កិច្ចការ4យ៉ាង ដែលអ្នកមានផ្ទៃពោះហាមខកខាន ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនឯង

តួនាទី​មើលថែ​ទាំ​កូនតូច​ក្នុង​គភ៌​ប្រហែលជា​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​តានតឹង​មិន​ស្ទើរ​ឡើយ​ តែបើ​រវល់​តែម​កអង្គុយ​ធុញទ្រាន់​ជាប់​រហូត​នោះ​ ក៏​ប្រហែលជា​ជួយ​អ្វី​មិនបាន​ដែរ​ សុខចិត្ត​រក​កិច្ចការ​ងា​រស​ប្បា​យៗ​មក​ធ្វើ​កែ​អផ្សុក​វិញ​ល្អ​ជាង​ ព្រោះ​បើ​យើង​មាន​អារម្មណ៍ល្អ​ កូនតូច​ក្នុង​ផ្ទៃ​ក៏​មាន​សេចក្តី​សុខ​ដែរ​ ​; ដូច្នេះ​ដើម្បី​ឱ្យ​ទទួល​បាន​អារម្មណ៍​រីករាយ​ស្រស់ថ្លា​នោះ​ ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​កិច្ចការ​ងារ​ 4យ៉ាង​ ដែល​ស្រ្តី​មានគភ៌​មិន​គួរ​ខកខាន​ មក​ជម្រាប​ជូន​។

1. សម្រាក​លម្ហែ​កាយ​
គ្មាន​អំឡុង​ពេលណា​ដែល​ស័ក្តិសម​សម្រាប់​ការ​ទៅដើរ​កម្សាន្ត​សម្រាក​លម្ហែ​កាយ​ស្មើនឹង​អំឡុង​ពេល​ត្រីមាស​ទី2​ នៃ​ការ​តាំង​គភ៌​នេះ​ទៀត​ទេ​ ព្រោះ​ក្នុង​ត្រីមាស​ដំបូង​ស្ត្រី​មានគភ៌​ត្រូវ​តស៊ូ​នឹង​អាការ​ចាញ់កូន​ និង​អាការ​ទន់​ល្វើយ​ គ្មានកម្លាំង​កំហែង​។ ចំណែក​ត្រីមាស​ទី3​ វិញ​នោះ​ ពោះ​ក៏​ធំ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ ឬចង់​ធ្វើអ្វី​ក៏​មិនសូវ​ស្រួល​ដែរ​ ដូច្នេះ​អំឡុង​ពេល​នេះ​ គឺ​ស័ក្តិសម​បំផុត​។ បើ​ធ្វើដំណើរ​ដោយ​យន្តហោះ​ អាច​នឹង​ត្រូវ​មើល​ពី​ចំណុច​តម្រូវ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នី​មួយ​ៗផង​ តែបើ​ធ្វើដំណើរ​តាម​រថយន្ត​វិញ​ ក៏​កុំ​ភ្លេច​ឈប់​ចូល​សំចត​ឱ្យ​បាន​ញឹកញាប់​ផង​ដែរ​ ដើម្បី​បាន​តម្រង់​ដៃ​តម្រង់ជើង​ខ្លះ​ ឬបើ​ធ្វើដំណើរ​តាម​ទូក​វិញ​នោះ​ ឡា​រ៉ែ​ន មិន​ណែនាំ​ឱ្យ​ជិះទូក​លឿន​ (Speed​ boat​) ឬទូ​កតូច​ៗស្រាល​ៗដែល​អាច​លោត​រលា​ក់​ខ្លាំង​ៗពេល​ប៉ះ​នឹង​ទឹករលក​នោះ​ទេ​ ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​បាន​។

2. សរសេរ​សំបុត្រ​ទុក​ឱ្យ​កូន​មើល​នៅពេល​កូន​ធំឡើង​
ចំណុច​នេះ​សូម​យកចិត្ត​អនាគត​អ្នកម្តាយ​ដែល​ចូលចិត្ត​សរសេរ​កត់​កំណត់ហេតុ​ជាពិសេស​តែម្តង​។ ការ​សរសេរ​កំណត់ហេតុ​ ឬសំបុត្រ​នេះ​ ជួយ​សាង​នូវ​សម្ពន្ធភាព​យ៉ាង​ស៊ីជម្រៅ​រវាង​ម្តាយ​ និង​កូន​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​ មាន​អារម្មណ៍​ថា​ជា​មនុស្ស​តែមួយ​កាន់តែ​ខ្លាំង​ឡើង​ និង​ក្នុង​ន័យ​មួយទៀត​ វា​នៅ​អាច​ជួយ​ឱ្យ​អនាគត​អ្នកម្តាយ​បាន​ទម្លាយ​ភាព​តានតឹង​នៅ​ក្នុងចិត្ត​ចេញ​មក​បាន​យ៉ាង​ល្អ​ទៀតផង​។ ចុងក្រោយ​នៅពេល​កូន​ធំឡើង​ ហើយ​បាន​អាន​កំណត់ត្រា​នេះ​ ក៏​នឹង​រឹតតែ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​ដឹងពី​សេចក្តី​ស្រឡាញ់​ ក្តី​បារម្ភ​ ជា​ការ​ចង​រឹតខ្សែ​សម្ពន្ធ​ដ៏​ល្អ​បំផុត​។ ចំណែក​អ្នកម្តាយ​ដែល​មិន​ចូលចិត្ត​ការ​សរសេរ​វិញ​ ក៏អាច​ប្រើ​វិធី​ផ្សេងទៀត​បាន​ដែរ​ ដូចជា​ប្រើ​ស្មា​តហ្វូ​នថត​សំឡេង​ទុកជា​ដើម​។

3. ដើរ​ហាង​ទិញ​សម្លៀកបំពាក់​មានផ្ទៃពោះ​
ចំណុច​នេះ​ច្បាស់ជា​ត្រូវចិត្ត​នា​រីៗ​យើង​យ៉ាង​ពិតប្រាកដ​ ព្រោះ​ការ​បាន​ដើរ​សប​ភីង​រើស​ទិញ​ខោ​អាវ​ថ្មី​ៗ ស្អា​តៗ​ គឺជា​ភាព​រីករាយ​ជក់ចិត្ត​ខ្លាំង​មែនទែន​សម្រាប់​នា​រីៗ​យើង​ ហើយ​បើ​ឆ្លៀតឱកាស​នេះ​ដឹកដៃ​មិត្តភក្តិ​ ឬស្វាមី​ឱ្យទៅ​ជួយ​រើស​ឈុត​ពោះធំ​ម៉ូដ​ដែល​ស្រឡាញ់​ចូលចិត្ត​ ទាំង​ឈុត​នៅផ្ទះ​ ឈុត​ទៅដើរ​លេង​ ឈុត​ចូលរួម​កម្មវិធី​ ស្បែកជើង​ ឈុត​ខាងក្នុង​-ល និង​ល-ផង​នោះ​ ទោះជា​ដើរ​ឡើង​ហត់​ប៉ុនណា​ ក៏​នៅតែ​មាន​សេចក្តី​សុខ​ក្នុងចិត្ត​ ធូរ​អារម្មណ៍​ និង​បា​ត់​ស្រេ្តស​អស់​ជាច្រើន​ថ្ងៃ​ដែរ​។

4. លាប​គ្រី​មថែបំប៉ន​ស្បែក​
ដោយសារតែ​ក្បាលពោះ​អនាគត​អ្នកម្ដាយ​ដែល​កាន់តែ​ធំឡើង​ ធ្វើ​ឱ្យ​ស្បែក​បែក​សង្វារ​ និង​រមាស់​នោះ​ ទើប​អនាគត​អ្នកម្តាយ​ត្រូវតែ​លាប​គ្រី​មនៅ​លើ​ក្បាលពោះ​ តែ​ការ​លាប​គ្រី​មបែប​ធម្ម​តាៗ​នោះ​ អាច​នឹង​គួរ​ឱ្យ​ធុញទ្រាន់​ណាស់​ ដូច្នេះ​ចូរ​សាកល្បង​បន្ថែម​សេចក្តី​សប្បាយរីករាយ​ដោយ​ការ​និយាយលេង​ជាមួយ​កូន​ ច្រៀង​ចម្រៀង​ ឬនិយាយ​រឿង​រ៉ាវ​ផ្សេង​ៗម្តង​ទៅ​មើល៍​(សប្តាហ៍​ទី​ 16​ កូន​ចាប់ផ្តើម​ស្តាប់​ឮហើយ​) ដែល​ក្រៅពី​ធ្វើ​ឱ្យ​អនាគត​អ្នកម្តាយ​មាន​អារម្មណ៍​ធូរស្រាល​ហើយ​ កូន​នៅក្នុង​ផ្ទៃ​ក៏​មាន​សេចក្តី​សុខ​ផង​ដែរ​។

ក្នុង​ការងារ​វិភាគ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ការ​និយាយលេង​ជាមួយ​កូន​នៅក្នុង​គភ៌​របស់​ឪពុក​ម្តាយ​ ធ្វើ​ឱ្យ​កូនតូច​ស្គាល់​ និង​ចងចាំ​សំឡេង​របស់​ឪពុកម្ដាយ​បាន​ និង​នៅពេល​ប្រសូត​ចេញ​មក​នឹង​ធ្វើ​ឱ្យ​កូន​គ្មាន​អារម្មណ៍​តានតឹង​ និង​មាន​សុវត្ថិភាព​ល្អ​បំផុត​ទៀតផង​៕

Advertisement