5 ដំណាក់កាល​ សំខាន់​ជួយ​ដល់​វិវឌ្ឍនាការ​របស់​កូនតូច​

តាំងពី​ពេល​ប្រសូត​ចេញ​មក​ភ្លាម​រហូតដល់​មាន​វ័យ​ 1ខួប​ដំបូង​ អ្នកម្ដាយ​គ្រប់រូប​ប្រហែលជា​ស្ទើរតែ​មិន​ចង់ឱ្យ​កូនតូច​ជាទីស្រឡាញ់​របស់​ខ្លួន​ របូត​ផុត​ពី​ខ្សែភ្នែក​សូម្បីតែ​ 1វិនាទី​ណា​ឡើយ​ ព្រោះ​ក្នុងអំឡុងពេល​នោះ​ កូន​នឹង​មានការ​ផ្លាស់​ប្តូរ​ខាង​វិវឌ្ឍនាការ​យ៉ាង​លឿន​ ដែល​យើង​នាំគ្នា​ហៅថា​ 5ដំណាក់កាល​សំខាន់​ហ្នឹងឯង​។ ចង់​ដឹង​ថា​ តើ​កូនតូច​មានការ​ផ្លាស់​ប្តូរ​អ្វីខ្លះ​ក្នុង​ដំណាក់កាល​នី​មួយ​ៗ និង​តើ​អ្នកម្ដាយ​អាច​ជួយ​កូនតូច​បាន​យ៉ាងណា​ខ្លះ​នោះ​ សូម​តាមដាន​ដូចតទៅ​៖

1. ចេញផុត​ពី​ផ្ទៃ​ម្ដាយ​
ជា​ដំណាក់កាល​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​របស់​ទារក​ដែល​នឹង​ត្រូវ​ចេញពី​គភ៌​របស់​អ្នកម្តាយ​ មករ​កបរិស្ថាន​ និង​ធាតុអាកាស​ដែល​ស្រឡះ​ និង​ធំ​ទូលាយ​ ធ្វើ​ឱ្យ​កូនតូច​មាន​អារម្មណ៍​ភិតភ័យ​ ដូច្នេះហើយ​ទើប​ពេលនោះ​ ទារក​ត្រូវការ​រង្វង់​ដៃ​ឱប​ដ៏​សែន​កក់ក្តៅ​ជា​ខ្លាំង​។អ្នកម្ដាយ​អាច​ជួយ​បាន​ : ដោយ​ការ​បី​ឱប​កូន​ឱ្យ​បាន​លឿន​ជាទីបំផុត​បន្ទាប់ពី​ប្រសូត​រួចហើយ​ភ្លាម​ ដើម្បី​ឱ្យ​កូន​បាន​ប៉ះ​នឹង​សាច់​ដ៏​កក់ក្តៅ​របស់​ទ្រូង​ម្តាយ​ និង​ការពារ​ឱ្យ​កូន​ជាទី​ស្រ​-ឡាញ់​មាន​អារម្មណ៍​កក់ក្តៅ​។

2. ស្រែកយំ​
គឺជា​ដំណាក់កាល​ដែល​កូនតូច​កំពុងតែ​រិះរក​ចង្វាក់​ក្នុង​ការសម្រប​ខ្លួន​ឱ្យ​ត្រូវ​នឹង​បរិយាកាស​នៃ​ពិភព​ខាងក្រៅ​នេះ​ និង​អាច​មាន​មូលហេតុ​ច្រើនយ៉ាង​ទៀត​ ទើប​កូនតូច​គិតតែពី​យំ​យ៉ាង​ខ្លាំង​នៅ​ពេល​ព្រលប់​ៗ។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ សូមអ្នក​ម្ដាយ​ថ្មោងថ្មី​កុំ​ភ័យ​អី​ ព្រោះ​គ្រប់​ទារក​ទាំងអស់​ ត្រូវតែ​ឆ្លង​កាត់​វិវឌ្ឍនាការ​ត្រង់​ដំណាក់កាល​នេះ​ដូចគ្នា​ទាំង​អស់​។ អ្នកម្តាយ​គួរតែ​ធ្វើ​អារម្មណ៍​ឱ្យ​ស្ងប់​ ទ្រាំ​ និង​តាំងស្មារតី​ ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​។ បីកូន​នៅក្នុង​រង្វង់​ដៃ​ ព្រមទាំង​បំពេ​រលួង​លោម​កូន​។

3. រៀន​យល់ដឹង​
គឺជា​ដំណាក់កាល​ដែល​ទារក​កំពុង​សម្របសម្រួល​ខ្លួន​ឱ្យ​ត្រូវ​នឹង​ពិភព​ខាងក្រៅ​ឱ្យ​បាន​។ បន្ទាប់ពី​អាយុ​គ្រប់3ខែពេញ​ និង​ពេល​សម្រប​ខ្លួន​បាន​ហើយ​ កូនតូច​នឹង​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ចំ​ពោះ​អ្វី​ៗដែល​នៅ​ជុំវិញ​ខ្លួន​ ដើម្បី​ឱ្យ​ខួរក្បាល​កើតការ​រៀន​យល់ដឹង​ឱ្យ​បាន​ច្រើន​បំផុត​។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ បើកឱកាស​ឱ្យ​កូន​តូច​បាន​សិក្សា​ រៀន​យល់ដឹង​ពី​អ្វី​ៗផ្សេង​ៗ បើសិនជា​មើលទៅ​ហើយ​គ្មាន​ឃើញ​អ្វី​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ទេ​នោះ​ ក៏​គួរ​បណ្តោយ​កូន​ឱ្យធ្វើ​(ឬលេង​)ចុះ​ គ្រាន់តែ​រៀបចំ​ស្ថានភាព​ជុំវិញ​ខ្លួន​នៅក្នុង​ផ្ទះ​ឱ្យ​មាន​សុវត្ថិភាព​ទៅ​បាន​ហើយ​។

4. អាហារ​ការ​ហូបចុក​
ជា​ដំណាក់កាល​ដែល​កូនតូច​ចាប់ផ្តើម​ចាប់​អារម្មណ៍​រឿង​ចំណីអាហារ​ការ​ហូបចុក​ហើយ​។ ពេល​ឈាន​ចូល​ដល់​ចន្លោះ​វ័យ8ខែ​ឡើង​ទៅ​ កូនតូច​នឹង​ចាប់ផ្តើម​ធ្វើ​តម្រាប់​តាម​ទង្វើ​របស់​អ្នក​នៅក្នុង​ផ្ទះ​ទាំងអស់​ ដើម្បី​រៀន​យល់ដឹង​ និង​ស្គាល់​ពី​ចំណី​អា​ហារ​ផ្សេង​ៗ។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ ចូរ​កុំ​សម្លុត​ ឬស្ដីបន្ទោស​កូន​ពេល​កូន​ប្រឡូក​លេង​នឹង​អាហារ​ តែ​អ្នកម្ដាយ​គួរ​ពាក់​ក្រណាត់​អៀម​ការពារ​ប្រឡាក់​ឱ្យ​កូន​ និង​ក្រាល​តុ​ដោយ​កម្រាល​ប្លាស្ទិក​ ដើម្បី​ងាយស្រួល​ជូត​សម្អាត​វិញ​ ប្រសើរ​ជាង​ការ​សម្លុត​កូន​។

5. ចេះនិយាយ​ថា​ទេ
​គឺជា​ដំណាក់កាល​ដែល​កូនតូច​ចាប់ផ្តើម​ចេះ​បដិសេធ​ តាមរយៈ​ការ​គ្រវីក្បាល​ ឬនិយាយ​ថា​ “ទេ​” ជាពិសេស​ការ​បដិសេធ​មិនព្រម​ញ៉ាំ​អាហារ​ ហើយ​បើ​រឹតតែ​បង្ខំ​ផង​នោះ​ នឹង​រឹតតែ​មិន​ញ៉ាំ​ទៅទៀត​។អ្នកម្ដាយ​អាច​ជួយ​បាន​ :​ កុំ​បង្ខំ​កូន​រឿង​ញ៉ាំ​អាហារ​។ វិធី​ដែល​ល្អ​គឺ​ ត្រៀម​ចំណីអាហារ​ទុក​ឱ្យ​កូន​ជ្រើសរើស​ញ៉ាំ​ឱ្យ​បាន​ច្រើនយ៉ាង​ ដើម្បី​កូន​នឹង​បាន​ជ្រើសរើស​ញ៉ាំ​បាន​តាមចំណង់​ចំណូលចិត្ត​ រួចហើយ​កូន​នឹង​ញ៉ាំ​បាន​ច្រើន​ និង​មិន​រក​រឿង​ច្រើន​ទៀតផង​៕

Advertisement