ផ្សងព្រេងជាមួយធម្មជាតិលើកំពូលភ្នំក្បែរៗក្រុងនារដូវភ្លៀង សប្បាយអស្ចារ្យ!

ឡារ៉ែនជឿថា ដំណើរកម្សាន្ដលើកនេះច្បាស់ជាត្រូវចិត្តអ្នកនិយមដើរផ្សងព្រេងបែប Adventure  រុករកបទពិសោធជីវិតថ្មីៗប្លែកៗជាមួយនឹងធម្មជាតិមិនខាន។ ចូលមកដល់រដូវធ្លាក់ភ្លៀង មានមនុស្សជាច្រើនកំពុងតែធ្វើដំណើរទៅកាន់ទីជនបទដើម្បីសម្រាកលំហែកម្សាន្ដឱ្យសប្បាយចិត្ត…ចុះចំណែកយើងវិញ គួរទៅកម្សាន្ដនៅទីណាទៅហ្ន៎?។

បើមិនដឹងថាត្រូវទៅទីណានោះ ម៉ោះ! គេហទំព័រ ឡារ៉ែន សូមនាំលោកអ្នកទៅកម្សាន្ដនៅលើកំពូលធំៗក្នុងប្រទេសថៃ ដែលមានទេសភាពពណ៌បៃតងស្រស់ត្រកាល និងពេលបានទៅដល់ហើយ ច្បាស់ជាមិនចង់ចាកចេញពីទីនោះមកវិញឡើយ។ លោកអ្នកអាចសម្រាកដោយការបោះតង់ ដុតភ្នក់ភ្លើង និងទទួលទានអាហាររបស់បងប្អូនជនជាតិដើមភាគតិចដែលរស់នៅតំបន់ភ្នំនោះទៀតផង…បើអ៊ីចឹង កុំឱ្យរង់ចាំយូរ តោះយើងទៅស្គាល់តំបន់ទេសចរណ៍ភ្នំស្អាតៗដូចតទៅ!៖

1-ភ្នំ សាន់ ណក វួ ( เขาสันหนอกวัว )

ភ្នំដ៏ខ្ពស់មួយនេះ មានទីតាំងស្ថិតនៅខេត្ត កានចៈណៈប៊ុរី ស្រុកស័ង្ខៈលៈប៊ុរី មានកម្ពស់ 1,767 ម៉ែត្រ និងមានឧទ្យានជាតិ ទឺកជ្រោះ និងជ្រលងភ្នំច្នៃប្រឌិតដែលអាចទស្សនាសត្វព្រៃបានទៀតផង។

2-ភ្នំ ឆាងភឿក ( เขาช้างเผือก )

មានទីតាំងស្ថិតនៅក្នុងខេត្ត កានចៈណៈប៊ុរី ស្រុកថងផាភូមិ មានកម្ពស់ 1,249 ម៉ែត្រ ដែលមានឧទ្យានជាតិ ថងផាភូមិ និងទឹកសមុទ្រ នៅជម្រាលជើងភ្នំខាងក្រោយ ដោយលោកអ្នកអាចធ្វើដំណើរតាមស្ពានឈើអមចង្កេះភ្នំបាន។

3-ឧទ្យានជាតិភ្នំ លែមយ៉ា- មូកោះសៈម៉េត ( เขาแหลมหญ้า-หมู่เกาะเสม็ด )

មានទីតាំងស្ថិតនៅភូមិបានផេ ឆ្ងាយពីក្រុងកោះសៈម៉េត ប្រមាណ 20គីឡូម៉ែត្រ និងត្រូវធ្វើដំណើរទៅដល់ឧទ្យានជាតិចំនួន 3ជាមុនសិន ទើបត្រូវបន្ដដំណើរតាមទូកទៅកាន់ឧទ្យានកោះសៈម៉េត។ អ្វីដែលពិសេសនោះ នៅទីនេះគឺមានកសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិ ហើយលោកអ្នកអាចទិញទឹកឃ្មុំសុទ្ធៗនៅទីនេះបានទាំងថ្មីៗស្រស់ៗ ក្នុងតម្លៃសមរម្យទៀតផង។

4-ភ្នំក្រៈចូម ( เขากระโจม)

ភ្នំមួយនេះ មានទីតាំងនៅក្នុងស្រុកសួនផឹង ខេត្តរ៉ាតឆៈប៊ុរី ជាភ្នំដែលស្ថិតនៅក្នុងតំបន់ជាយដែនប៉ែកខាងលិចនៃប្រទេសថៃ ជាប់នឹងប្រទេសភូមា។ លោកអ្នកអាចបោះតង់សម្រាកនៅក្នុងឧទ្យានជាតិលើកំពូលភ្នំបាន រួមទាំងទស្សនាពពកវិល និងថ្ងៃលិច ដែលមើលឃើញវាលស្មៅមានពណ៌ដូចមាស។ ពិតជាអស្ចារ្យខ្លាំងមែនទែន តែលោកអ្នកត្រូវទិញសំបុត្រចូលកម្សាន្ដតម្លៃ 50បាត និងត្រូវបង់ថ្លៃការពារសុវត្ថិភាពនាពេលរាត្រី រួមទាំងថ្លៃអនាម័យ 100បាតទៀត។

5-កំពូលភ្នំ ថេវ៉ាដា ឬ ยอดเขาเทวดา

នៅភ្នំថេវ៉ាដានេះ សម្បូរទៅដោយចម្ការពោត ផ្កាឈូករ័ត្ន ម្នាស់ ផ្លែរ៉ៈកាំ…ពិតជាមិនខ្វះអីញ៉ាំទេ!។ ដូចគ្នានឹងភ្នំខាងលើដែលអាចបោះតង់ ទស្សនាថ្ងៃលិច និងអ័ព្ទពពកវិលបាន។ កាន់តែពិសេសទៅទៀត នៅលើកំពូលភ្នំ មានកន្លែងលេងកីឡាឡើងភ្នំ និងជិះកង់កម្សាន្ដតាមជម្រាលជើងភ្នំ ហើយកាន់តែរ៉ូមែនទិកទៅទៀតជាមួយធម្មជាតិ គឺមានទឹកជ្រោះ និងល្អាងភ្នំ ដែលធានាថា ត្រជាក់ស្រួលស្រៀវដល់ឆ្អឹង។ ភ្នំនេះមានទីតាំងស្ថិតនៅ ភូមិវ៉ាងយ៉ាវ ស្រុកដានឆាង ខេត្តសុផាន់ប៊ុរី៕

Advertisement