ជិះរថភ្លើងខ្សែផ្លូវមរណៈក្នុងជ្រលងភ្នំ «ក្រៈឈែ»

រមណីយដ្ឋានទេសចរណ៍ រូងភ្នំក្រៈឈែ មានទីតាំងនៅក្នុងខេត្ត កានចៈណៈប៊ុរី ជាតំបន់ទេសចរណ៍ដែលជាប់នឹងខ្សែរថភ្លើងមរណៈ និងជាទីតាំងប្រវត្តិសាស្ត្រក្នុងសម័យសង្គ្រាមលោកលើកទី 2។ ផ្លូវរថភ្លើងជាប់នឹងជ្រលងភ្នំ ក្រៈឈែ នេះត្រូវបានកសាងឡើងក្នុងសម័យសង្គ្រាមលោកលើកទី2 ដែលតភ្ជាប់ប្រទេសថៃ ទៅប្រទេសភូមា(ឈ្មោះកាលពីសម័យនោះ) និងធ្លាប់ជាជំរំប្រមូលផ្ដុំរបស់អ្នកទោសសង្រ្គាមនាសម័យកាលនោះ។ បច្ចុប្បន្នវាជាស្ថានីយរថភ្លើងទេសចរណ៍ សម្រាប់ដឹកភ្ញៀវទស្សនាតាមជ្រលងភ្នំ ក្រៈឈែ ទៅកាន់តំបន់ទឹកជ្រោះ និងរូងភ្នំ «ព្រោង»  ដែលមានរូបចម្លាក់ព្រះពុទ្ធបដិមាករដ៏ស័ក្ដសិទ្ធិនៅក្នុងរូងភ្នំនោះ។

រូងភ្នំ ក្រៈឈែ ជារូងភ្នំតូចមួយដែលមានភាពទាក់ទាញបំផុត ដោយសារតែនៅតំបន់ខាងមុខរូង មានបណ្ដុំផ្ទះប្រជាជនដែលនិយមត្បាញក្រណាត់តាមបែបប្រពៃណីបុរាណ ទើបធ្វើឱ្យទីតាំងនោះក្លាយទៅជាតំបន់សហគមន៍តម្បាញបែបបុរាណ។ គួរបញ្ជាក់ផងដែរថា ជ្រលងភ្នំ ក្រៈឈែ មានកម្ពស់ 450ម៉ែត្រ និងមានខ្សែរថភ្លើងរត់កាត់ប្រវែង 10គីឡូម៉ែត្រ និងផ្លូវមរណៈដែលគួរឱ្យស្រៀវឆ្អឹងខ្នងបំផុតមានប្រវែង 400ម៉ែត្រ នៅជាប់នឹងមាត់ស្ទឹង ក្រៈឈែ។ ចំពោះខ្សែរថភ្លើងមួយនេះ អាចផ្ទុកមនុស្សបានដល់ទៅ 60,000 នាក់ក្នុងមួយជើងៗ។

គួរជម្រាបដែរថា ចំពោះតម្លៃសំបុត្រចូលកម្សាន្ដនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ដ្រមួយនេះមានតម្លៃសមរម្យត្រឹមតែ 100-150បាតប៉ុណ្ណោះ ដោយមិនរួមថ្លៃជិះរថភ្លើងទេ។

អ៊ីចឹងតោះ!  នៅចាំអីទៀត ទៅទស្សនាវីដេអូ ​និងរូបភាពទាំងអស់នោះទាំងអស់គ្នា៖

Advertisement