ទៅហើយមិនចង់ចាកចេញ!! “កោះឡាន” កោះនៅជិតទីក្រុងបាងកកបំផុតដែលអ្នកមិនធ្លាប់ស្គាល់

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានទៅដើរកម្សាន្ដនៅប្រទេសថៃច្រើនកន្លែងមកហើយ តើប្រិយមិត្តធ្លាប់បានស្គាល់កោះមួយដែលមានទំហំមិនតូច ហើយក៏មិនធំប៉ុន្មាន និងមានចម្ងាយជិតបំផុតពីទីក្រុង បាងកក ដែរឬទេ?

កោះនោះគឺ កោះឡាន (  เกาะล้าน ) កោះដែលមានឆ្នេរខ្សាច់សក្បុស និងមានទឹកសមុទ្រពណ៌ខៀវស្រស់បំព្រង ដែលមានភាពងាយស្រួលទាំងការធ្វើដំណើរតាមរយៈរថយន្ដឈ្នួល និងចំណេញថវិកាទៀតផង។

កោះនេះមានចំណុចពិសេសខុសពីកោះដទៃគឺ ត្រង់ទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុសដ៏វែងលាតសន្ធឹងជុំវិញកោះ ដោយលោកអ្នកអាចជួលកន្លែងអង្គុយលេងនៅលើឆ្នេរខ្សាច់ ឬជួលម៉ូតូជិះកម្សាន្ដជុំវិញកោះបានដោយសុវត្ថិភាព។ កោះនេះ ទើបតែទទួលបានមណ្ឌលកម្សាន្ដថ្មីៗជាច្រើនដូចជា កន្លែងលេងកីឡាក្នុងទឹកសមុទ្រ កន្លែងលោតឆត្រយោងទស្សនាដែនសមុទ្រ កន្លែងជិះ Ski Boats និងកន្លែងគេងសំដិលថ្ងៃ ជាដើម។

កោះឡាន ជាកោះស្ថិតក្នុងឈូងសមុទ្រថៃ មានទំហំផ្ទៃដី 4គីឡូម៉ែត្រការ៉េលើមាត្រដ្ឋានអន្ដរជាតិ ស្ដិតនៅក្នុងទីក្រុង ប៉ាតាយ៉ា ក្នុងខេត្តឈុនបុរី ដោយមានចម្ងាយពីក្រុងប៉ាតាយ៉ា 7គីឡូម៉ែត្រ និងមានចម្ងាយពីទីក្រុងបាងកក 97.9គីឡូម៉ែត្រ ដែលត្រូវចំណាយពេលធ្វើដំណើរប្រមាណជា 2ម៉ោងតាមរយៈរថយន្ដឈ្នួលក្នុងតម្លៃតែ 350បាត(ប្រហែលជាជាង 10ដុល្លារតិចតួច)ប៉ុណ្ណោះ។ ភ្ញៀវទេសចរនឹងត្រូវចំណាយពេល 45នាទីទៀតដើម្បីបន្ដដំណើរតាមទូកទៅកាន់កោះឡាន។

ដើម្បីកុំឱ្យប្រិយមិត្តងឿងឆ្ងល់ សូមទស្សនារូបភាពទេសភាពទាំងស្រុងនៅលើកោះឡាននេះ ទាំងអស់គ្នា ៖

Advertisement