​ក្រសួងទេសចរណ៍​៖​ ​ឆ្នាំ​ ​2020​ ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​300,000​ ​នាក់​

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​ថា​ ​ប្រទេស​កម្ពុជា​មានបំណង​ទាក់ទាញ​អ្នកទេសចរ​ជប៉ុន​ជាង​ ​300,000​ ​នាក់​ឱ្យ​បាន​នៅ​ឆ្នាំ2020​។​ ​នេះ​បើ​តាម​របាយការណ៍​ព័ត៌មាន​របស់ក្រ​សួង​ទេសចរណ៍​ក្នុង​ពិធីបុណ្យ​ពិព័រណ៍​ទេសចរណ៍​ឆ្នាំ2019​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​។

​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​មានប្រសាសន៍​ថា​៖​«​នៅ​ឆ្នាំ2019​ ​នេះ​យើង​រំពឹង​ថា​ ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​230,000នាក់​។​ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​វិស័យ​ទេសចរណ៍​កម្ពុជា​ឆ្នាំ2019​ ​នឹង​រួមចំណែក​ដល់​ការ​លើកកម្ពស់​វប្បធម៌​ ​ប្រពៃណី​ ​និង​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​របស់​កម្ពុជា​។​ ​ការ​កើនឡើង​នៃ​ចំនួន​អ្នកទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លទ្ធផល​នៃ​ទំនាក់ទំនង​រឹងមាំ​រវាង​ប្រទេស​ទាំង2​»​។

​កាលពី​ឆ្នាំមុន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​6.2លាន​នាក់​បាន​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ ​កើនឡើង​ ​10.7​%​។​ ​ក្នុង​នោះ​មាន​ ​210,000នាក់​ជា​ជនជាតិ​ជប៉ុន​កើនឡើង​ ​3.5​%​ ​ពី​ ​1ឆ្នាំទៅ1ឆ្នាំ​ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​ក្លាយជា​ប្រទេស​មួយ​ ​ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍​កំ​ពូល​ៗ​ ​ទាំង​ ​10​ ​របស់​ប្រទេស​កម្ពុជា​។​

​លោក​ ​Kenji​ ​Yamada​ ​អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​បាន​មានប្រសាសន៍​ថា​៖​«​ប្រទេស​ខ្ញុំ​មានបំណង​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​និង​ការ​វិនិយោគទុន​ទៅកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​ ​និង​មាន​កម្លាំង​ពលកម្ម​ជាច្រើន​ ​និង​វ័យក្មេង​។​ ​លោក​យ៉ា​ម៉ា​ដា​ត្រូវ​បាន​គេ​ដកស្រង់​សម្តី​ទៀត​ថា​ ​ជប៉ុន​សន្យា​ថា​ ​នឹង​ជួយ​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរ​ ​និង​ការ​វិនិយោគ​មកកាន់​ប្រទេស​កម្ពុជា​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​អំពាវនាវ​ឱ្យ​មានការ​ហោះហើរ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​រវាង​ប្រទេស​ជប៉ុន​ ​និង​កម្ពុជា​ជាពិសេស​ទៅកាន់​ខេត្តសៀមរាប​ដែល​ជាទី​តាំង​នៃ​រមណីយដ្ឋាន​អង្គរ​បុរាណ​ដែល​បាន​ចុះបញ្ជី​ដោយ​យូ​ណេស្កូ​ ​និង​ជា​តំបន់​ប៉ូល​ទេសចរណ៍​កំពូល​ ​ៗ​ ​របស់​ប្រទេស​។

នៅ​ឆ្នាំ2016​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​All​ ​Nippon​ ​Airways​ ​(​ANA​)​ ​បាន​បើក​ជើងហោះហើរ​ត្រង់​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ណា​រី​តា​ ​របស់​ទីក្រុង​តូក្យូ​ ​និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​លោក​ ​Masahiro​ ​Imamura​ ​ប្រធាន​សមាគមមិត្តភាព​ជប៉ុន​បាន​និយាយ​ថា​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ត្រូវ​បាន​ពង្រឹង​បន្ទាប់ពី​ការបង្កើត​ជើងហោះហើរ​នេះ​។​

​ដោយមាន​កិច្ចសហការ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ ​សមាគម​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ ​បាន​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ​ខ្មែរ​ ​វប្បធម៌​ ​និង​ទេសចរណ៍​ ​និង​មានការ​សម្តែង​របាំ​បុរាណ​ខ្មែរ​ ​សម្តែង​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ ​និង​ច្រៀង​ចម្រៀង​ខ្មែរ​ ​ដោយក្រុម​តន្រ្តី​ ​Dark​ ​Storm​ ​Band​ ​និង​ក្រុ​មត​ន្ដ្រី​ករ​ខ្មែរ​ផ្សេងទៀត​ ​ក្នុង​នោះ​ស្តង់​ចំនួន250​ ​ត្រូវ​បាន​តាំង​ ​និង​ដាក់​បង្ហាញ​ផលិតផល​ ​និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ​10ម៉ឺន​នាក់​។​

គួរ​កត់សម្គាល់​ដែរ​ថា​ ​ឆ្នាំ2019​ ​នេះ​ជា​ខួប​លើក​ទី66​ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ ​និង​ ​ជប៉ុន​ ​ពិសេស​ស្រប​ពេល​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះករុណា​ណា​រ៉ូ​ហ៊ី​តូ​ ​ព្រះចៅអធិរាជ​ជប៉ុន​ ​ដែល​ទើបនឹងបាន​ឡើង​គ្រងរាជ្យ​នៅ​ថ្ងៃទី1​ ​ខែឧសភា​ ​ឆ្នាំ2019​។​

​ដើម្បី​បន្ត​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​លើ​ទីផ្សារ​ជប៉ុន​ ​ក៏ដូចជា​ការ​រឹតចំណង​មិត្តភាព​ ​កម្ពុជា​-​ជប៉ុន​ ​ក្រសួងទេសចរណ៍​នឹង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​JATA​ ​Travel​ ​Showcase​ ​និង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជាCambodia​ ​Tourism​ ​Roadshow​ ​ដែល​នឹង​ ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី24​ ​ដល់​ថ្ងៃទី27​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​អូ​សា​កា​ ​ប្រទេស​ជប៉ុន​ផង​ដែរ​៕​


Advertisement