លេបថ្នាំ​ពន្យារកំណើត​ពេល​មានគភ៌ តើ​ប្រថុយ​នឹង​គ្រោះថ្នាក់​ប៉ុនណា?

ការ​មានផ្ទៃពោះ​ ឬការ​តាំង​គភ៌​ គឺជា​រឿង​ដែល​គួរ​ឱ្យ​រីករាយ​សោមនស្ស​ខ្លាំង​ណាស់​… តែ​សម្រាប់​មនុស្ស​មួយចំនួន​ដែល​លេបថ្នាំ​ពន្យារកំណើត​មករ​ហូត​ តែ​បែរជា​មានផ្ទៃពោះ​វិញ​នោះ​ អាច​ក្លាយជា​រឿង​ដែល​ត្រូវ​នឹក​ព្រួយ​កង្វល់​ក្នុងចិត្ត​យ៉ាង​ខ្លាំង​ ព្រោះ​ទម្រាំតែ​ដឹង​ថា​ខ្លួនឯង​មានផ្ទៃពោះ​ អាយុ​គភ៌​ក៏​ឈាន​ចូល​ 1ខែ​ ឬ2ខែ​បាត់​ទៅ​ហើយ​ ហើយ​អា​ 1ខែ​ 2ខែ​ដែល​ថា​ហ្នឹង​ សាមីខ្លួន​ក៏​លេបថ្នាំ​ពន្យារកំណើត​មករ​ហូត​ទៀត​… តើ​កូន​នឹង​កើតអ្វី​ដែរ​ឬទេ​? មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​ឬទេ​?

យើង​នាំគ្នា​មក​មើល​ចម្លើយ​ទាំងអស់គ្នា​…លេបថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​ តើ​កូន​នឹង​ពិការ​ដែរ​ឬទេ​?
ការ​លេបថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​នេះ​ នៅ​មិនទាន់​មានការ​អះអាង​ពីរ​បាយ​ការណ៍​ណាមួយ​ថា​ នឹង​ធ្វើ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​ពិការ​ឬយ៉ាងណា​នៅឡើយ​ទេ​ តែបើ​សិន​ជា​ដឹងខ្លួន​ថា​ មានគភ៌​ហើយ​ គួរ​បញ្ឈប់​ការ​លេបថ្នាំ​ពន្យារកំណើត​ភ្លាម​តែម្ដង​។

លេបថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​ នឹង​ធ្វើ​ឱ្យ​រលូតកូន​មែន​ឬ?
ថ្នាំ​ពន្យារកំណើត​ជា​ថ្នាំ​ដែល​ធ្វើ​ឱ្យ​ស្បូន​មាន​រំអិល​(ស្លែ​)ច្រើនឡើង​ ជញ្ជាំង​ស្បូន​មាន​ភាព​ស្ដើង​ រារាំង​បង្អាក់​ការ​បំផ្លាស់​ទី​របស់​មេជី​វិត​ដែល​នឹង​ហែល​ចូល​ទៅ​រក​ស៊ុត​ញី​ ហើយ​បើសិនជា​ហែល​ចូល​ទៅ​ចាប់បដិសន្ធិ​ជាមួយ​ស៊ុត​ញី​បាន​ក៏ដោយ​ តែ​ក៏​មិន​អាច​បង្កប់ខ្លួន​នៅនឹង​ស្បូន​បាន​ដែរ​ ព្រោះ​ស្បូន​មាន​ជញ្ជាំង​ដែល​ស្ដើង​ ហើយ​បើសិន​ច្រឡំ​លេបថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​ ឬមានផ្ទៃពោះ​ទៅ​ហើយ​ក្ដី​ ក៏​គ្មានផល​ប៉ះពាល់​ដល់​កូនតូច​ដែរ​ មិន​ធ្វើ​ឱ្យ​រលូតកូន​ដូចដែល​គេ​និយាយ​នោះ​ទេ​ចា៎ស​…។

លេបថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​ នឹង​ធ្វើ​ឱ្យ​ប្រសូត​បុត្រ​មុន​កំណត់​មែន​ឬ?
តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បាន​អះអាង​ថា​ ការ​លេបថ្នាំ​ពន្យារកំណើត​ពេល​មាន​ផ្ទៃពោះ​ អាច​ប្រថុយប្រថាន​នឹង​ការ​ប្រសូត​បុត្រ​មុន​កំណត់​ ឬទារក​កើតមក​មាន​ទម្ងន់​ខ្លួន​តិច​-ល- តែ​នៅ​មិនទាន់​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ច្បាស់​ប្រាកដ​នៅឡើយ​ទេ​។ ខាង​គ្រូពេទ្យ​តែងតែ​ប្រាប់​ជានិច្ច​ថា​ បើ​ដឹង​ថា​ ខ្លួន​មានគភ៌​ហើយ​ គួរ​បញ្ឈប់​ការ​លេបថ្នាំ​ពន្យារកំណើត​ភ្លាម​។

លេបថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​ ប្រថុយ​នឹង​ការ​មានកូន​ក្រៅ​ស្បូន​មែន​ឬ?
ចំណុច​នេះ​សូម​ឆ្លើយ​ថា​ មែន​!… ព្រោះ​មាន​របាយការណ៍​អំពី​ការ​លេបថ្នាំ​ពន្យារកំណើត​ប្រភេទ​អ័រម៉ូន​តែឯង​ និង​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ថា​ បើសិន​លេបថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​ អាច​បង្កើន​ឱកាស​ធ្វើ​ឱ្យ​កើតការ​មានគភ៌​កូន​ក្រៅ​ស្បូន​បាន​។

ប្រហែលជា​បាត់​ឆ្ងល់​ បាត់​សង្ស័យ​ និង​លែង​មានការ​ព្រួយ​កង្វល់​ហើយ​មែនទេ​?… ការ​លេប​ថ្នាំ​ពន្យារកំណើត​ពេល​មានផ្ទៃពោះ​ មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ័យខ្លាច​ដូច​ការ​គិត​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ក្ដី​សប្បាយចិត្ត​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ និង​ដើម្បី​សុខភាព​របស់​កូន​ក្នុង​ផ្ទៃ​ បើ​សង្ស័យ​ថា​ ខ្លួនឯង​ប្រហែលជា​តាំង​គភ៌​ ឬដឹង​ថា​កំពុងតែ​តាំង​គភ៌​ហើយ​នោះ​ ត្រូវ​ប្រញាប់​បោះថ្នាំ​ពន្យារកំណើត​ចោល​ទៅ​ ហើយ​ងាក​មក​ថែបំប៉ន​សុខភាព​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ ដោយ​ភោជនាហារ​ អាហារ​ការ​ហូបចុក​ដែល​ល្អ​ និង​គ្រប់គ្រាន់​សម្បូរ​បែប​វិញ​ប្រសើរ​ជាង​ ណា​ចា៎ស​៕

Advertisement