ស្លៀកពាក់បុរាណថៃ ចូលរួមពិធីបុណ្យគម្រប់ខួប 230 ឆ្នាំ​នៃវត្តបុរាណ វត្ត​ពោធិ៍​ជ័យ

October 30, 2018​ ម៉ោង 1:52 pm

វត្ត​ពោធិ៍​ជ័យ (ថៃ៖ วัดโพธิ์ชัย, សរសេរ៖ វ័ដពោធិ៍ជ័យ, អាន៖ វ៉ាត់.ភោ.ឆៃ) គឺ​ជា​វត្ត​ល្បី​មួយ ដែល​មាន​ទី​តាំង​នៅ​លេខ​873 ផ្លូវ​ប្រច័ក្ស​សិល្បាគម សង្កាត់​នៃមឿង ខណ្ឌ​ហ្នងខាយ ខេត្ត​ហ្នងខាយ។ ជា​ព្រះ​អារាម​ហ្លួង ថ្នាក់​ត្រី ប្រភេទ​សាមញ្ញ សង្កាត់​និកាយ​មហា​និកាយ។

ភ្ញៀវទេសចរជាច្រើនបាន​ទៅ​លេង​ហ្នងខាយ កន្លង​ទៅ​នេះក៏បានឈៀងចូលទៅ​លេង និង​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​នេះ​។ តាម​ប្រវត្តិ​ឱ្យ​ដឹង​ថា ពី​ដើម​ឡើយ​វត្ត​នេះ​មាន​ឈ្មោះ​ថា វត្ត​ភីភីវ (ថៃ៖ วัดผีผิว) ដែល​ជា​កន្លែង​ដុត​ខ្មោច ឬ​សព ហើយ​ដែល​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​មក​ជា​វត្ត​ពោធិ៍​ជ័យ នេះ​វិញ។

អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ព្រះ​វិហារ​វត្ត​នេះ គឺ​ជា​ទី​តម្កល់​ព្រះ​បដិមារ​នាម ព្រះ​សៃ ដ៏​ល្បី​ល្បាញ។ ព្រះ​បដិមារ​ព្រះ​សៃ (ថៃ៖ หลวงพ่อพระใส) នេះ ចាត់​សាង​ឡើង​ដោយ​ព្រះ​រាជ​បិតា​របស់​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ក្ស័ត្រិយ៍​នៃ​អតីត​នគរ​លាន​ជាង (លាវ) រួម​និង​ព្រះ​បដិមារ​ពីរ​ព្រះ​អង្គ​ទៀត គឺ ព្រះ​សុក (ថៃ៖ พระสุก) និង​ព្រះ​សើម (ថៃ៖ พระเสริม)។ ចម្បាំង​រវាង​ប្រទេស​ថៃ និង​លាវ ត្រូវ​បាន​ថៃ​យក​ព្រះ​បដិមារ​ទាំង​បី​មក​តាំង​នៅ​ប្រទេស​ថៃ ហើយ​ដែល ព្រះ​សុក ត្រូវ​បាន​លិច​ចូល​ក្នុង​ទន្លេ​មេគង្គ ខណៈ​ដែល​​ដឹក​ជញ្ជូន​យក​មក​ក្រុង​ទេព (បាងកក) ចំណែកឯ​ព្រះ​សើម​វិញ ក៏​ត្រូវ​បាន​យក​មក​ដាក់​នៅ​វត្ត​បទុម​វនារាម ឯ​ក្រុង​ទេពមហានគរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2018 ក៏បានប្រារព្ធពិធីធ្វើបុណ្យគម្រប់ខួបព្រះវិហារបុរាណ វត្ត​ពោធិ៍​ជ័យ 230 ឆ្នាំ នាវេលាម៉ោង 10 ព្រឹក រហូតដល់ម៉ោង 22 យប់ ដែលតម្រូវឱ្យភ្ញៀវទេសចរស្លៀកបែបបុរាណថៃផងដែរ។ កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា៎ !៕