អេ អឹម ខេ បន្តសកម្មភាព​គាំទ្រ​សុខភាព​កុមារ​កម្ពុជាតាមរយៈ​មន្ទីរពេទ្យ​គុន្ធបុប្ផា

ភ្នំពេញៈ នា​ថ្ងៃទី03 ខែមករា ឆ្នាំ2018 តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដឹកនាំ​ដោយ លោក ណា​ង គី​ណា​ល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង នាំយក​ទឹកប្រាក់​បរិច្ចាគ​ចំនួន 18លាន​រៀន ប្រគល់ជូន​តំណាង មន្ទីរពេទ្យ​គុន្ធបុប្ផា នៅ​ទីតាំង​វត្តភ្នំ។ ថវិកា​ទាំងនេះ គឺជា​ទឹកចិត្ត​សម្បុរ​ស​របស់​គណៈ​គ្រប់គ្រង ក៏ដូចជា​បុគ្គលិក អេ អឹម ខេ ទូទាំងប្រទេស ដែល​តែងតែ​ផ្តល់​ការយកចិត្តទុកដាក់ និង​ឲ្យ​តម្លៃ​ដល់​សុខភាព​កុមារ​កម្ពុជា ដើម្បី​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ ជាពិសេស​ចង់ឃើញ​ពួកគាត់​មានឱកាស​បាន​ចូលរៀនគ្រប់ៗគ្នា ព្រោះ​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី។

ដោយមាន​បេសកកម្ម ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ អេ អឹម ខេ មាន​គោលដៅ​សំខាន់​ពីរ ដែល​ត្រូវ​សម្រេច​ឲ្យ​បាន គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សង្គម។ ជាក់ស្តែង​ក្នុង​ឆ្នាំ 2017 អេ អឹម ខេ បាន​ចូលរួម​លើកកម្ពស់​ការងារ​សង្គម​ជាច្រើន​កន្លងមក ដោយ​ការងារ​ទាំងនោះ​រួមមាន៖ (1) ចូលរួម​គាំទ្រ​គម្រោង​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ដើម្បី​ធ្វើការ​វះកាត់​មាត់​ឆែប ក្រអូម​ឆែប មាត់​ធ្មេញ និង​ពិការ​មុខមាត់ផ្សេងៗ ដល់​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ (2) ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត ក្រីក្រ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (3) ចូលរួម​គាំទ្រ​កម្មវិធី​ជើងឯក​និយាយ​ភាសារ​ខ្មែរ​ជា​សាធារណៈ និង​កម្មវិធី​សង្គម ផ្សេងៗជាច្រើន​ទៀត។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ថវិកា​ជូន​មន្ទីរពេទ្យ​គុន្ធបុប្ផា លោក ណា​ង គី​ណា​ល់ បាន​លើកឡើងថា “អេ អឹម ខេ បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការធ្វើ​ឲ្យ​សម្រេច​គោលដៅ​កិច្ចការ​សង្គម​របស់ខ្លួន។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គណៈ​គ្រប់គ្រង អេ អឹម ខេ តែងតែ ជំរុញ​ឲ្យ​មាន​វប្បធម៌​ចែករំលែកល្អៗ ដើម្បី​ជួយ​ដល់​សង្គម ហើយ​ថវិកា​ដែល​បាន​មកនេះ ក៏មាន​ការចូលរួម​ពី​បុគ្គលិក អេ  អឹម ខេ យើង​ផងដែរ។ លោក គី​ណា​ល់ បាន​បន្ថែមទៀតថា “ដោយសារតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បុគ្គលិក អេ អឹម ខេ ទាំងអស់ បច្ចុប្បន្ននេះ អេ អឹម ខេ ត្រូវបាន​ទទួលស្គាល់ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​អនុវត្ត​យ៉ាង​ពេញលេញ ទៅតាម​គោលការណ៍​ការពារ​អតិថិជន​ពី SMART CAMPAIGN ដែលជា​ស្ថាប័ន​អន្តរជាតិ​បង្រួបបង្រួម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក ឲ្យ​មាន​គោលដៅ​រួម គឺ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅតាម​គោលការណ៍​ការពារ​អតិថិជន។

អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែវិច្ឆិកា ឆ្នាំ2017 នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត 2.500នាក់ អតិថិជន​ចំនួន​ជិត 68ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង 205 លាន​ដុល្លារ​អាមេរិក និង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន 150 កន្លែង និង មាន​ភ្នាក់ងារ​ជាង 3.000កន្លែង នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន អតិថិជន​ដូចជា៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

Advertisement