មួយថ្ងៃ ដើរលេងក្នុងក្រុង ឈុនប៊ុរី

August 10, 2018​ ម៉ោង 4:07 pm
0

ត្រឡប់មកវិញសាជាថ្មីម្ដងទៀតជាមួយដំណើរកម្សាន្ដនៅក្នុងប្រទេសថៃ ( យើងទៅមិនឆ្ងាយទេ និងចំណាយពេលត្រឹមមួយថ្ងៃ ងាយស្រួលសម្រាប់អ្នកដែលសម្រាកពីការងារនាថ្ងៃចុងសបា្ដហ៍ )។ យកពេលសម្រាកមួយថ្ងៃ ដើរកម្សាន្ដនៅជិតៗទីក្រុង បាងកក។ ថ្ងៃនេះ យើងសូមនាំដំណើរលោកអ្នកទៅកាន់ទៅក្រុង ឈុនប៊ុរី ត្រឹមរយៈពេលមួយថ្ងៃ តែហាក់បីដូចបានដើរកម្សាន្ដនៅប្រទេសជប៉ុន និងចិនដូច្នោះដែរ។

បើយើងធ្វើដំណើរចេញពីទីក្រុងបាងកក នៅវេលាម៉ោង 7ព្រឹកនោះ យើងនឹងដល់ទៅក្រុងឈុនប៊ុរី ដោយប្រើពេលវេលាត្រឹមតែ 1ម៉ោងកន្លះប៉ុណ្ណោះនឹងមកដល់ផ្លូវធំដំបូងគេគឺ ក្រេនខេនយ៉ន ស៊ិរិ ឈុនប៊ុរី ( แกรนด์แคนยอน คีรี ชลบุรี ) ដែលត្រូវចំណាយថ្លៃរថយន្ដឈ្នួលអស់ 20បាត(អូហូ ពិតជាអស់តិចមែន ប្រហែលជា 2,500រៀល)។ ចេញដំណើរពីចំណតឡាន 100ម៉ែត្រ លោកអ្នកនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាល ដែលអាចឈរមើលពីលើស្ពានបាននោះ លោកអ្នកនឹងឃើញអាងទឹកថ្មដែលមានទំហំធំដល់ទៅ 100រ៉ៃ និងមានជម្រៅទឹក 30ម៉ែត្រ។ លោកអ្នកច្បាស់ជាជាប់ចិត្តនឹងទេសភាពនេះមិនខាន(ដូចរូបខាងក្រោម)។

យើងសូមណែនាំកន្លែងឈប់សម្រាកពេលព្រឹកនៅទីក្រុងឈុនប៊ុរី ដោយធ្វើដំណើរបន្ដប្រមាណជា 10គីឡូម៉ែត្រទៀត​ពីចំណតឡានក្រុង នោះយើងមកដល់ហាងកាហ្វេមួយដែលមានការរៀបចំស្ទីលបែបហាងនៅប្រទេសអង់គ្លេស មានឈ្មោះថា We coffee & cuisine។ នៅហាងនេះ មានការតុងតែងគ្រឿងម៉ាស៊ីនឆុងកាហ្វេទាំងសម័យទំនើប និងបុរាណ ក៏ដូចជាមានគ្រឿងសម្ភារផ្ទះបាយបុរាណរបស់ជនជាតិអង់គ្លេសផងដែរ។ ទាំងកាហ្វេ នំ និងអាហារនៅក្នុងហាងនេះ យើងអាចឱ្យពិន្ទុ 10/10 ពេញតែម្ដង ព្រោះពិតជាមានរសជាតិឆ្ងាញ់ពិសា ហើយភ្ញៀវដែលមកកាន់ហាងនេះ តែងតែនិយមភ្លក្សនូវរសជាតិ Latte /Matcha Latte ក្ដៅ + Strawberry Shortcake…។

ធ្វើដំណើរប្រមាណ 20គីឡូម៉ែត្រទៀតក៏មកដល់ស្ថានីយរថភ្លើង ដែលយើងនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនាទឹកជ្រោះមួយកន្លែងដែលមានទាំងត្រីហែលប្រឡែងលេងជាមួយមនុស្ស និងសត្វព្រៃផងដែរ ទីនោះមានឈ្មោះថា «ណាមតុក ឆាន់តាថេន ( น้ำตกชันตาเถร)ឬហៅជាភាសាខ្មែរយើងថា ទឹកធ្លាក់ ឆាន់តាថេន »។ លោកអ្នកត្រូវចំណាយប្រាក់ទិញសំបុត្រចូលកម្សាន្ដអស់ 100បាត តែសម្រាប់ជនជាតិថៃអស់ 20បាត  ហើយធ្វើដំណើរពីច្រកចូលទៅកាន់ទឹកជ្រោះក្នុងរយៈចម្ងាយ 300ម៉ែត្រ។ ទឹកជ្រោះនៅទីនេះមាន 6ដំណាក់ ហើយដំណាក់នីមួយៗត្រូវធ្វើដំណើរឡើងទៅប្រមាណ 1 គីឡូម៉ែត្រ។

ក្រោយកម្សាន្ដទឹកយ៉ាងសប្បាយរីករាយហើយ យើងសូមណែនាំលោកអ្នកពីកន្លែងកម្សាន្ដ ញ៉ាំអាហារ និងទិញអីវ៉ាន់ នៅក្នុងផ្សារ «J-Park ស្រ៊ីរ៉ាឆា ศรีราชา » ដែលមើលទៅប្លែកអារម្មណ៍ ហាក់បីដូចជាអ្នកកំពុងស្ថិតនៅក្នុងប្រទេសជប៉ុនអីចឹងដែរ។ នៅទីនេះ មានអាហារឆ្ងាញ់ៗតម្លៃសមរម្យ និងជាពិសេសមានកន្លែងថតរូបស្អាតៗ ដែលរំលេចនូវទេសភាពដូចប្រទេសជប៉ុនគួរឱ្យប្លែកអារម្មណ៍មែនទែន។ ផ្សារនេះមានទីតាំងស្ថិតនៅជិតម្ដុំផ្លូវធំ Motor Way ដែលជាផ្លូវបំបែកទៅកាន់ទីក្រុងឆ្នេរសមុទ្រ ប៉ាតាយ៉ា។

អ្នកណាថាខេត្តឈុនប៊ុរី មិនមានឆ្នេរសមុទ្រ?  ឥឡូវតោះ ទៅលេងឆ្នេរសមុទ្រ «បាងសែន (บางแสน) » ដែលធ្វើដំណើរមិនឆ្ងាយពីផ្សារនេះប៉ុន្មានទេ ប្រមាណជា 15នាទីតែប៉ុណ្ណោះ។ ឆ្នេរខ្សាច់ បាងសែន មានសម្បុរពណ៌ក្រម៉ៅដូចខ្សាច់ទន្លេ ឬរីឯសមុទ្រវិញក៏មិនសូវជាពណ៌ខៀវប៉ុន្មានដែរ តែខ្យល់ជំនោរមាត់សមុទ្រវិញ ពិតជាបរិសុទ្ធ និងស្រស់ស្រាយអារម្មណ៍ខ្លាំងមែនទែន។ លោកអ្នកអាចជួបជុំគ្រួសារញ៉ាំអាហារសមុទ្រនៅទីនេះយ៉ាងសប្បាយរីករាយនាពេលរាត្រី ឬអង្គុយមើលថ្ងៃលិច ហើយសឹមត្រឡប់មកកាន់ទីក្រុងបាងកកវិញក៏បានផងដែរ៕

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម