ការ​ចិញ្ចឹម​កូន​ក្នុង​សតវត្សរ៍​ទី21​ តើ​ត្រូវ​ត្រៀម​រួចជាស្រេច​សម្រាប់​កូន​ប៉ុនណា​ទើប​គ្រប់គ្រាន់​?

ត្រូវតែ​ទទួលស្គាល់​ថា​ ពិភព​លោក​សព្វថ្ងៃ​នេះ​វិល​លឿន​មែនទែន​ មិន​ដូច​សម័យ​យើង​កាលពី​អតីត​ឡើយ​។ ក្មេង​ដែល​កើត​ និង​ធំធាត់​ឡើង​ក្នុង​យុគ​សតវត្សរ៍​ទី21​ នេះ​ កំពុង​ជួបនឹង​យុគសម័យ​ដែល​មានការ​ផ្លាស់ប្ដូរ​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​។ លោកឪពុក​ អ្នកម្ដាយ​ខ្លួនឯង​ក៏​កំពុង​ប្រឈម​នឹង​ភាព​សាកល្បង​ដែល​មិនធ្លាប់​កើតមាន​ពីមុន​មក​ដូចគ្នា​ដែរ​ ឧទាហរណ៍​ដូចជា​ មុខរបរ​អាជីព​ជាច្រើន​ក្នុង​អតីតកាល​ ត្រូវ​បាន​រលាយ​បាត់​ ខណៈ​ពេល​ជាមួយគ្នា​ ក៏​មានមុខ​របរ​អា​ជីព​ថ្មី​ៗដែល​មិន​នឹក​ស្មាន​ដល់​បាន​កើតឡើង​ដែរ​ ដូចជា​ You​ tuber​ ឬ Caster​ ការ​សរសេរ​កូដ​ ឬ Coding​ របស់​លេង​ ឬវិធីការ​រៀន​យល់ដឹង​បែប​ថ្មី​ៗ ដែល​ធ្វើ​ឱ្យ​ពេលខ្លះ​បទ​ពិសោធ​កាលពី​អតីតកាល​របស់​ឪពុកម្ដាយ​ លែង​អាច​ជួយ​ក្នុង​ការ​ចិញ្ចឹម​មើលថែ​កូន​បាន​តទៅទៀត​។ល។

រឿង​តែមួយគត់​ដែល​ឪពុកម្ដាយ​ក្នុង​យុគ​សតវត្សរ៍​ទី21​ នេះ​ធ្វើ​បាន​ល្អ​បំផុត​ គឺ​ការ​ត្រៀម​រួចជាស្រេច​សម្រាប់​កូន​ជាមួយ​ការ​រៀន​យល់ដឹង​ និង​ប្រឈម​ជាមួយ​បញ្ហា​គ្រប់​ស្ថានការណ៍​ដែល​កើតឡើង​ ដើម្បីអ្វី​ដែល​ថា​ ទោះជា​គេ​(កូន​)នឹង​ជួប​រឿង​អ្វី​នា​ពេល​អនាគត​ ក៏អាច​ទប់ទល់​បាន​យ៉ាង​ទាន់ពេល​វេលា​ និង​ត្រៀម​ជាស្រេច​ក្នុង​ការ​រៀន​យល់ដឹង​ពី​រឿង​រ៉ាវ​ផ្សេង​ៗដែល​កើតឡើង​ បាន​យ៉ាង​មានប្រសិទ្ធភាព​បំផុត​។តើ​ឪពុកម្ដាយ​អាច​ត្រៀម​ភាព​ប្រុងប្រៀប​រួច​ជាស្រេច​ឱ្យ​កូន​យ៉ាងណា​?

1. បង្ហាត់​កូន​ឱ្យ​ចេះ​ជួយ​ខ្លួនឯង​អាច​បង្ហាត់បង្រៀន​បាន​តាំងពី​កូន​នៅ​តូច​ ដូចជា​ ញ៉ាំបាយ​ ងូតទឹក​ ដុស​សម្អាត​ធ្មេញ​… ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​ថា​ ខ្លួន​គេ​អាច​ទៅរួច​ ធ្វើអ្វី​ក៏បាន​ ស្រឡាញ់​ និង​មាន​មោទនភាព​លើ​ខ្លួនឯង​ ឬដែល​ហៅថា​ Self​-esteem​ ដែល​ជា​ដំណាក់កាល​ដំបូង​របស់​ការ​អភិវឌ្ឍ​ខួរក្បាល​។

2. បណ្ដោយ​ឱ្យ​កូន​លេង​ ព្រោះ​ការ​លេង​ គឺជា​ការងារ​របស់​ក្មេង​ក្នុងអំឡុងពេល​ដែល​កូន​លេង​ នឹង​កើត​មានការ​តាំង​គោលដៅ​រយៈពេល​ខ្លី​ម្ដងម្កាល​ដោយ​ធម្មជាតិ​។ មានការ​ប្រើ​ម្រាមដៃ​ទាំង10​ និង​ប្រព័ន្ធ​ប្រសាទ​ប៉ះពាល់​ទាំង5​ ធ្វើ​ឱ្យ​ខួរក្បាល​ផ្នែក​ខាងមុខ​បាន​ទទួលការ​អភិវឌ្ឍ​។ ឧទាហរណ៍​ការ​លេង​ដែល​ជួយ​ជំរុញ​ខួរក្បាល​របស់​កូន​ ដូចជា​ ការ​ផាត់ពណ៌​ សូន​រូប​ជាមួយ​ដីឥដ្ឋ​ លេង​តម្រៀប​ដុំ​ឈើ​ និង​លេង​តោង​ឡើងជា​ដើម​។

3. សាង​សម្ពន្ធភាព​ដ៏​ល្អ​ដោយ​ការ​ចិញ្ចឹម​មើលថែ​កូន​បែប​វិជ្ជមាន​ដោយ​ការ​បង្ហាត់បង្រៀន​កូន​ដោយ​ហេតុផល​ បើកឱកាស​ឱ្យ​កូន​ចេះ​គិត​វិភាគ​ យល់ដឹង​ ដោះស្រាយ​កែខៃ​បញ្ហា​ដោយខ្លួនឯង​ ដែល​ទាំងអស់​នេះ​នឹង​ជួយ​អភិវឌ្ឍ​ “ខួរក្បាល​ផ្នែក​ខាង​គិត​” បន្ត​ឆ្ពោះទៅ​រក​ការ​រៀន​យល់ដឹង​។ ការ​សម្លុត​ ការ​ទិតៀន​ កា​រប​ញ្ជួ​សបន្សោក​ ឬការ​ដាក់​ទោស​ឱ្យ​រាងចាល​ នឹង​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​ថា​ គ្មាន​សុវត្ថិភាព​ និង​ខួរក្បាល​មិនបាន​ទទួលការ​អភិវឌ្ឍ​។

4. យកចិត្ត​ទុកដាក់​រឿង​ភោជនាហារ​ជាពិសេស​បំផុត​សារធាតុ​អាហារ​ដែល​ប្រើ​ក្នុង​ការ​អភិវឌ្ឍ​ខួរក្បាល​កូន​ មាន​ដូចជា​ ប្រូ​តេ​អុីន​ អាស៊ីត​ខ្លាញ់​ចាំបាច់​ DHA​ និង​ARA​ សារធាតុ​ដែក​ អុី​យ៉ូ​ដ វីតាមីនA​ និង​វីតាមីនB12​ ដែល​អ្នកម្ដាយ​អាច​ធ្វើ​បាន​តាំងពី​កូន​កើត​ដំបូង​តាមរយៈ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​រយៈពេល​យ៉ាងតិច​ 6ខែ​ តាមដោយ​ការ​មើលថែ​ទាំ​កូន​ឱ្យ​បាន​ទទួល​សារធាតុ​អាហារ​ទៅតាម​វ័យ​ដែល​ស័ក្តិសម​ ដូចជា​ ស៊ុត​ ត្រី​សមុទ្រ​ បន្លែ​ល្ពៅ​ ការ៉ុត​ បន្លែ​ស្លឹក​បៃតង​ និង​ទឹកស៊ុប​ដែល​មានប្រយោជន៍​ជាដើម​។

ជាស​រុ​បទៅ​ក៏​គឺ​ បើ​សួរ​ថា​ តើ​ការ​ចិញ្ចឹម​កូន​ក្នុង​សម័យនេះ​ មាន​អ្វី​ដែល​ខុសប្លែក​ពីមុន​ខ្លះ​នោះ​?… ចម្លើយ​គឺ​ គោលការណ៍​គ្រឹះ​មិន​ខុស​គ្នា​ទេ​ តែ​នឹង​ខុសគ្នា​ក៏​ត្រង់​រឿង​តិ​ចណូ​ឡូ​ជី​ ដូច្នេះ​យើង​ត្រូវ​ត្រៀម​ឱ្យ​កូន​ឱ្យ​រួចជាស្រេច​ក្នុង​ការ​រៀន​យល់ដឹង​គ្រប់ពេលវេលា​។ សង្គ​ត់​ធ្ងន់​លើ​ការ​អភិវឌ្ឍ​ជំនាញ​គ្រប់​ផ្នែក​ ទាំង​ជំនាញការ​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ និង​ជំនាញការ​រស់នៅ​ រួម​ទាំង​យកចិត្ត​ទុកដាក់​រឿង​ភោជនាហារ​ដែល​មាន​ផលប្រយោជន៍​ដល់​ខួរក្បាល​ ដើម្បី​ឱ្យ​កូន​អាច​រស់នៅ​ក្នុង​សង្គម​បាន​យ៉ាង​មាន​សេចក្ដីសុខ​ និង​ក្លាយជា​បុគ្គល​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​សតវត្សរ៍​ទី21នេះ​៕

Advertisement