែល​យើង​ច្រើន​សង្កេតឃើញ​បាន​យ៉ាង​ច្បាស់​នោះ​គឺ​ ការ​វិវឌ្ឍ​ខាង​ផ្នែកការ​ធ្វើ​ចលនា​ តាំងពី​ការ​វារ​ ឈរ​ ដើរ​ រហូត​ទៅដល់​អាច​រត់​បាន​យ៉ាង​ស្ទាត់ជំនាញ​ ហើយនិង​ការប្រែប្រួល​ខាង​ការ​ញ៉ាំ​ ដែល​ការ​វិវឌ្ឍ​ខាង​ការ​ទំពា​លេប​ ក៏​ជា​អ្វីមួយ​ដែល​កូនតូច​ត្រូវ​ធ្វើជា​ប្រចាំ​ក្នុង​មួយ​ថ្ងៃ​ៗដែរ​។ គ្រោង​សាង​រាងកាយ​ដែល​មាន​ចំណែក​សំខាន់​ក្នុង​ការ​បង្កើន​ដល់​ការ​ធ្វើ​ចលនា​ និង​ការ​ទំពា​លេប​របស់​កូន​ឱ្យធ្វើ​ការបាន​យ៉ាង​មានប្រសិទ្ធភាព​នោះ​គឺ​ អវយវៈ​ដែល​មានឈ្មោះ​ថា​ “ឆ្អឹង​” និង​ “ធ្មេញ​” ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កូនតូច​មាន​គ្រោង​សាង​របស់​ឆ្អឹង​ និង​ធ្មេញ​ដែល​រឹងមាំ​នោះ​ ទើប​សារជាតិ​អាហារ​ចាំបាច់​ដូចជា​ “កាល់ស្យូម​” មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​រាងកាយ​កូនតូច​ខ្លាំង​សម្បើម​ណាស់​។

“កាល់ស្យូម​” គឺជា​សារជាតិ​អាហារ​ប្រភេទ​អំបិល​រ៉ែ​មួយ​ប្រភេទ​ដែល​មាននៅ​ក្នុង​រាងកាយ​ច្រើន​បំផុត​ ជាពិសេស​ឆ្អឹង​ និង​ធ្មេញ​ អាច​និយាយ​បាន​ថា​ ជា​កន្លែង​ប្រមូល​សន្សំ​ជាតិ​កាល់ស្យូម​ដែល​ធំជាង​គេ​បំផុត​នៅក្នុង​រាងកាយ​។ មុខ​នាទី​សំខាន់​របស់​កាល់ស្យូម​ គឺ​នាំ​យក​មក​ប្រើប្រាស់​ក្នុង​ការ​សាង​ និង​ជួសជុល​ចំណែក​ដែល​សឹក​រេច​រឹល​របស់​ឆ្អឹង​ និង​ធ្មេញ​ ក្រចកដៃ​-ជើង​ និង​សរសៃសក់​ឱ្យ​រឹងមាំ​ ក្រៅពី​នេះ​នៅ​មាន​ចំណែក​ជួយ​គ្រប់គ្រង​ការ​ធ្វើការងារ​របស់​សាច់ដុំ​ ប្រព័ន្ធ​ប្រសាទ​ ការ​បង្កក​ខ្លួន​របស់​ឈាម​ ចង្វាក់​របស់​បេះដូង​ ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ទឹក​រំលាយអាហារ​ ការ​បឺត​ជញ្ជក់​យក​វីតាមីន​ និង​ជំរុញ​ការ​បញ្ចេញ​របស់​អ័រម៉ូន​។

តើ​នឹង​ទៅជា​យ៉ាងណា​… នៅពេល​កូនតូច​ខ្វះ​ជាតិ​កាល់ស្យូម​?
កុមារ​ដែល​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​ នឹង​មាន​ផល​ប៉ះពាល់​ដល់​ភាព​រឹង​ក្រាស់​របស់​ឆ្អឹង​ទាំង​មូល​ ធ្វើ​ឱ្យ​កើតជំងឺ​ទន់​ឆ្អឹង​ ឬឆ្អឹង​កោង​-ង ហើយ​ការ​វិវឌ្ឍ​ខាង​ផ្នែក​រាងកាយ​ ដូចជា​ការ​អង្គុយ​ វារ​ ដើរ​ នឹង​ដំណើរ​ទៅមុខ​យ៉ាង​យឺត​។ ក្រៅពី​នេះ​ គ្រោង​សាង​ឆ្អឹង​ដែល​ទន់ខ្សោយ​ នឹង​បង្ក​ឱ្យ​កើត​ភាព​ខុសប្រក្រតី​របស់​រាងកាយ​បាន​ ដូចជា​ ក្លាយ​ជា​កុមារ​ជើង​កោង​-ង និង​ខ្លួន​ទាប​តឿ​ខុស​ប្រក្រតី​ជាដើម​។

កាល់ស្យូម​នៅឯណា​… តើ​រក​ញ៉ាំ​បាន​ពី​អាហារ​អ្វី​?
* ទឹកដោះ​ និង​ផលិតផល​ដែល​ធ្វើអំពី​ទឹក​ដោះ​ ដូចជា​ ឈីស​ ប៊័រ​រឹង​ ប៊័រ​ស្រស់​ យ៉ា​អួ​ អៃ​ស្គ្រីម​-ល- ព្រោះ​ទឹកដោះស្រស់​ គឺជា​ប្រភព​អាហារ​ដ៏កំពូល​ដែល​មាន​ជាតិ​កាល់ស្យូម​ច្រើន​បំផុត​ ទើប​ចាំបាច់​ខ្លាំង​ណាស់​ដែល​កុមារ​ត្រូវតែ​ញ៉ាំទឹក​ដោះ​គោ​ស្រស់​ឱ្យ​បាន​យ៉ាងហោចណាស់​ 1ថ្ងៃ​ 2កែវ​។* គ្រាប់ធញ្ញជាតិ​ ដូចជា​គ្រាប់​សណ្តែក​ស្ងួត​ និង​ផលិតផល​ដែល​ធ្វើ​ពី​គ្រាប់​សណ្តែក​ ដូចជា​ តៅហ៊ូ​ ទឹក​សណ្តែក​លឿង​(សណ្តែកសៀង​ គ្រាប់​ល្ងស​-ខ្មៅ​ គ្រាប់​សណ្តែក​ក្រហម​-ខៀវ​ គ្រាប់​អាល់​ម៉ុន​ គ្រាប់ឈូក​ និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម​។* សាច់សត្វ​ដែល​ញ៉ាំ​ទាំងមូល​ ឬទាំង​ឆ្អឹង​ដូចជា​ ត្រី​តូច​ៗ កម្ពឹស​ បង្គា​ បង្គា​ក្រៀម​ ត្រីខកំប៉ុង​។ល។
* បន្លែ​ស្លឹក​បៃតង​ ដូចជា​ខាត់ណា​ ស្ពៃចង្កឹះ​ ប្រូ​ខូ​លី​ ស្លឹកបាស​ ផ្លែ​ពពាយ​ សណ្តែក​ហោ​ឡាន់​-តាវ​ ត្រប់ពុតលំញង​។ល។

នៅពេល​បានដឹង​បែបនេះ​ហើយ​ សមាជិក​នៅក្នុង​គ្រួសារ​ទាំងអស់​សូមកុំ​ភ្លេច​បន្ថែម​ជាតិ​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​ឱ្យ​បាន​ជាប់​ជានិច្ច​ ព្រោះ​មិនថា​ស្ថិត​ក្នុង​វ័យ​ណាក៏ដោយ​ ក៏​កាល់ស្យូម​នៅតែ​ជា​សារជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​ទាំង​កុមារ​ និង​មនុស្សចាស់​នៅតែ​ចាំបាច់​ត្រូវតែ​ទទួល​បាន​ជា​រៀងរាល់ថ្ងៃ​៕

Advertisement