ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

Q . កូនស្រីនាងខ្ញុំអាយុ 11 ខែហើយ នាងខ្ញុំចង់ដឹងថា បើចង់បង្ហាត់ឲ្យកូនចេះអង្គុយបន្ទោរបង់នៅក្នុងកន្ថោសម្រាប់ក្មេងតូចនោះ តើត្រូវចាប់ផ្តើមដូចម៉្តេចទៅ? ព្រោះធ្លាប់សាកល្បងឲ្យកូនអង្គុយបន្ទោបង់រួចមកហើយ ឃើញថាកូនមិនចូលចិត្តសោះ ហើយច្រើនតែក្រោកឡើងដើរតាមនាងខ្ញុំគ្រប៉ពេលទៀតផង ។

A . ការបង្ហាត់ឲ្យកូនអង្គុយបន្ទោរបង់នៅលើកន្ថោសម្រាប់ក្មេងតូចនោះ ត្រូវបង្ហាត់បែបសន្សឹមៗ គួរបង្ហាត់នៅ
ពេលដែលកូនមានអារម្មណ៍ចង់បន្ទោបង់មែនទែន ដោយសង្កេតមើលតាមរយៈអកប្បកិរិយារបស់កូន និងនៅពេលកូនយល់ព្រមអង្គុយហើយ អ្នកម្តាយគួរតែនៅក្បែរ នៅចាំជួយទប់ ឲ្យកូនបន្ទោរបង់ចេញមក និយាយលេងជាមួយកូនតាមធ្មតាទោះជាពេលខ្លះកូននៅមិនទាន់ព្រមបន្ទោរបង់ក៏ដោយ បង្កើតបរិយាកាសបែបសប្បាយៗ កុំបង្ខំ ឬសម្លុតកូនឲ្យសោះ។ គួរប្រើរយៈពេលក្នុងការបង្ហាត់យ៉ាងតិចក៏ 6ខែ ទៅ1ឆ្នាំដែរ។

Q . ពេលនេះកូនអាយុ 2 ខួបហើយ តែច្រើនតែទារមឹមទឹកដោះគោរៀងរាល់យប់ នាងខ្ញុំខ្លាចក្រែងតែកូនធ្លាប់ និងញៀនដបទឹកដោះគោ តើនាងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីកុំឲ្យកូនញៀនដបទឹកដោះគោ និងទារមឹមនៅពេលយប់ជ្រៅ?

A . នៅពេលកូនអាយុ 2 ឆ្នាំហើយ តែនៅទារមឹមទឹកដោះគោរាល់យប់ទៀតនោះ បែបនេះហៅថាញៀនការមឹមទឹកដោះគោក្រៅពេលអាហារហើយ ព្រោះការមឹមទឹកដោះគោពេលយប់នេះអាចបញ្ឈប់បានតាំងពីទារកអាយុបាន 4ខែម្លេះ និងប្តូរឲ្យពេលយប់ទៅជាពេលគេង និងពេលថ្ងៃគឺជាពេលភ្ញាក់ លេង ញ៉ាំ និងគេង (បន្តិចបន្តួច)។ ក្រៅពីអាចនឹងមានបញ្ហាក្នុងការញ៉ាំទឹកដោះខុសពេលវេលាហើយ វាថែមទាំងជាការជំរុញឲ្យកូនតូចនោមដាក់ពូកនៅពេលយប់ទៀតផង និងទោះជាអាយុ 2 ឆ្នាំហើយមែន តែការកែបញ្ហានេះមិនពិបាកនោះឡើយ គ្រាន់តែសម្រួលទស្សនគតិរបស់ឪពុកម្តាយដែលច្រើនតែបារម្ភហួសហេតុពេក ខ្លាចកូនស្គមព្រោះខ្វះអាហារ ឬឃ្លាននៅពេលយប់ប៉ុណ្ណោះ។ បន្ទាប់ពីនោះត្រូវតាំងចិត្តឲ្យប្រាកដថា នឹងធ្វើឲ្យកូនឈប់ទារមឹមពេលយប់ៗបែបនេះឲ្យបានក្នុងរយ:ពេល 2 សប្តាហ៍ ដោយអាចឆុងឲ្យមឹមតិចជាងមុន ឬត្រូវកាត់បន្ថយបរិមាណម្សៅទឹកដោះគោឲ្យតិចជាងមុន រហូតដល់ដូចទឹកធម្មតាជាដើម។

Q . នាងខ្ញុំចង់ដឹងថា តើត្រូវជ្រើសរើសរបស់លេងយ៉ាងម៉េច ដើម្បីឲ្យសក្តិសមនឹងការវិវឌ្ឍន៍របស់កុមារអាយុ 3 – 5 ឆ្នាំ?

A . ការវិវឌ្ឍន៍របស់កុមារអាយុ 3 – 5 ឆ្នាំ គឺ ចេះស្គាល់ភេទរបស់ខ្លួនឯង ចេះចែករបស់លេងឲ្យអ្នកដទៃបានលេងដែរ ចេះលេងឧបមាជាមួយក្មេងដែលមានវ័យដូចគ្នាបាន ចេះគូររូបមនុស្សបានខ្លះហើយ ចេះលេងតឈើបាន 5កំណាត់ធ្វើជារូបស្ពាន ចេះច្រៀងចម្រៀងងាយៗបាន ចេះសួរសំនួរ ចេះនិយាយរឿងខ្លីៗឲ្យអ្នកដទៃស្តាប់យល់ ចេះដាក់វត្ថុផ្សេងៗនៅខាងមុខ ខាងក្រោយ ខាងលើ ខាងក្រោមតុតាមបញ្ជាបាន និងចេះស្លៀកពាក់ខោអាវ បិទឡេវធំៗដោយខ្លួនឯងបាន ចេះលុបមុខ និងចេះលាងដៃបានហើយ ដូច្នេះរបស់លេងសម្រាប់ក្មេងក្នុងវ័យនេះប្រកបដោយ របស់ប្រើប្រាស់នៅក្នុងផ្ទះ ឬរបស់លេងដែលធ្វើដូចរបស់ប្រើប្រាស់នៅក្នុងផ្ទះដែលកុមារអាចនាំយកទៅលេងឧបមាបាន និងរបស់ផ្សេងៗដូចជាប្រអប់ឈើ ក្រដាស ឧបករណ៍សរសេគូសវាស ខ្មៅដៃពណ៌ សៀវភៅរឿងនិទាន គ្រឿងលេងតន្រ្តី រូបតុក្កតា ជាដើម តែអ្វីដែលសំខាន់នោះគឺ ខ្លួនលោកឪពុកអ្នកម្តាយហ្នឹងឯងដែលជារបស់លេងដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូបនោះ។

Q . កូនប្រុសអាយុ 5 ឆ្នាំ ជាក្មេងដែលចូលចិត្តលេងខ្លាំងៗជាមួយមិត្តភក្តិនៅឯសាលា រហូតដល់មិត្តក្តិចលែងចង់លេងជាមួយ តែមិនមែនជាក្មេងខូចទេ តើនាងខ្ញុំគួរតែជួយកែសម្រួលទង្វើរបស់កូនយ៉ាងដូចម៉្តេចទៅ?

A . ក្មេងដែលចូលចិត្តលេងខ្លាំងៗជាមួយមិត្តភក្តិ តែមិនមែនជាក្មេងខូចទេនោះ ច្រើនតែបណ្តាលមកពីកាបង្ហាត់បង្រៀន ឬបានទទួលការគាំទ្រទង្វើនេះមកពីផ្ទះ រហូតដល់ពេលយកមកលេងនៅឯសាលាហើយ ទើបដឹងថាជួបបញ្ហា។ វិធីកែបញ្ហានេះមិនពិបាកទេ អាចធ្វើបានដោយការកែសម្រួលទង្វើរបស់គេ ដូចជាមិនគាំទ្រ និងចូលទៅហាមឃាត់មិនឲ្យការលេងរបស់កូនឈានឆ្ពោះទៅរកភាពខ្លាំងៗបាន និងក្នុងន័យមួយទៀតនោះ ចាំបាច់ត្រូវបង្វឹកការលេងបែបផ្សេងដែលប្រើកម្លាំងដល់គេ ដូចជា ទាត់បាល់ រត់ចម្ងាយ ធាក់កង់ ហែលទឹក ជាដើម ដើម្បីឲ្យក្មេងបានបញ្ចេញកម្លាំងក្នុងវិធីដែលសក្តិសម និងអាចទទួលយកបាន និងគួរតែបង្ហាត់កុមារឲ្យចេះជួយមនុស្សនៅក្នុងផ្ទះក្នុងរឿងផ្សេងៗឲ្យបានច្រើនបំផុត ដើម្បីឲ្យគេធ្លាប់ខ្លួនក្លាយជានិស្ស័យល្អមួយ ព្រោះពេលដែលមកនៅរួមគ្នាក្នុងសង្គមធំមួយ ទោះជាលេងខ្លាំងៗបន្តិចមែន តែមានទឹកចិត្តល្អ ចេះជួយយកអាសាមិត្តភក្តិ និងមនុស្សជុំវិញខ្លួននោះ គេនឹងទទួលបានការអត់ទោសឲ្យដោយមិនពិបាកឡើយ តែបើលេងខ្លាំងៗ ហើយថែមទាំងអត្មានិយម មិនចេះជួយការងារសួនរួមទៀតផងនោះ បែបនេះប្រហែលជាគ្មានអ្នកណាគេចង់សេពគបជាមួយឡើយ៕

Advertisement