កុំរំលង!! ឈៀងរ៉ាយ តំបន់ទេសចរណ៍ធម្មជាតិ

អ្វីដែលប្លែកអារម្មណ៍នៅក្នុងថ្ងៃនេះ គេហទំព័រឡារ៉ែនសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅកាន់ដែនដីស្រស់ស្អាតមួយផ្នែកនៅ ក្នុងប្រទេសថៃ និងស័ក្ដសមបំផុតសម្រាប់ស្ថាបត្យករ និងអ្នកនិយមទស្សនាស្ថាបត្យកម្មប្លែកៗ ដែលមិនគួរមើលរំលង ។ ក្រៅពីសម្បូរដោយវត្តបុរាណ លោកអ្នកនឹង បានឃើញ ពីការរបៀប នៃការរស់នៅ របស់ជនជាតិ ភាគតិចថៃ រួមទាំងទីសក្ករៈ បូជាដ៏ស័ត្តិសិទ្ធិល្បីល្បាញជាច្រើន ។ ទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ គឺមាននៅក្នុងខេត្ត ឈៀងរ៉ាយ ។

មណ្ឌលទេសចរណ៍ដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់នៅតំបន់ភាគ​ខាង​​​ជើង នៃប្រទេស​ថៃ​បន្ទាប់ពី ឈៀងម៉ៃ នោះគឺ ឈៀងរ៉ាយ ជាខេត្តដែល​ស្ថិត​នៅជាប់នឹងខេត្តឈៀងម៉ៃ និង​មាន​​​​ព្រំ​ប្រទល់ជាប់នឹងប្រទេស 2 គឺ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា មានជន​ជាតិ​កុល​សម្ពន្ធជាច្រើនពូជសាសន៍ តែពួកគេ​រស់​នៅ​យ៉ាងសុខសន្តិភាពកណ្តាលធម្មជាតិព្រៃភ្នំដ៏ស្រស់ត្រកាល និងការ​អភិវឌ្ឍន៍។ រមណីយដ្ឋាន និងមណ្ឌលទេសចរណ៍សំខាន់ៗដ៏ល្អប្រណិត បានភ្ញៀវទេសចរទាំងឡាយចាប់អារម្មណ៍ខ្លាំងចង់​ទៅទស្សនា និងដើរកម្សាន្តនៅទីនោះ ដែលមានកន្លែងទេសចរណ៍ធម្មជាតិព្រៃភ្នំ វត្តបុរាណ និង​​ទី​កន្លែង​ដ៏គួរឱ្យសិក្សាស្វែងយល់។ ចំពោះអ្នកដែលមានបំណងចង់ទៅទស្សនា និង​ដើរ​លេងកម្សាន្ត នៅក្នុងខេត្ត​ភាគខាង​ជើង​របស់​ប្រទេសថៃមួយនេះ មានដូចតទៅ៖

1-វត្តរ៉ង់ ឃុន​

វត្ត រ៉ង់ ឃុន ត្រូវបានអ្នកទេសចរជាតិ និងអន្តរជាតិស្គាល់ច្បាស់ នៅក្នុងឈ្មោះថា វត្តប្រាសាទស ជា​វត្ត​​ដែល​មាន​​ក្បាច់​ចម្លាក់ប្លែកចម្លែកខុសពីវត្តដទៃទៀត នៅក្នុងប្រទេសថៃ និងត្រូវបានកសាងឡើងដោយវិចិត្រករ និងជា​ជាង​ចម្លាក់​ដ៏ល្បីល្បាញជនជាតិថៃម្នាក់ ឈ្មោះថា លោកគ្រូអាចារ្យ ឈ្លើមឆ័យ ខូស៊ីតភិផាត់ រួមជាមួយ និងកូនសិស្សជាង 80 នាក់​ទៀត ដោយបាន​ចាប់ផ្តើមកសាងមកបាន 17ឆ្នាំហើយ។ នៅក្នុងបរិវេណវត្ត រ៉ង់ ឃុន មានប្រាសាទធំៗចំនួន 4 ដែលមានពណ៌ស​3 និងពណ៌មាស1 ដែលសុទ្ធតែលម្អដោយក្បូរក្បាច់រចនា នៃចម្លាក់បែបពុទ្ធិសិល្បៈសម័យថ្មីរបស់ថៃ ហើយនៅតាមជញ្ជាំងខាង​ក្នុង​របស់ប្រាសាទនីមួយៗ មានគំនូរ​រូបភាពពណ៌ធម្មជាតិ ដែលបង្ហាញពីការតតាំងគ្នារវាងពួកកង​ទ័ពយក្ស​មារ​ ដែលតំណាង​ឱ្យ​សភាវ​អាក្រក់ និងព្រះពោធិសត្វ ​ដែលតំណាងឱ្យសភាវល្អ សតិ សមាធិ និងបញ្ញាញាណ។ ការចូលទស្សនាក្នុងវត្តរ៉ង់ឃុននេះ មិនត្រូវបានតម្រូវឱ្យបង់ប្រាក់ទេ ព្រម​ទាំង​អាច​​​ថតរូបបានដោយសេរីទៀតផង។

2-សារមន្ទីរបានដាំ ឬផ្ទះខ្មៅ

ជាសារមន្ទីរដែលធ្វើអំពីឈើពណ៌ខ្មៅ បង្ហាញពីប្រពៃណី វប្បធម៌ និងការរស់នៅរបស់ជនជាតិភ្នំនៅ​ក្នុងតំបន់​ភាគខាង​ជើង​​​ប្រទេសថៃនេះ ដែលមានទាំងផ្ទះឈើបុរាណសង់ខ្ពស់ពីដីពណ៌ខ្មៅ និងឧបករណ៍ចម្លាក់ គ្រឿងប្រើប្រាស់កាលពីសម័យ​ដើម ព្រម​ទាំងមានសត្វព្រៃនៅរស់មួយចំនួន ដែលមានខ្លះនៅក្នុងទ្រុង និងខ្លះព្រលែងនៅទីវាល ដើម្បីឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​បានថតរូបជាមួយទៀតផង។

3-សួនឧទ្យានស៊ីង្ហ

គឺជាមណ្ឌលទេសចរណ៍ដ៏ធំមួយ នៅកណ្តាលធម្មជាតិដ៏ស្រស់បំព្រង នៅលើផ្ទៃដីជាងរាប់សែនរ៉ៃ ដ៏ធំល្វឹងល្វើយ ប្រកប​​ដោយ​ចំការតែ ពណ៌បៃតងខ្ចី អ៊ូឡុង និងអាណាចក្រចំការដំណាំហូបផ្លែ ដូចជាស្រ្តប៊ើរី ពុទ្រាផ្អែមខុសរដូវ-ល- ព្រម​ទាំងប្លែកភ្នែកស្រឡះអារម្មណ៍ ជាមួយនឹងវាលផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង ដោយក្រុមភ្ញៀវទេសចរនឹងត្រូវនាំទៅ​ទស្សនា​តាម​រថយន្តបើកចំហប្រកបដោយផាសុកភាព និងសុវត្ថិភាព។

4-តំបន់អភិវឌ្ឍនម៉ែហ្វា ដយ ធុង

នេះគឺជាមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញមួយរបស់​ ខេត្តឈៀងរ៉ាយ ដែល​ពោរពេញ​ដោយ​ភាព​ស្រស់​ត្រកាល​នៃ​ជួរ​កំពូលភ្នំ ផ្សែងអ័ព្វដ៏ត្រជាក់ និងវិថីជីវិតជនជាតិ​កុល​​សម្ពន្ធភ្នំ។ កន្លែងដែលគួរតែទៅទស្សនាកម្សាន្ត ឱ្យបាននៅលើកំពូលភ្នំ នេះគឺ ព្រះរាជ​ដំណាក់ ដយ ធុង ដែលស្ថិតនៅលើកំពូលភ្នំ ខាងមុខព្រះរាជដំណាក់ គឺជាសួនបុប្ផាចម្រុះ​ពណ៌ ​ដែល​រីក​គ្រប់​រដូវ និងអាចមើលឃើញទៅក្រោមឆ្ងាយ រហូតទៅដល់​ជួរ​ភ្នំ​ នៅ​ក្នុងទឹកដីប្រទេសឡាវទៀតផង។ កន្លែងមួយទៀត​ ដែល​អ្នក​ទេសចរ​យើងមិនគួរ​ខក​ខានដែរនោះគឺ ភូមិជនកុលសម្ព័ន្ធឆាវដយ ដែលមានទាំងអស់ 29ភូមិ ដូចជា កុលសម្ពន្ធអំបូរ អាខា ឬ ​អ៊ី-ក ឡាហ៊ូ ថៃយ៉ៃ…ជាដើម ដែលមាន​វប្បធម៌ ទំនៀមទម្លាប់ និងការរស់នៅគួរឱ្យចង់ទស្សនាស្វែងយល់៕

Advertisement