តើ​គួរ​ធ្វើ​យ៉ាងណា​ បើ​រៀបការ​ហើយ​ស្រាប់តែ​មានគភ៌​ដោយ​មិនបាន​តាំងចិត្ត​?

ក្រោយពី​រៀបការ​រួចហើយ​ គូស្នេហ៍​ជាច្រើន​គូ​អាច​កំពុងតែ​នឹកស្រមៃ​ដល់​ផែនការ​ការ​ធ្ចើ​ដំណើរ​ទេសចរណ៍​ទៅ​ទី​ឆ្ងាយ​ៗ ផែនការ​ទិញ​ផ្ទះ​ កែសម្រួល​គេហដ្ឋាន​ ឬសន្សំ​លុយ​ទិញ​ឡាន​ថ្មី​ជាដើម​ តែ​ ស្រាប់តែ​មក​ដឹងខ្លួន​ថា​ ខែ​នេះ​អ្នក​កំពុងតែ​ជិត​ក្លាយ​ខ្លួន​ជា​អ្នកម្តាយ​ថ្មី​ម្នាក់​ទៅវិញ​ នោះ​គឺ​ការ​មានគភ៌​ដោយ​មិនបាន​តាំងចិត្ត​ ដែល​វា​អាច​កើតឡើង​ដោយសារ​ការ​ពន្យារកំណើត​ខុសឆ្គង​។ ទាំងអស់​នេះ​ វា​អាច​ធ្វើ​ឱ្យ​គូ​ស្វាមីភរិយា​ខ្លះ​ស្រាប់តែ​កើតមាន​សភាវ​តានតឹង​ក្នុង​អារម្មណ៍​ដោយ​មិនដឹង​ខ្លួន​ ឬមិន​ដឹង​ជា​រៀបចំខ្លួន​យ៉ាងណា​ជាមួយនឹង​ការ​ជិត​មាន​សមាជិក​ថ្មី​ម្នាក់​នៅក្នុង​ផ្ទះ​។

ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ដំ​បូ​ន្មាន​ល្អ​ៗអំពី​រឿង​នេះ​មក​ជម្រាប​ជូន​ដូច​ខាងក្រោម​៖
– តាំងស្មារតី​
អាច​មិនមែន​ជា​រឿង​ងាយ​ប៉ុន្មាន​ឡើយ​ក្នុង​ការរៀបចំ​ផ្លូវចិត្ត​ ដើម្បី​ទទួលយក​ការប្រែប្រួល​ដ៏​ធំធេង​លើក​នេះ​ ដូច្នេះ​អ្វី​ដែល​ល្អ​បំផុត​គឺ​ សូមកុំ​ភ្ញាក់ផ្អើល​ ឬភិតភ័យ​អ្វី​ខ្លាំង​ជ្រុល​ពេក​។ អាច​នឹង​សុំ​ឈប់សម្រាក​ពី​ការងារ​ 1ថ្ងៃ​ ដើម្បី​ពិនិត្យមើល​ភាព​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ផ្នែក​ផ្សេង​ៗ ដែល​ទោះជា​ជួនកាល​អាច​មើលឃើញ​ថា​ មិនទាន់​ពេញលេញ​ល្អ​ប៉ុន្មាន​ក្ដី​ ទាំង​រឿង​ប្រាក់ចំណូល​ ពេលវេលា​ ឬលក្ខណៈ​ការងារ​ក៏ដោយ​ តែ​គួរ​សម្លឹង​មើលក្នុង​ន័យ​វិជ្ជមាន​ជាមុន​សិន​ ព្រោះ​ជួនកាល​ការ​មាន​សមាជិក​ថ្មី​នៅក្នុង​ផ្ទះ​ អាច​ជា​អ្វីមួយ​ដែល​ក្រុម​គ្រួសារ​របស់​អ្នក​ប្រាថ្នា​ចង់បាន​ស្រាប់​ទៅ​ហើយ​ គ្រាន់តែ​បន្ថយ​ពេលវេលា​ឱ្យ​ឆាប់​ជាង​មុន​ និង​ពិភាក្សា​គ្នា​ដើម្បី​កែសម្រួល​ផែនការ​ជីវិត​ជាថ្មី​ប៉ុណ្ណោះ​ ដូច្នេះ​ចូរ​នាំគ្នា​គិត​ម្តង​ 1ចំ​ណុចៗ​ ជឿ​ថា​ អ្វី​ៗគ្រប់យ៉ាង​នឹង​មិនមែន​ជា​រឿង​ពិបាក​ឡើយ​។

– ប្រឹក្សា​ជាមួយ​មនុស្សចាស់​ និង​អ្នក​ជិតដិត
​កុំ​សន្សំទុក​ភាព​តានតឹង​នៅក្នុង​ខ្លួន​តែម្នាក់ឯង​ បើ​មាន​អារម្មណ៍​ថា​ខ្លាច​ក្នុង​ការ​បង្ហើប​ប្រាប់​ទៅ​មិត្ត​រួមការ​ងារ​ សាច់ញាតិ​ ឬមនុស្ស​ក្នុង​គ្រួសារ​ក្នុងករណី​ដែល​អ្នក​មិនធ្លាប់​ប្រាប់​ពួកគេ​ពីមុន​មក​ថា​ មាន​ផែនការ​ចង់បាន​បុត្រ​នោះ​ ចូរ​គិត​ជាប់​ជានិច្ច​ថា​ អ្វី​ៗគ្រប់យ៉ាង​សុទ្ធតែ​មានការ​ប្រែប្រួល​ជានិច្ច​ ហើយ​មនុស្ស​ដែល​សំខាន់​បំផុត​គឺ​ ខ្លួន​អ្នក​ហ្នឹងឯង​។ បើ​ការ​មានគភ៌​ គឺជា​ដំណឹងល្អ​របស់​អ្នក​ ចូរ​ព្យាយាម​រក​ពេល​វេ​លា​ល្អ​ៗប្រាប់​ទៅ​អ្នកដទៃ​ និង​ជឿ​ថា​ គ្រប់គ្នា​នឹង​ច្បាស់ជា​សប្បាយចិត្ត​ដែរ​មិនខាន​ បើ​ខ្លួន​អ្នកមាន​សេចក្តី​សុខ​ រួចហើយ​ចូរ​កុំ​ភ្លេច​សុំពាក្យ​ណែនាំ​ ឬដំបូន្មាន​ល្អ​ៗពី​មនុស្សចាស់​ដែល​ធ្លាប់​មាន​បទ​ពិសោធ​ពីមុន​ផង​។

– ទៅ​ពិនិត្យ​រាងកាយ​ភ្លាម​
នេះ​គឺជា​រឿង​ទី1​ ដែល​ត្រូវតែ​ធ្វើ​ បន្ទាប់ពី​ដឹងខ្លួន​ថា​មានគភ៌​ ដែល​វា​មាន​ភាព​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ការសម្រេច​ចិត្ត​ថា​ តើ​អ្នកមាន​ភាព​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​មានគភ៌​នេះ​ឬទេ​? ជាពិសេស​ភាព​ត្រៀម​ជាស្រេច​របស់​រាងកាយ​ ដែល​កម្មវិធី​ការពិនិត្យ​នោះ​ នឹង​មាន​ទាំង​ការពិនិត្យ​ឈាម​ ពិនិត្យ​រកមើល​រោគ​ប្រចាំ​កាយ​ និង​ផ្សេង​ៗទៀត​ ដើម្បី​គ្រូពេទ្យ​បាន​ផ្តល់​នូវ​ពាក្យណែនាំ​ដែ​លល្អៗ​បំផុត​សម្រាប់​ការ​មើលថែ​ទាំ​គភ៌​របស់​អ្នកម្តាយ​។

– ទៅ​ពិនិត្យ​គភ៌​ក្នុង​អំឡុង​ 2 – 3 ខែ
​ការពិនិត្យ​គភ៌​ មិន​ត្រឹមតែ​នឹង​ធ្វើ​ឱ្យ​អ្នកដឹង​ពី​ការប្រែប្រួល​របស់​គភ៌​ប៉ុណ្ណោះទេ​ តែ​នៅ​បាន​ដឹងពី​ពាក្យណែនាំ​ក្នុង​ការថែទាំ​គភ៌​ ការថែទាំ​ខ្លួន​របស់​ស្ត្រី​ក្នុងអំឡុងពេល​មានគភ៌​រហូតដល់​ពេល​ប្រសូត្រ។ ការ​កែ​បញ្ហា​សភាវ​ជ្រៀត​ជ្រែ​កផ្សេង​ៗ និង​បាន​ទទួលការ​ពិនិត្យ​គភ៌​ជា​ដំណាក់កាល​យ៉ាង​ជាប់លាប់​ទៀតផង​។ ក្នុងករណី​ដែល​កូន​នៅក្នុង​ផ្ទៃ​មាន​ភាព​ខុសប្រក្រតី​ណាមួយ​ ក៏​នឹងអាច​ជួយ​កែ​បញ្ហា​បាន​ទាន់ពេល​វេលា​។

– រៀបចំ​តារាង​ពេលវេលា​រង់ចាំ​ទទួល​កូនសម្លាញ់​
កត់​ជា​កំណត់ហេតុ​ទុក​នូវ​គ្រប់​រឿងរ៉ាវ​ដែល​កើតឡើង​ និង​សាកល្បង​គិតទៅ​ដល់​ 9ខែ​ខាង​មុខ​ទៀត​ ដើម្បី​រាប់​ពេលវេលា​ថយក្រោយ​ថា​ ក្នុង​ខែ​នី​មួយ​ៗ ក្នុងអំឡុងពេល​នី​មួយ​ៗ តើ​អ្នក​ត្រូវ​ត្រៀម​អ្វីខ្លះ​ ដើម្បី​ផ្តល់​ពេលវេលា​មួយ​រយៈ​សម្រាប់​ការ​ត្រៀមខ្លួន​ជាស្រេច​។ ឡា​រ៉ែ​ន ជឿ​ថា​ ទំ​រាំ​តែ​ដល់​ថ្ងៃ​នោះ​ អ្នក​នឹង​មាន​ភាព​ត្រៀមខ្លួន​ជាស្រេច​ និង​មាន​សេចក្តី​សុខ​សម្រាប់​ការ​ប្រសូត​សមាជិក​តូច​មួយ​ចេញ​មក​ ដោយ​គ្មានអ្វី​មួយ​រញ៉េរញ៉ៃ​ ឬតក់ក្រហល់​ឡើយ​៕

Advertisement