ការ​ការពារ​ឧប្បត្តិហេតុ​ចំពោះ​ក្មេង​តូច​ក្នុង​អំឡុង​វ័យ​ 1-12ខែ​ តើ​ឪពុកម្ដាយ​ត្រូវ​ប្រយ័ត្ន​អ្វីខ្លះ​?

ឧប្បត្តិហេតុ​ គឺជា​រឿង​មិន​នឹកស្មាន​ដល់​ដែល​គ្មាន​អ្នកណា​ចង់ឱ្យ​កើតឡើង​ឡើយ​ ជាពិសេស​បំផុត​កូនតូច​ក្នុង​វ័យ​ទារក​ ព្រោះ​អាច​នាំមក​នូវ​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ៗខ្លាំង​ជា​មនុស្សចាស់​ និង​ក្មេង​ធំ​។ ទាំងអស់​នេះ​បើ​ឪពុកម្ដាយ​ ឬអ្នកមើល​ថែទាំ​ទារក​បាន​នឹកដល់​ឧប្បត្តិហេតុ​ដែល​អាច​នឹង​កើតឡើង​ក្នុង​អំឡុង​វ័យ​នី​មួយ​ៗរបស់​ទារក​ វា​អាច​កាត់បន្ថយ​ឱកាស​ក្នុង​ការ​កើត​ឧប្បត្តិហេតុ​លើ​ក្មេង​តូច​បាន​។

អំឡុង​អាយុ​ 1ដល់​ 2ខែ​
ទារក​នឹងអាច​លើក​ក្បាល​ឡើង​បាន​បន្តិច​ តាម​សម្លឹង​មើល​ យំ​រំខាន​កាន់តែ​ច្រើន​ ជាពិសេស​ក្នុង​អំឡុង​ 3ខែ​ដំបូង​នៃ​ជីវិត​។ ឧប្បត្តិហេតុ​ដែល​គួរ​ប្រយ័ត្ន​គឺ​ ការ​របូត​ធ្លាក់​ចេញពី​ដៃ​មនុស្ស​ធំ​ដែ​លព​ ឬបី​ ឬឧប្បត្តិហេតុ​នៅពេល​មនុស្ស​ធំ​កាន់​វត្ថុ​ក្ដៅ​ៗក្នុង​ដៃ​ខណៈ​ពេល​បី​ទារក​ និង​គួរ​ប្រយ័ត្ន​ Shaken​ baby​ syndrome​ ជាស​ភាវ​ដែល​កើត​ពី​ការ​ចាប់​អង្រួន​ទារ​កខ្លាំង​ៗ ដែល​មាន​មូលហេតុ​មក​ពី​អារម្មណ៍​ដែល​ខឹងមួម៉ៅ​ខ្លាំង​ រួម​ទាំង​ការ​មិនបាន​ដឹងពី​ផល​ប៉ះពាល់​របស់​មនុស្ស​ធំ​។ ការ​ចាប់​អង្រួន​ទារ​កខ្លាំង​ៗ នឹង​ធ្វើ​ឱ្យ​សាច់​ខួរក្បាល​ប៉ះទង្គិច​នឹង​ឆ្អឹងលលាដ៍ក្បាល​ សរសៃឈាម​ជុំវិញ​សាច់​ខួរក្បាល​ដាច់​រហែក​ រហូត​កើត​សភាវ​ហូរឈាម​ក្នុង​ខួរក្បាល​ ផ្ទាំង​ប្រព័ន្ធ​ប្រសាទ​កែវភ្នែក​រងគ្រោះ​ថ្នាក់​ ខួរក្បាល​ប៉ះទង្គិច​ខ្លាំងក្លា​ អាច​ធ្វើ​ឱ្យ​ខ្វាក់ភ្នែក​ ឬដល់​ថ្នាក់​ស្លាប់​បាន​។

អំឡុង​អាយុ​ 4-5ខែ
​ទារក​នឹងអាច​លើក​ក្បាល​ត្រង់​បាន​ហើយ​ ចេះ​គប់​វត្ថុ​តូច​ៗដែល​កាន់​នៅក្នុង​ដៃ​ និង​អាច​ក្រឡាប់​ខ្លួន​បាន​ហើយ​ ដូច្នេះ​ទើប​គួរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​ដែល​បណ្ដាលមកពី​ការ​ក្រឡាប់​ខ្លួននេះ​ ឬរបស់​លេង​ដែល​ងាយ​បែកបាក់​ ឬវត្ថុ​មុត​ស្រួច​ រួម​ទាំង​ឧប្បត្តិហេតុ​ដោយសារ​រថយន្ត​ ដោយសារតែ​ក្នុង​អំឡុង​វ័យ​នេះ​ មនុស្ស​ធំ​ច្រើនតែ​ចាប់ផ្ដើម​នាំ​ទារក​ចេញក្រៅ​ផ្ទះ​ច្រើនឡើង​ហ្នឹងឯង​។ ការ​ធ្វើដំណើរ​ចេញក្រៅ​ផ្ទះ​ដោយ​រថយន្ត​ គួរ​ឱ្យ​ទារក​អង្គុយ​ក្នុង​ ខារ៍​ស៊ី​ត(Carseat​) សម្រាប់​ទារក​បែប​បែរមុខ​ទៅ​ខាងក្រោយ​ និង​គួរ​ឱ្យ​អង្គុយ​បែប​បែរ​ទៅ​ក្រោយនេះ​រហូតដល់​អាយុ​ 2ឆ្នាំ​។

អំឡុង​អាយុ​ 6ខែ​
ទារក​នឹង​ចាប់ផ្ដើម​ងើប​ខ្លួន​ឡើង​បាន​ដោយខ្លួនឯង​ ក្រឡាប់​បាន​កាន់តែ​ចំណាន​ឡើង​ បង្វិលខ្លួន​ទៅមុខ​បាន​ តែ​នៅ​ត្រូវ​អាស្រ័យ​ការ​ជួយ​ទប់​ប្រគង​ខ្លះ​ៗ និង​អាច​ផ្ទេរ​របស់របរ​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​បាន​ហើយ​។ ក្នុង​អំឡុង​វ័យ​នេះ​ ឪពុកម្ដាយ​មួយចំនួន​នឹង​ចាប់ផ្ដើម​ឱ្យ​កូន​អង្គុយ​ក្នុង​កៅអី​រទេះ​ហាត់​ដើរ​ហើយ​ ដែល​រឿង​នេះ​មិន​គួរ​ធ្វើជា​ទីបំផុត​ ព្រោះ​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដែល​ធ្ងន់ធ្ងរ​បាន​តាមរយៈ​ការ​ធ្លាក់​ពីទី​ខ្ពស់​ ឬការដែល​រទេះ​ហាត់​ដើរ​ក្រឡាប់​ជាដើម​ ដែល​នឹង​នាំ​ឱ្យ​មានការ​រងគ្រោះ​ដល់​ឆ្អឹងកងក​ និង​ឈាម​ហូរ​នៅក្នុង​ខួរក្បាល​ដែល​បណ្ដាលមកពី​ការ​ដួល​បោក​ក្បាល​ និង​បាក់ឆ្អឹង​ដៃ​ជើង​ រួម​ទាំង​គួរ​ប្រយ័ត្ន​ការ​ទាក់ក​ទារក​ដោយ​ខ្សែភ្លើង​ ឬខ្សែរូត​វាំងនន​ជាដើម​។

អំឡុង​អាយុ​ 9ខែ​
ទារក​នឹងអាច​អង្គុយ​បាន​ដោយ​មិន​ចាំបាច់​ជួយ​ទប់​ អាច​វារ​ និង​លូន​បាន​ ដៃ​អាច​ចាប់កាន់​យក​វត្ថុ​តូច​ៗបាន​ និង​ចេះ​យកដៃ​ដាក់​ក្នុង​មាត់​ និង​យក​ចំណី​ដាក់​ចូល​មាត់​ខ្លួនឯង​បាន​ហើយ​ ដូច្នេះ​ទើបត្រូវ​ប្រយ័ត្ន​ការដែល​ទារក​រំកិល​ខ្លួន​ទៅ​ជិត​ទឹក​ ឬវត្ថុ​ក្ដៅ​ៗ ដែល​អាច​កើត​ឧប្បត្តិហេតុ​ពី​ការ​លង់ទឹក​ ឬរលាក​ទឹក​ក្ដៅ​ ឬវត្ថុ​ក្ដៅ​ៗបាន​។ ក្រៅពី​នេះ​គួរ​ប្រយ័ត្ន​ការ​ស្លាក់​ចំណីអាហារ​ ឬវត្ថុ​តូច​ៗផ្សេង​ៗដែល​ទារក​ចាប់​ដាក់​ចូល​មាត់​ រហូត​ធ្វើ​ឱ្យ​ស្ទះ​បំពង់​ផ្លូវដង្ហើម​ ដូចជា​គ្រាប់​សណ្ដែក​តូច​ៗ ឬកាក់​ជាដើម​។

អំឡុង​អាយុ​ 12ខែ​
ទារក​នឹងអាច​ឈរ​បាន​មួយ​ភ្លែត​ៗ តោង​នឹង​របស់​អ្វី​ម្យ៉ាង​ដើម្បី​ងើបឈរ​ឡើង​បាន​ដោយខ្លួនឯង​ អាច​ដើរ​បាន​ដោយ​ការ​ដឹកដៃ​ពី​មនុស្ស​ធំ​ អាច​ចាប់កាន់​វត្ថុ​តូច​ៗដោយ​ម្រាម​ចង្អុលដៃ​ និង​ម្រាម​មេដៃ​ និង​ដួស​ចំណីអាហារ​ដាក់​ចូល​មាត់​ខ្លួនឯង​បាន​ ដូច្នេះ​ទើបត្រូវ​ប្រយ័ត្ន​លើ​ការ​ញ៉ាំ​វត្ថុ​ចម្លែក​ៗ ឬយក​វត្ថុ​ដែល​មាន​ជាតិ​ពុល​ផ្សេង​ៗដាក់​ចូល​មាត់​។ ការ​ស្លាក់​អាហារ​ ឬវត្ថុ​របស់របរ​ ឧប្បត្តិហេតុ​ពី​ការ​លង់ទឹក​ ឬរអិល​ធ្លាក់​ជំពប់​ដួល​ផ្សេង​ៗ ជាពិសេស​ការ​ធ្លាក់​ពីទី​ខ្ពស់​ ឬពី​បង្អួច​ ដោយសារតែ​ពេលខ្លះ​អ្នកមើល​ថែទាំ​អាច​ភ្លេច​ថា​ ទារក​អាច​កម្រើក​ ឬរំកិល​ខ្លួន​ទៅណាមកណា​ដោយខ្លួនឯង​បាន​ច្រើន​ហើយ​។

ឪពុកម្ដាយ​គួរ​ឧស្សាហ៍​សង្កេតមើល​វិវឌ្ឍ​នា​ការ​ផ្សេង​ៗតាម​វ័យ​របស់​ទារក​ និង​ត្រូវ​នឹកគិត​ក្នុងចិត្ត​ជាប់​ជានិច្ច​ថា​ តើ​ស្ថានភាព​ជុំ​វិញ​ផ្សេង​ៗ រួម​ទាំង​វត្ថុ​របស់របរ​ជុំវិញ​ខ្លួន​ អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​កើត​ឧប្បត្តិហេតុ​បាន​ ឬទេ​? ដើម្បី​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ និង​បង្ការ​គ្រោះថ្នាក់​ពី​ឧប្បត្តិហេតុ​ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស​ ឬស្មាន​មិនដល់​។ ដើម្បី​សុវត្ថិភាព​របស់​ទារក​ ទាំងអស់​នេះ​គួរ​ឱ្យ​ទារក​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ធំ​ជានិច្ច​៕

Advertisement