វិធី​ 7យ៉ាង​សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

វិធី​មើលថែ​ទាំ​ខ្លួន​ក្នុងអំឡុងពេល​មានគភ៌​របស់​ស្ត្រី​ មានផល​ដល់​ភាព​ឆ្លាត​វាងវៃ​ខាង​សតិបញ្ញា​របស់​កូនតូច​នៅក្នុង​គភ៌​… ខាង​ក្រោម​នេះ​ គឺជា​វិធី​ 7យ៉ាង​ក្នុង​ការ​សាង​ភាព​ឆ្លាតវៃ​ដល់​កូនតូច​ដែល​នៅក្នុង​ផ្ទៃ​។ តើមាន​អ្វីខ្លះ​នោះ​ សូម​តាមដាន​ដូចតទៅ​ ។

1. ធ្វើ​អារម្មណ៍​ឱ្យ​ល្អជា​និច្ច​ : ដើម្បី​ឱ្យ​រាងកាយ​បាន​បញ្ចេញ​សារធាតុ​នៃ​សេចក្តី​សុខ​ចេញ​មក​ និង​បញ្ជូន​បន្ត​ទៅដល់​កូន​ ដែល​នឹង​ធ្វើ​ឱ្យ​កូន​មាន​វិវឌ្ឍនាការ​ដែល​ល្អ​ទាំង​ខួរក្បាល​(IQ​) និង​អារម្មណ៍​(EQ​) តែបើ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ ធុញថប់​ខឹង​ច្រើន​វិញ​នោះ​ រាងកាយ​អ្នក​ម្តាយ​នឹង​បញ្ចេញ​សារធាតុ​ អា​ឌ្រី​ណា​លីន​ ជំនួស​វិញ​ ដែល​វា​នឹង​ហុច​ផល​ដល់​កូន​នៅពេល​កើត​មក​ ក្លាយជា​ក្មេង​ងង៉ក់​ រករឿង​ច្រើន​ ពិបាក​ចិញ្ចឹម​និង​មាន​វិវឌ្ឍនាការ​ខាង​រាងកាយ​ និង​ចិត្តគំនិត​យឺត​។

2. ទទួលទាន​អាហារ​ឱ្យ​បាន​សមរម្យ​ : ជាពិសេស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​មិន​កក​ ដូចជា​ DHA​ , AA​ និង​ ARA​ ដែល​មាន​ច្រើន​នៅក្នុង​សាច់​ត្រី​សមុទ្រ​ផ្សេង​ៗ ដែល​ទាំង​អស់នោះ​ជា​អង្គ​ប្រកប​ដ៏​សំខាន់​មួយ​របស់​សាច់​ខួរក្បាល​របស់​កូន​ដល់ទៅ​ 60​%។

3. ហាត់ប្រាណ​ : ពេល​អ្នកមាន​គភ៌​ហាត់ប្រាណ​ កូន​នៅក្នុង​ផ្ទៃ​ក៏​នឹង​ធ្វើ​ចលនា​តាម​ចង្វាក់​ការហាត់ប្រាណ​របស់​អ្នកម្តាយ​ដែរ​ ហើយ​ការ​ធ្វើ​ចលនា​នេះ​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​របស់​កូន​ឱ្យ​វិវឌ្ឍ​បាន​កាន់តែ​ល្អ​ឡើង​។

4. អង្អែល​ក្បាលពោះ​ : នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​សរសៃប្រសាទ​ និង​ខួរក្បាល​ផ្នែក​ទទួលដឹង​ពី​អារម្មណ៍​របស់​កូន​ឱ្យ​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​។ អាច​ធ្វើ​បាន​ដោយ​ទិច​និ​កងាយ​ៗ គឺ​ចូរ​អ្នកម្តាយ​អង្អែល​ក្បាលពោះ​ជា​រាង​រង្វង់​មូល​ ទៅមក​ពី​ខាងណា​មុន​ក៏បាន​ដែរ​។

5. និយាយលេង​ជាមួយ​កូន​ឱ្យ​បាន​ញឹកញាប់​ : ប្រព័ន្ធ​ប្រសាទ​ការ​ស្តាប់​របស់​កូន​នឹង​ចាប់ផ្តើម​ធ្វើការ​នៅ​ពេល​ដែល​គភ៌​របស់​អ្នកម្តាយ​មាន​អាយុ​បាន​ប្រមាណ​ជា5ខែ​។ ការ​និយាយលេង​ជាមួយ​កូន​ដោយ​សំឡេង​ដ៏​ទន់ភ្លន់​ ដោយ​ពាក្យ​សម្ដី​ប្រយោគ​ដដែល​ៗ នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​និង​ខួរក្បាល​ ដែល​គ្រប់គ្រង​ការ​ស្ដាប់ឮ​របស់​កូន​ វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ស្ដាប់ឮ​ក្រោយពេល​ប្រសូត​ចេញ​មក​ហើយ​ទៀតផង​។

6. ស្តាប់​បទភ្លេង​ពីរោះ​ សប្បាយ​ៗ : មិន​ថា​អ្នកម្តាយ​ស្តាប់​បទភ្លេង​អ្វីក៏ដោយ​កូនតូច​ក៏​នឹង​បាន​ស្តាប់​តាម​នោះ​ដែរ​ បើ​រឹតតែ​ជា​បទភ្លេង​ពីរោះ​បែប​សប្បាយ​ៗ ឬបទ​ភ្លេង​ក្លា​សស៊ិ​កផង​នោះ​ នឹង​រឹតតែ​ជួយ​ជំរុញ​ឱ្យ​បណ្តាញ​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ស្តាប់​ឮរបស់​កូនតូច​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ ហើយ​នៅពេល​ដែល​កូន​ប្រសូត​ចេញ​មក​នឹង​មាន​សមត្ថភាព​ក្នុង​ការ​រៀង​លំដាប់​ការ​គិត​នៅក្នុង​ខួរក្បាល​បាន​ល្អ​ មាន​អារម្មណ៍​ធូរស្រាល​ល្អ​ និង​ចងចាំ​រឿង​រ៉ាវ​ផ្សេង​ៗបាន​ល្អ​ទៀតផង​។

7. បញ្ចាំង​ភ្លើង​ចំក្បាល​ពោះ​ : នៅពេល​ដែល​គភ៌​អ្នកម្តាយ​មាន​អាយុ​បាន​7ខែ​ កូនតូច​ក្នុង​ផ្ទៃ​អាច​ប្រិច​ភ្នែក​បាន​ហើយ​។ ការ​បញ្ចាំង​ភ្លើង​ចំ​ក្បាលពោះ​នឹង​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាល​ និង​សរសៃប្រសាទ​ផ្នែក​ទទួល​រូបភាព​ និង​ការ​មើលឃើញ​របស់​កូនតូច​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​បើកភ្នែក​មើល​ឃើញ​ក្រោយពេល​កើត​ចេញ​មក​៕

Advertisement