ក្មេង​អាយុ​តិចជាង2ខួប គួរ​ចៀសវាង​អាហារ​អី្វ​ខ្លះ?

ទោះជា​កូនតូច​ជាទី​ស្រឡាញ់​របស់​យើង​អាច​ញាំុអាហារផ្សេងៗក្រៅពី​ទឹកដោះ​បាន​តាំងពី​អាយុ 6ខែ​ឡើងទៅ​ក៏ដោយ តែដោយសារ​តែ​រាងកាយ​របស់គេ​នៅ​មិនទាន់​រឹងប៉ឹង និង​មិនទាន់​វិ​វ​ឌ្ឍ​បាន​
ពេញទំហឹង ទើប​មិនអាច​ញាំុអាហារ​បាន​គ្រប់យ៉ាង​នោះទេ ដូច្នេះ​អាហារ​ដែល​ក្មេង​តូច​អាយុ​តិចជាង 2ខួប​គួរ​ចៀសវាង​នោះ​មាន​ដូចខាងក្រោម​នេះ ៖

ទឹកឃ្មុំ
អ្នក​ម្តាយ​ជាច្រើន​និយម​ដាក់​ទឹកឃ្មុំ​លាយ​នៅក្នុង​ថ្នាំ​ដែលមាន​រសជាតិ​ល្វីង​ឱ្យ​កូន​ញ៉ាំ តែ​ដឹង​ឬទេ​ថា ទឹកឃ្មុំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពោះវៀន​របស់​ក្មេងតូចៗបាន ដោយ​វា​នឹងធ្វើ​ឱ្យ​កើត​អាការ​ចុកពោះ ឆ្អល់​ទល់លាមក និង​នៅលើ​ក្មេង​ខ្លះ​អាច​នឹង​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រព័ន្ធ​ខាងក្នុង​រាងកាយ​គាំង​ដោយសារ​ខ្វះ​ជាតិ​ទឹក​ក៏មានដែរ ដូច្នេះ​មិនគួរ​ឱ្យ​កូនតូច​ដែលមាន​អាយុ​តិចជាង 2 ឆ្នាំ​ញ៉ាំ​ទឹកឃ្មុំ​ជាដាច់ខាត ទោះជា​ទឹកឃ្មុំ​ដែល​ឆ្លងកាត់​ការសម្លាប់​មេរោគ​ហើយក៏​ដោយ។

ម្ហូបអាហារ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន
អាហារ​ប្រភេទ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន ភាគច្រើន​នឹងមាន​មេរោគ​បាក់តេរី និង​សត្វល្អិត (អៀន ព្រូន)ដែល​រាងកាយ​របស់​ក្មេងតូចៗដែលមាន​អាយុ​ក្រោម2ឆ្នាំ​មិនអាច​តតាំង​ជាមួយ​មេរោគ​ទាំងនោះ​បានទេ ទើប​អាចធ្វើឱ្យ​ក្មេង​តូច​មាន​អា​ការឈឺ​ថ្កាត់ និង​ទទួលរងគ្រោះថ្នាក់​បាន ដូច្នេះ​ការ​ចម្អិន​អាហារ​ឱ្យ​កូនតូច គួរ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អជា​និច្ច មិនថាតែ​ស៊ុតមាន់​ទា ឬ​សាច់សត្វ​អ្វី​ក៏ដោយ និង​គួរ​ចម្អិន​ឱ្យ​ផុយ​ទន់ ដើម្បីឱ្យ​កូនតូច​ងាយស្រួល​ទំពា​ផង។

អាហារ​ដែលមាន​រសជាតិ​ផ្អែម
សម្រាប់​ក្មេង​ដែលមាន​អាយុ​តិចជាង2ឆ្នាំអាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ឬ​មានការ​បន្ថែម​រសជាតិ​ដោយ​ស្ករ​ច្រើន ក៏​ជា​មុខម្ហូប​មួយទៀត​ដែល​ក្មេង​តូច​គួរ​ចៀសវាង​ដែរ ព្រោះ​ភាព​ផ្អែម​ទាំងនោះ​អាចធ្វើឱ្យ​កូនតូច​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​តាំងពីក្មេង កើតរោគ​ធាត់ និង​អាច​ក្លាយជា​មនុស្ស​ដែល​ញៀន​រសជាតិ​ផ្អែម​នៅពេល​ធំ​ទៅ។ មិនមែន​ត្រឹមតែ​អាហារ​ប៉ុណ្ណោះ​ទេ តែ​រួមទាំង​ភេសជ្ជៈផ្សេងៗ ជាពិសេស​ទឹក​ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ដែលមាន​លាយ​ដោយ​ស្ករ​ផងដែរ។

អាហារ​រសជាតិ​ប្រៃ
ដោយសារក្មេង​តូច​វ័យ​តិចជាង2ឆ្នាំ ក្រលៀន​របស់​ពួកគេ​នៅ​មិនទាន់​អាចធ្វើ​ការ​បាន​ពេញទំហឹង និង​ស្ថិតក្នុង​អំឡុងពេល​អភិ​វឌ្ឍនោះ ទើប​មិនអាច​ត្រង​ចម្រាញ់​អាហារ​ដែលមាន​រសជាតិ​ប្រៃ​ខ្លាំង​នោះបានទេ ដែល​វា​នឹង​ហុច​ផល​ឱ្យ​ក្រលៀន​ត្រូវ​ធ្វើការ​ធ្ងន់ និង​ខ្លាំង​ជាង​ប្រក្រតី រហូត​អាច​នឹង​ប្រថុយ​នឹង​ការកើត​ជំងឺ​ក្រលៀន​នៅ​ទីបំផុត។ ដូច្នេះ​អ្នក​ម្តាយ​មិនគួរ​ឱ្យ​កូនតូច​ញ៉ាំ​អាហារ​ណា​ដែលមាន​រសជាតិ​ប្រៃ​ខ្លាំង ឬ​អាហារ​ដែល​បន្ថែម​គ្រឿង​ដោយ​អំបិល​ឡើយ ព្រោះ​យ៉ាងណា​ក៏​នៅក្នុង​សាច់សត្វ និង​បន្លែផ្សេងៗនោះ​តែងមាន​រសជាតិ​ល្អ​ស្រាប់​ហើយ។

អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់
ការ​ញ៉ាំ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន នឹងធ្វើ​ឱ្យ​កូនតូច​មាន​បញ្ហា​កើតរោគ​ធាត់ និង​អាចមាន​ផល​អាក្រក់​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​ទៀត​តាម​មក​នាពេល​អនាគត​ទៀតផង ដូច្នេះ​ដើម្បី​សុខភាព​ដ៏​ល្អ​របស់​កូន គួរ​ចៀសវាង​អាហារ​ដែលមាន​ខ្លាញ់ ឬ​ជាតិ​ខ្លាញ់​ច្រើនយ៉ាង​ដាច់ខាត។ ទាំងអស់នេះ​គឺ​អាហារ​ដែល​កូនតូច​វ័យ​តិចជាង2ឆ្នាំ​គួរតែ​ចៀសវាង ព្រោះ​សុទ្ធតែ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងបំផុត ដូច្នេះក្មេង​ក្នុង​វ័យ​នេះ ឪពុកម្តាយ​គួរតែ​យកចិត្តទុកដាក់​ក្នុង​រឿង​អាហារ​ការហូបចុក​ជា​ចម្បង ដោយ​ធ្វើការ​ជ្រើសរើស​ភោជនាហារ​ណា​ដែល​ល្អ​សម្រាប់​គេ និង​ចៀស​ពី​អាហារ​ហាមឃាត់​គ្រប់​ប្រភេទ៕

Advertisement