ណាហ្គា​វើ​លដ៍ រៀបចំ​តន្ត្រី​ឆ្លង​ឆ្នាំ​ធំ​បំផុត​ចំនួន 2

សាធារណជន​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ទស្សនា​តន្ត្រី​នៅ​សាល​មហោស្រព NABA នៅ ណាហ្គា​ទី 2 និង​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០១៨

មាន​សាធារណជន និង​ទស្សនិកជន​ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ទេសចរ​ជាតិ-អន្តរជាតិ​រាប់ម៉ឺន​នាក់ បាន​រីករាយ​ទស្សនា​តន្ត្រី​ឆ្លង​ឆ្នាំ​ធំ​បំផុត​ពីរ​រៀបចំឡើង​ដោយ​ណាហ្គា​វើ​លដ៍​នៅ​ថ្ងៃទី 31 ធ្នូ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី 2018 ។ ការប្រគំ​តន្ត្រី​ទីមួយ ត្រូវបាន​ធ្វើឡើង​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី 2 និង​មួយទៀត​ធ្វើឡើង​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នក​សម្តែង​អន្តរជាតិ​ប្រចាំ​ណាហ្គា​វើ​លដ៍​ផងដែរ ។ ការប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​ពិសេស​នេះ ត្រូវ​បានផ្តល់​កិត្តិយស​ចូលរួម​ជា​អធិបតី​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ព្រមទាំង​ថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀតផង។

តន្ត្រី​ឆ្លង​ឆ្នាំ​ដែល​ធ្វើ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី 2 ដែលមាន 2000 កៅអី​នេះ ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង ម៉េង កែវពេជ្ជតា មាស សុខ​សោភា និង​ទេព បូ​ព្រឹក្ស ហើយ​ណាហ្គា​វើ​លដ៍​បាន​ចែកជូន​សំបុត្រ​ដើម្បី​ឲ្យ​ពុក​ម៉ែ​បងប្អូន​បាន​ចូលរួម​រីករាយ​ដោយ​សេរី។

តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី 2 ដែលមាន​រយៈពេល 90នាទី​នេះ មានការ​សម្តែង​បទ​ចម្រៀង​ដែលមាន​ការពេញនិយម​កាលពី3ទសវត្សរ៍​មុន និង​បទ​ចម្រៀង​សម័យ​បច្ចុប្បន្ន​ផងដែរ ។ អ្វីដែល​អស្ចារ្យ​ផងដែរ​នោះ គឺមាន​ការចាក់​បញ្ចាំង​រូបភាព​វីដេអូ 3D-mapping ដោយ​ម៉ាស៊ីន​បញ្ចាំង​ដែលមាន​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និង​ដំបូង​គេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា!

ភាព​រីករាយ បាន​បន្ត​កាន់តែខ្លាំង​នៅក្នុង​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហស្ចារ្យ​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ជួរមុខ លោក ព្រាប សុវត្ថិ និង​សិល្បករ-សិល្បការិនី​ប្រចាំ​ណាហ្គា​វើ​លដ៍​ដែល​រួមមាន​អ្នកលេង​ភ្លេង អ្នកចម្រៀង អ្នករាំ និង​អ្នក​សម្តែង​សៀក​រហ័ស​កម្ម ។ មិនតែប៉ុណ្ណោះ​ក៏មាន​វត្តមាន​របស់​ក​ញ្ញា សួស វី​សា ក្រុម​ក្មេង​ខ្មែរ ព្រមទាំង​ពិធីករ-ពិធី​ការិនី​ល្បីឈ្មោះ លោក ជា វណ្ណា​រិ​ទ្ធ និង កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន ព្រមទាំង​មាន​ហ្គេម​កម្សាន្ត​ចន្លោះ​ការសម្តែងនីមួយៗដែល​ពុក​ម៉ែ​បងប្អូន​បានឈ្នះ​រង្វាន់​ធំ​ជាច្រើន​ទៀតផង ។

ភាពសប្បាយ​រីករាយ​បំផុត​នេះ បាន​បន្ត​រហូតដល់​វិនាទី ទី 1 នៃ​ឆ្នាំ​ថ្មី​ដោយមាន​ការរាប់​ថយក្រោយ​ការបាញ់​កាំជ្រួច និង​ការ​បញ្ចាំង​ភ្លើង LED ដ៏​មហស្ចារ្យ​ជុំវិញ​ណាហ្គា​ទី 2 ដែលមាន​ពន្លឺភ្លើង​រត់​ជុំវិញ​អាគារ​ដ៏​ទាក់ទាញ និង​លេចធ្លោ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី 2018 ជាមួយ​ទស្សនិកជន​ក៏ដូចជា​ប្រជាជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក​ផងដែរ ៕

Advertisement