ប្លែកភ្នែក!! ទស្សនាសមុទ្រពពកវិលនៅលើកំពូលភ្នំ «ភូថាប់ប៊ើក»

កំពូលភ្នំ «ភូថាប់ប៊ើក» (ภูทับเบิก ) មានទីតាំងស្ថិតនៅក្នុងខេត្ត ផេតចៈប៊ូន ដែលមហាជនគ្រប់រូបបានឱ្យរហស្សនាមកំពូលភ្នំនេះថា «ទស្សនីយភាពសមុទ្រពពកវិល» ដ៏ស្រស់ត្រកាល ត្រជាក់ភ្នែកប្លែកអារម្មណ៍ជាងគេនៅក្នុងប្រទេសថៃ។

តំបន់ទេសចរណ៍ធម្មជាតិមួយនេះបានក្លាយជាតំបន់ទេសចរណ៍ទីមួយដែលមនុស្សជាច្រើនបាននឹកដល់ និងចង់ទៅសម្រាកលម្ហែកាយជាមួយបរិយាកាសធម្មជាតិ ជាពិសេសហាក់បីដូចជាសម្រាកនៅលើឋានសួគ៌អីចឹងដែរ។ មិនថានៅក្នុងរដូវកាលណាទេ ទីកន្លែងនេះស្រស់ស្អាតគ្រប់ពេលវេលា ហើយស្ងប់ស្ងាត់ មានតែពពកវិលក្រឡឹងជុំវិញកំពូលភ្នំ និងសូរសំឡេងសត្វស្លាបស្រែកយំទ្រហឹងពេញព្រៃភ្នំតែប៉ុណ្ណោះ។

កាន់តែស្រស់ស្អាតជាងនេះទៅទៀត គឺនៅពេលថ្ងៃរះ និងថ្ងៃរៀបលិច ផ្ទៃមេឃទាំងមូលបានប្រែទៅជាពណ៌មាស ដែលធ្វើឱ្យប្លែកភ្នែក ទាក់ចិត្តមិនចង់ត្រឡប់ទៅផ្ទះវិញឡើយ។ ភ្ញៀវទេសចរណ៍ដែលមកកម្សាន្ដនៅទីនោះ នៅក្នុងមួយយប់ត្រូវចំណាយថ្លៃស្នាក់នៅជាលក្ខណៈបន្ទប់គេង ឬបោះតង់ក្នុងតម្លៃ 450បាតតែប៉ុណ្ណោះ។ ចំពោះអាហារហូបចុក ភ្ញៀវអាចយកទៅញ៉ាំបាន និងកន្លងមកមានភ្ញៀវទេសចរជាច្រើនបានបង្កាត់ភ្លើងអាំងសាច់ញ៉ាំជប់លៀងផាធីនៅទីនោះទៀតផង ដោយបានបង្កបរិយាកាសកាន់តែសប្បាយឡើងថែមទៀត។

នៅចាំអីទៀត តោះ! ទៅកម្សាន្ដនៅសមុទ្រពពកវិល «ភូថាប់ប៊ើក» ទាំងអស់គ្នា៕

Advertisement