កោះម៉ាយថន់ ឋានសួគ៌ក្រេបទឹកឃ្មុំ

កោះទេសចរណ៍ភូកេត មានកន្លែងដើរកម្សាន្តជាច្រើន និងដូចដែលធ្លាប់បានជម្រាបជូនប្រិយមិត្តទាំងអស់គ្នាកាលពីលើកមុនរួចហើយថា មានតំបន់ទេសចរណ៍មួយកន្លែងឈ្មោះថា «លែមភ្រំថេប ( แหลมพรหมเทพ )» ក៏មានទីតាំងស្ថិតនៅលើកោះភូកេតនេះដែរ។ ដោយឡែកថ្ងៃនេះ យើងនឹងបន្ដដំណើរទៅកាន់កោះតូចមួយទៀត ដែលស្ថិតនៅលើតំបន់ទេសចរណ៍ដ៏ល្អប្រណីតនេះដដែល នោះគឺកោះឋានសួគ៌ «កោះម៉ាយថន់ ( เกาะไม้ท่อน ) » ជាកន្លែងទស្សនាសត្វ និងរុក្ខជាតិបាតសមុទ្រដ៏ត្រជាក់ភ្នែក។

កោះម៉ាយថន់ ត្រូវបានភ្ញៀវទេសចរឱ្យឈ្មោះមួយទៀតថាជា កោះ Honeymoon island ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃកោះភូកេត។ កោះតូចច្រឡឹងមួយនេះ មានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍មកសម្រាកលម្ហែកម្សាន្ដយ៉ាងកុះករ ជាពិសេស គឺគូស្នេហ៍ថ្មោងថ្មីតែម្ដង។ លោកអ្នកអាចធ្វើដំណើរតាមរយៈទូក ដែលចេញពីកោះភូកេត ទៅកាន់កោះនេះក្នុងរយៈចម្ងាយ 9គីឡូម៉ែត្រ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍មុនពេលចេញដំណើរនោះគឺ កំពង់ផែចំណតទូកដែលត្រូវបានគេសាងឡើងពីបំពង់ឬស្សីធំៗ និងបន្ទាស់ក្ដារ។ កោះម៉ាយថន់ មិនត្រឹមមានសោភណភាពស្រស់ស្អាតនោះទេ លោកអ្នកថែមទាំងអាចទស្សនារុក្ខជាតិ និងសត្វសមុទ្របានយ៉ាងងាយ ដោយមិនចាំបាច់មុជទឹកជ្រៅឡើយ។ ចំពោះតម្លៃការសម្រាកនៅលើកោះ មានតម្លៃរាងថ្លៃបន្ដិច ព្រោះថា រីសតដែលបានរៀបចំនៅលើកោះនេះ មានតែមួយកន្លែងគត់ និងទំនើបលំដាប់ផ្កាយ 5 ទៀតផង។

ចង់ដឹងថា កោះម៉ាយថន់ មានអ្វីប្លែកខ្លះនោះ សូមទស្សនារូបភាពទាំងអស់នេះ ៖

 

Advertisement