វិធី​កែ​និស្ស័យ​កូន​ ចូលចិត្ត​ប្រកែក​…

ខាងក្រោម​នេះ​ គឺជា​សំណួរ​របស់​អ្នកម្តាយ​ម្នាក់​ដែល​កំពុងតែ​ព្រួយបារម្ភ​អំពី​និស្ស័យ​មិនល្អ​របស់​កូនប្រុស​ ដែល​បាន​សួរ​ទៅ​អ្នកជំនាញ​ខាង​ចិត្តវិទ្យា​កុមារ​ ព្រោះតែ​ខ្លាច​វា​ក្លាយទៅជា​ទម្លាប់​អាក្រក់​នៅពេល​ដែលគេ​ធំឡើង​ នា​ពេល​អនាគត​។ សូម​ប្រី​យមិ​ត្ត​អ្នកអាន​ ជាពិសេស​មាតាបិតា​ និង​អាណាព្យាបាល​ដែល​មានកូន​តូច​ទាំងឡាយ​ តាមដាន​ និង​យក​ធ្វើជា​ចំណេះដឹង​ក្នុង​ការ​មើលថែ​ទាំ​ និង​អប់​រំ​កូន​ៗដូចតទៅ​ ៖

ខាងក្រោម​នេះ​គឺជា​បញ្ហា​ និង​សំណួរ​ដែល​អ្នក​ម្ដាយ​របស់​កូនប្រុស​អាយុ​ 4ឆ្នាំ​ម្នាក់​បាន​សួរ​ទៅ​គ្រូពេទ្យ​ជំនាញ​…“-នាងខ្ញុំ​សុំ​ការណែនាំ​អំពី​វិធី​កែ​និស្ស័យ​កូន​ដែល​ចូលចិត្ត​ប្រកែក​ និង​រឹង​ឌឺ​ ព្រោះ​នាងខ្ញុំ​ខ្លាច​កូន​ធ្លាប់ខ្លួន​ យក​និស្ស័យ​មិនល្អ​នេះ​ទៅ​ប្រើ​នៅ​ឯសាលា​រៀន​។

សំណួរ​ : កូនប្រុស​នាងខ្ញុំ​ អាយុ4ឆ្នាំ​ហើយ​ ជា​ក្មេង​បុិន​សម្ដី​ណាស់​(ពូកែ​និយាយ​) តែ​ចូលចិត្ត​លួច​រឹង​ និង​ឌឺ​ស្ងាត់​។ ពេល​ប្រាប់​គេ​ឱ្យទៅ​ធ្វើអ្វី​មួយ​ គេ​ចូលចិត្ត​តែ​ប្រកែក​ជានិច្ច​។ នាងខ្ញុំ​ខ្លាច​ពេល​ចូល​សាលារៀន​ហើយ​ ខ្លាច​គេ​ទៅ​ប្រកែក​ជាមួយ​អ្នកគ្រូ​ និង​មិត្តភក្តិ​ និង​ខ្លាចក្រែង​គេ​ចូល​មិន​ចុះ​ជាមួយ​អ្នកឯទៀត​។ សួរ​ថា​ តើ​នាងខ្ញុំ​ត្រូវ​កែសម្រួល​ ឬកែ​និស្ស័យ​នេះ​យ៉ាងណា​ស្រួល​ទៅ​?”ពី​អ្នកម្តាយ​ អូន​ ប៊យ​ / នៅ​ភ្នំពេញ​
ចម្លើយ​ : ក្មេង​បុិន​សម្ដី​ គឺជា​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍​ មនុស្សចាស់​ដែល​បាន​និយាយលេង​ជាមួយ​កុមារ​បែបនេះ​ នឹង​កើតមាន​អារម្មណ៍​ស្រឡាញ់​ និង​អាណិត​ ជាពិសេស​សម្រាប់​មនុស្ស​ចាស់​ បើ​មានកូន​ចៅ​បុិន​សម្ដី​ ចេះនិយាយ​លេង​នៅ​ជាមួយ​ផង​នោះ​ នឹង​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​។ រឿង​បុិន​សម្ដី​នេះ​ ភាគច្រើន​ ជា​លក្ខណ:ចរិត​របស់​ក្មេងស្រី​ច្រើនជាង​ក្មេងប្រុស​ តែ​ក៏​មិនមែន​ជា​រឿង​ប្លែក​អ្វី​ដែរ​ ដែល​ក្មេងប្រុស​ខ្លះ​មាន​និស្ស័យ​បុិន​សម្ដី​បែប​នោះ​ ព្រោះ​មួយ​ចំណែក​នៃ​ការ​ក្លាយជា​ក្មេង​បុិន​សម្ដី​នោះ​ គឺ​កើត​ចេញពី​ស្ថានភាព​ជុំវិញ​ខ្លួន​ និង​បុគ្គល​ដែល​នៅ​ជុំវិញ​ខ្លួន​កុមារ​នោះ​។

អាយុ​ 3-4ឆ្នាំ​ គឺជា​វ័យ​ដែល​ចាប់ផ្តើម​ចេះ​មាន​ការ​គិត​ និង​មានហេតុ​ផល​របស់​ខ្លួនឯង​ហើយ​ ក្មេង​ៗច្រើនតែ​និយាយ​ និង​ធ្វើ​ផ្ទុយពី​អ្វី​ដែល​មនុស្ស​ធំ​ប្រាប់​។ ចាប់ផ្តើម​ដោយ​ពាក្យបដិសេធ​ខាងដើម​ថា​ “ទេ​” “កូន​មិន​ធ្វើ​ទេ​” “កូន​អត់​ងូតទឹក​ទេ​” ឬ“កូន​មិន​ចង់​ញ៉ាំ​ទេ​” ជាដើម​។ល។ បន្ទាប់ពី​ពាក្យ​ថា​ “ទេ​” ភាសា​របស់​កុមារ​នឹង​វិវឌ្ឍ​ ហើយ​ចាប់ផ្តើម​រៀន​យល់ដឹង​កាន់តែ​ច្រើនឡើង​ បូក​ជាមួយនឹង​ហេតុផល​ដែល​ខ្លួន​មាន​ច្រើនឡើង​ផង​ដែរ​នោះ​ ទើប​កុមារ​ចេះ​បញ្ចេញ​គំនិត​ តម្រូវការ​ និង​អារម្មណ៍​មក​ជា​ភាសា​និយាយ​។ មកដល់ពេលនេះ​កា​របុិន​និយាយ​មាន​ 2រូប​បែប​ គឺ​ការ​និយាយ​បែប​មាន​មន្ត​ស្នេហ៍​ និង​ការ​និយាយ​ដែល​មនុស្ស​ធំ​ហៅថា​ “ប្រកែក​”។ កូន​អ្នកស្រី​មិនមែន​ជា​ក្មេង​រឹង​ឌឺ​ទេ​ តែ​អ្នក​ជំនាញ​យល់ថា​ កូន​កំពុងតែ​មានការ​ចេះ​គិត​ មាន​ហេតុផល​ ដូច្នេះ​អ្នកម្តាយ​ត្រូវ​ធ្វើ​ចិត្ត​ត្រ​ជា​ក់ៗ​ បើ​កូន​ប្រកែក​ពេល​អ្នកម្តាយ​ប្រាប់​ឱ្យធ្វើ​អ្វីមួយ​នោះ​ ចូរ​កុំ​បន្ទោស​ ឬដាក់ទោស​កូន​ដោយ​ការ​វាយ​ឱ្យ​សោះ​ ព្រោះ​កូន​នៅ​មិនទាន់​យល់ដឹង​ថា​ ការ​និយាយ​តមាត់​ ការ​និយាយ​ប្រកែក​នឹង​ម្តាយ​នេះ​ ហេតុ​អី​បាន​ជា​គេ​មិន​អាច​ធ្វើ​បាន​? ផ្ទុយទៅវិញ​ បើ​កូន​ប្រកែក​ហើយ​ អ្នកម្តាយ​សើច​ ហើយ​និយាយ​ប្រកែក​ទៅវិញ​នោះ​ កូន​អាច​នឹង​គិតថា​ គេ​អាច​ធ្វើ​បែបនេះ​ជាមួយ​ម្តាយ​បាន​ ដូច្នេះ​ការ​កែសម្រួល​ ឬកែ​និស្ស័យ​បែបនេះ​ អ្នកជំនាញ​ខាង​ចិត្តវិទ្យា​របស់​កុមារ​សូម​ណែនាំ​ដូចតទៅ​ ៖

-កូន​ជា​ក្មេង​បុិន​សម្ដី​ អ្នកម្តាយ​គួរ​បង្កើន​ និង​រិះរក​កិច្ចការ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​និយាយ​ឱ្យ​កូន​បាន​ធ្វើ​ញឹកញាប់​ ដូចជា​ឱ្យ​កូន​បាន​និយាយ​រៀបរាប់​រឿង​រ៉ាវ​ផ្សេង​ៗ ឬនិយាយ​រឿងនិទាន​ឱ្យ​អ្នក​ដែល​នៅជា​មួយ​ជិតដិត​បាន​ស្តាប់​ ដើម្បី​ឱ្យ​កូន​មានឱកាស​បាន​ស្គាល់​ពាក្យ​ស័ព្ទ​ថ្មី​ៗដែលគេ​ចង់​ប្រើ​ ព្រមទាំង​ឆ្លៀតឱកាស​បង្រៀន​កូន​អំពី​សុជីវធម៌​ក្នុង​ការ​និយាយ​ និង​ប្រាប់​ឱ្យ​កូន​បានដឹង​ថា​ សម្ដី​ណាខ្លះ​ដែល​មិន​គួរ​ប្រើជា​មួយ​មនុស្សចាស់​ ការ​ប្រើ​សំឡេង​និយាយ​ជាមួយ​អ្នកដទៃ​យ៉ាងណា​ ទើប​គួរ​ឱ្យ​ចង់​ស្តាប់​ជាដើម​។ល។

ពេល​ដែល​កូន​ប្រកែក​ អ្នកម្តាយ​គួរ​ឈប់​ ដើម្បី​ស្តាប់​សិន​ ដោយធ្វើ​ទឹកមុខ​ និង​អាកប្ប​កិរិយា​ធម្មតា​ កុំ​តមាត់​ ទាំងអស់​នេះ​ គឺ​ដើម្បី​ឱ្យ​កូន​បានដឹង​ថា​ ទង្វើ​ដែលគេ​កំពុង​ធ្វើ​នេះ​មិន​សមគួរ​ទេ​។ នៅពេល​កូន​ឈប់​ប្រកែក​ សឹម​អ្នកម្ដាយ​ប្រាប់​ពី​វិធី​ថា​ កូន​គួរតែ​និយាយ​យ៉ាងម៉េច​វិញ​ ទើប​ជា​ការ​ប្រសើរ​ជាង​។នៅពេល​ណា​ដែល​គំនិត​របស់​អ្នកម្តាយ​ និង​កូន​មិន​ត្រូវគ្នា​ យើង​គួរ​ប្រើ​វិធី​និយាយ​ជជែក​ពិភាក្សា​គ្នា​ ដើម្បី​ឱ្យ​កូន​បាន​បង្ហាញ​ពី​អារម្មណ៍​ និង​គំនិត​របស់​គេ​ចេញ​មក​យ៉ាង​សេរី​ ហើយ​អ្នកម្តាយ​ក៏​គួរ​និយាយប្រាប់​កូន​អំពី​គំនិត​ និង​អារម្មណ៍​របស់​ខ្លួន​ឱ្យ​កូន​បានដឹង​ដែរ​ ដើម្បី​ឱ្យ​កូន​បាន​រៀន​យល់ដឹង​ពី​វិធី​កែ​បញ្ហា​ដែល​ត្រឹមត្រូវ​៕

Advertisement