បង្ហាត់​កូនតូច​ឱ្យ​មាន​សុជីវធម៌​ពេល​ញ៉ាំ​អាហារ​

ម្តង​ទៀតហើយ​ដែល​កូនសម្លាញ់​យក​ដៃ​ប្រឡូក​លេង​ក្នុង​ចាន​ស្ប៉ា​ហ្គេ​តទី​ដ៏​សែន​ឆ្ងាញ់​ដែល​អ្នកម្តាយ​ខំ​ឆា​ឱ្យ​កូន​ញ៉ាំ​… មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ កូនសម្លាញ់​ថែមទាំង​យកដៃ​ចាប់​សរ​សៃ​ស្ប៉ា​ហ្គេ​តទី​ដាក់​ចូល​មាត់​ឡើង​ប្រឡាក់​ពេញមាត់​ទៀតផង​។ហើយដែល​អាក្រក់​ជាង​អ្វី​ទាំងអស់​នោះ​ គឺ​ពេល​ដែល​កូនតូច​ធ្វើសរសៃ​មី​ស្ប៉ា​ហ្គេ​តទី​ខ្ទាត​ទៅ​ប្រឡាក់​អាវ​ពណ៌ស​របស់​ប៉ា​ដែល​អង្គុយ​ញ៉ាំ​នៅ​ក្បែរ​នោះ​ទៀតផង​។ បើ​តែ​យ៉ាងនេះ​ គម្រោង​ដែល​គិតថា​ ចង់​នាំ​កូនសម្លាញ់​ទៅ​ជប់លៀង​ឆ្លង​ឆ្នាំ​ថ្មី​នៅផ្ទះ​លោកនាយ​ ប្រហែលជា​ត្រូវ​លុបចោល​ហើយ​មើលទៅ​…។

តែ​ឈប់​សិន​… អ្នកម្តាយ​មិន​ចាំបាច់​លុប​ចោល​គម្រោង​ជប់លៀង​ឆ្លង​ឆ្នាំ​ថ្មី​នោះ​ក៏បាន​ដែរ​ បើសិនជា​អ្នកម្តាយ​ចេះ​បង្ហាត់​សុជីវធម៌​ដល់​កូនតូច​នៅពេល​ញ៉ាំបាយ​ តាំងពី​ពេល​កូន​ចាប់ផ្តើម​អង្គុយ​ញ៉ាំ​អាហារ​នៅ​លើ​កៅអី​ខ្ពស់​សម្រាប់​ក្មេង​(High​ Chair​)បាន​នោះ​។
ដោយ​ដំណាក់​កា​លងាយៗ​ក្នុង​ការ​បង្ហាត់​កូន​ឱ្យ​មាន​សុជីវធម៌​ពេល​ញ៉ាំ​អាហារ​ជាមួយ​មនុស្ស​ធំ​នេះ​ គួរ​ចាប់ផ្តើម​ពី​ពេល​ឱ្យ​កូនតូច​អង្គុយ​ញ៉ាំបាយ​រួម​តុ​ជាមួយ​ឪពុកម្ដាយ​ ដើម្បី​ឱ្យ​កូន​បាន​មើលឃើញ​ពី​សុជីវធម៌​ដ៏​ត្រឹមត្រូវ​ពី​លោកឪពុក​ និង​អ្នកម្តាយ​របស់​គេ​ជាមុន​សិន​ ព្រោះ​វិធី​ធ្វើ​ឱ្យ​កូន​មើលឃើញ​ជាឧទាហរណ៍​នេះ​ ជា​វិធី​មួយ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ណាស់​ ដោយ​លោកឪពុក​អ្នកម្តាយ​អាច​ចាប់ផ្តើម​តាំងពី​ការ​-លាង​សម្អាត​ដៃ​មុន​ពេល​បរិភោគ​អាហារ​… ប្រើ​ស្លាបព្រា​សម​ដួស​ម្ហូបអាហារ​យ៉ាង​សុភាព​…ពោល​ពាក្យ​ថា​ “អរគុណ​” រាល់ពេល​ដែល​មាន​អ្នក​ដួស​ម្ហូប​ដាក់​ឱ្យ​… មិន​អាន​សៀវភៅ​ ឬមើល​ទូរទស្សន៍​ ឬលេង​ទូរស័ព្ទ​ក្នុង​ពេល​ទទួលទាន​អាហារ​ជាដើម​-ល- បន្ទាប់ពី​នោះ​ ប្រាកដ​ណាស់​ កូនតូច​ដែល​តែងតែ​ចង់ឱ្យ​លោកប៉ា​ និង​អ្នក​ម៉ាក់​ពេញចិត្ត​នោះ​ នឹង​កត់ចំណាំ​ទង្វើ​ទាំងនោះ​ ហើយ​និង​ធ្វើតាម​ជាមិនខាន​។ពេល​កូនតូច​ចាប់​ផ្តើម​ប្រ​ត្តិ​បត្តិ​តាមអ្វី​ដែល​អាណាព្យាបាល​សម្តែង​ឱ្យ​គេ​ឃើញ​ហើយ​នោះ​លោកឪពុក​-អ្នកម្តាយ​ក៏​មិន​គួរ​សរសើរ​កូនសម្លាញ់​ជ្រុល​ពេក​ឡើយ​ ព្រោះ​វិធី​នេះ​អាច​ធ្វើ​ឱ្យ​កូន​គិត​ថា​ គេ​គឺជា​ចំណុច​កណ្តាល​នៃ​ការចាប់អារម្មណ៍​គ្រប់ពេល​ដែល​ដល់ពេល​ចូល​តុបាយ​ និង​ដែល​សំខាន់​នោះ​ គឺ​កុំ​នឹក​សង្ឃឹមថា​ កូន​នឹង​សម្តែង​សុជីវធម៌​ដ៏​សមស្រប​ទាំងនោះ​បាន​ក្នុងរយៈពេល​ដ៏​ខ្លី​ឱ្យ​សោះ​ ព្រោះ​ពេលខ្លះ​កូនតូច​ក្នុង​វ័យ​នេះ​ នៅ​តែ​សប្បាយរីករាយ​ជាមួយ​អាហារ​ដែល​ងាយស្រួល​ចាប់កាន់​ញ៉ាំ​(Finger​ Food​)ដដែល​។
ក្នុងអំឡុងពេល​ដែល​លោកឪពុក​អ្នកម្តាយ​កំពុង​ព្យាយាម​បង្រៀន​រឿង​សុជីវធម៌​ពេល​ញ៉ាំបាយ​ដល់​កូនតូច​នោះ​ ប្រហែលជា​មាន​ពេលខ្លះ​ហើយ​ ដែល​កូនតូច​នៅតែ​ប្រឡូក​ប៉ូកប៉ាក់​ប្រឡាក់​ពេញមុខ​ ឬមាន​ទង្វើ​ដែល​មិន​ស័ក្តិសម​ខ្លះ​មិន​ខាន​… ស្ថិត​ក្នុង​ស្ថានការណ៍​បែបនេះ​ អាណាព្យាបាល​មាន​ជម្រើស​ 2ចំណុច​ គឺទី1​ ធ្វើជា​មិន​ចាប់អារម្មណ៍​នឹង​ទង្វើ​ទាំងអស់​នោះ​ មិនថា​កូន​ព្រួស​បាយ​ពេញ​តុ​ ស្រែក​ចេចចាច​ ឬខ្ជាក់​បាយ​ដាក់​ក្នុង​ចាន​ជាដើម​ក្ដី​ សូម​លោកឪពុក​អ្នក​ម្តាយ​ធ្វើព្រងើយ​ ធ្វើដូចជា​គ្មានអ្វី​កើត​ឡើង​អុីចឹង​ទីបំផុត​ កូន​នឹង​បញ្ឈប់​ទង្វើ​ទាំងនោះ​ដោយឯកឯង​ នៅពេល​ដែលគេ​មើលឃើញ​ថា​ អ្វី​ដែលគេ​ធ្វើ​នោះ​មិន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​លោកប៉ា​អ្នក​ម៉ាក់​បាន​។ ចំណុច​ទី2​ គឺ​រិះរក​វិធី​កែ​បញ្ហា​ ដូចជា​ជូត​មាត់​ឱ្យ​កូន​ រាល់ពេល​ដែល​កូន​ខ្ជាក់​បាយ​មក​ប្រឡាក់​មាត់​ រហូត​ទាល់តែ​កូនតូច​ឈប់​ខ្ជាក់​ដោយឯកឯង​ ឬក៏​ពេល​ដែលគេ​ប្រើ​ដៃ​ចាប់​អាហារ​ អ្នក​ក៏​យក​ស្លាបព្រា​ដាក់​ក្នុង​ដៃ​កូន​ ជាដើម​។ ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ​ លោកឪពុក​-អ្នកម្តាយ​ខ្លះ​ អាច​នឹង​នាំ​កូនតូច​ចេញពី​តុបាយ​មួយភ្លែត​សិន​ ដើម្បី​នាំទៅ​អធិប្បាយ​ប្រាប់​ពី​កិរិយាមារយាទ​ដែល​សមរម្យ​របស់​កូន​តូច​ក៏អាច​ធ្វើ​បាន​ដែរ​។

តែ​ដែល​សំខាន់​លើស​អ្វី​ទាំងអស់​ក្នុង​ការ​បង្រៀន​ឱ្យ​កូនតូច​មាន​សុជីវធម៌​ក្នុង​ពេល​ញ៉ាំ​បាយ​នោះ​ ប្រហែលជា​ចៀស​មិន​ផុត​ពី​ភាព​យល់​ចិត្តអាណិតអាសូរ​របស់​ឪពុក​ម្តាយ​ចំពោះ​កូន​តូច​សម្លាញ់​ឡើយ​៕

Advertisement