ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ធនាគារ PPCBank និង Diners Club International

កាលពី​ថ្ងៃទី23 ខែសីហា ឆ្នាំ2018 នៅ​សណ្ឋាគារ សូ​ហ្វ៊ី​ថែ​ល​ភ្នំពេញ ធនាគារ PPCBank ដែលជា​ធនាគារពាណិជ្ជ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ Diners Club International ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​របស់ Discover Financial Services ហើយក៏​ជា​សមាជិក​របស់ Discover Global Network មួយ​ដែរ។

អនុស្សរណៈ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​សិទ្ធិ​ឱ្យ​ធនាគារ PPCBank ផ្តាច់មុខ​ក្នុង​ការចេញ​កាត​របស់ Diners Club International ក្នុងប្រទេស​កម្ពុជា ដោយសារ​ធនាគារ​បាន​មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច ក៏ដូចជា​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ព្រមទាំង​កំណើន​នៃ​តម្រូវការ​របស់​ពួកគេ​ចំពោះ​វិស័យ​ធនាគារ។

លោក Shin ប្រធាន​ប្រតិបត្តិ​ធនាគារ PPCBank បាន​លើកឡើងថា ធនាគារ​នឹង​រង់ចាំ​ពិភាក្សា​ជាមួយ​ដៃគូ​សហការ​គឺ Diners Club International ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​កិត្តិនាម​នេះ​ដល់​ប្រជាជន​កម្ពុជា​ដើម្បី​បំពេញ និង​ជំរុញ​ព្រំដែន​នៃ​តម្រូវការ​ផលិតផល​ដែលមាន​ស្តង់ដារ​ខ្ពស់ ហើយក៏​ជា​ផ្នែក​មួយ​ដែល​អាច​ជំរុញ​សង្គម​កម្ពុជា​ឱ្យចូល​រួម​ក្នុង​ការធ្វើសមាហរណកម្ម​សកល​ឱ្យទាន់ពេល​ផងដែរ។

ក្នុងនោះដែរ Diners Club International និង​ធនាគារ PPCBank បានសម្រេច​ការផ្តល់ជូន​នូវ​ការបើក​ទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ប្រើប្រាស់​កាត​ពាណិជ្ជ​កម្ម​ដែល​កំពុងតែ​មានការ​ពេញនិយម ជាមួយនឹង​អត្ថប្រយោជន៍​ជាច្រើន​ពី Diners Club International រួមមាន ការចូល​ក្នុង​កន្លែង​សម្រាកលម្ហែ​របស់ Diners Club នៅក្នុង​ព្រលានយន្តហោះ​ជាច្រើន​ជាង 800កន្លែង​ទូទាំង​ពិភពលោក ការទទួល​ទាន​អាហារ ការធ្វើដំណើរ ការកម្សាន្ត និង​ទិញ​ទំនិញ​នៅតាម​ហាង​ជាច្រើន​ជាង 50ប្រទេស ព្រមទាំង​កញ្ចប់​ដែល​ចំណេញ​ប្រាក់​សម្រាប់​ការទិញ​អីវ៉ាន់​តាម​អ៊ី​ន​ធើ​ណិ​ត​ទៀតផង។

គួរបញ្ជាក់​ផងដែរ​ថា ធនាគារ PPCBank ត្រូវបាន​ទទួលស្គាល់ថា ជា​ធនាគារពាណិជ្ជ​មួយ​ដែល​រីកចម្រើន​យ៉ាង​រហ័ស មិន​ត្រឹមតែ​ទ្រព្យ​សរុប​មួយផ្នែក​នោះទេ តែ​ចំនួន​អតិថិជន​ក៏មាន​ការកើនឡើង​ជា​លំដាប់​ផងដែរ។ ដើរតួនាទី​ជា​ធនាគារ​នៅក្នុង​យុគសម័យ​ដែល​ធ្វើ​ប្រតិបត្តិការ​តាមបែប​ឌីជីថល និង​ការផ្តោត​សំខាន់​លើ​សេវា​អតិថិជន​ក្រៅពី​ការដាក់ឱ្យ​ប្រើប្រាស់​នូ​វក​ម្ម​វិធី​ធនាគារ​ចល័ត ប្រព័ន្ធគ្រប់គ្រង​សហគ្រាស និង​ប្រព័ន្ធ​បេឡាករ​ចល័ត​សម្រាប់​ការពិគ្រោះ​យោបល់ ធនាគារ PPCBank ក្នុង​គោលបំណង​ធ្វើ​បដិរូបកម្ម​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធ​ថ្មី​របស់​ធនាគារ​ដល់​អ​តិ​ថិ​ជន​របស់ខ្លួន រួម​នឹង​សេវាកម្ម​ដែលមាន​ស្តង់ដារ​ខ្ពស់​ចំពោះ​អតិថិជន​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន។ ក្នុងនោះដែរ ធនាគារ PPCBank មានការ​គាំទ្រ​ពេញលេញ​ពី JB Financial Group ដែលជា​ក្រុមហ៊ុន​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​លើ​ជំនាញ​ក្នុងការ​គ្រប់គ្រង​ជំនួញ​ប័ណ្ណ​សកល អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយមាន​ទ្រព្យសកម្ម​សរុប​ជិត 50ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

Advertisement