អស្ចារ្យ!សាលារៀន​វ៉េ​ស្ទ​ឡាញ​ទទួលបាន​ភាពជោគជ័យ​រៀបចំ​ដំណើរ​ចូលរួម​កិច្ចការងារ​សប្បុរសធម៌​ជួយ​សង្គម​ខ្មែរ​របស់​បវរកញ្ញា​ច​ក្រ​វា​ឡ​តំណាង​កម្ពុជា

នា​ព្រឹក​ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2018 នេះ គណៈប្រតិភូ​សាលារៀន​វ៉េ​ស្ទ​ឡាញ បាន​នាំ​ដំណើរ​បវរកញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា ឬ Miss Global Cambodia កញ្ញា យ៉ូ​ស ប៉ូ​លី​ណា ( Paulina Yos ) ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចូលរួម​ជា​កិច្ចការងារ​សង្គម​សប្បុរសធម៌​ចំពោះប្អូនៗកុមារា​កុមារី​នៅក្នុង​សាលា​ដូងដែល​ម​មាន​ទីតាំង​ស្ថិតនៅ​ភូមិ រនះ សង្កាត់ កោះដាច់ ខណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

នា​ដំណើរ​របស់​បវរកញ្ញា​ចក្រ​វា​ឡ​រូបនេះ​បាន​ដល់​ទឹកដី​នៃ​សាលា​ដូង លោក អ៊ុក វណ្ណ​ដេ ជា​ស្ថា​និក​សាលា​ដូង និងប្អូនៗកុមារា​កុមារី​ទាំងអស់បាន​ចេញមក​ទទួល​ស្វាគមន៍​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា រួមទាំង​លោកគ្រូ​អ្នកគ្រូ​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ ដោយ​ទឹកមុខ​ញញឹម រីករាយ​រាក់​ទាញព្រមទាំង​សំឡេង​ទះដៃ​យ៉ាង​កងរំពង។

បុរស​វ័យ 30 ឆ្នាំ​ជា​ស្ថា​និក​សាលា​រូបនេះ បាន​ថ្លែង​ចំពោះ​ការចូលរួម​កិច្ចការងារ​សង្គម​មួយ​នេះ​ថាលោក​ពិត​ជាមាន​ក្ដី​សោមនស្ស​យ៉ាងខ្លាំង ដែល​សាលារៀន​វ៉េ​ស្ទ​ឡាញ បានរៀបចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​របស់​បវរកញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា មកកាន់​សាលា​ដូងនិង​បាន​ជួប​សំណេះសំណាល ផ្ដល់​គ​ន្លិះ អនុសាសន៍ល្អៗ ជូន​ចំពោះប្អូនៗនៅក្នុង​សាលារៀន​មួយ។ លោក​បន្ដថា « ខ្ញុំ​ពិតជា​រក​អ្វី​មក​និយាយ​មិន​ចេញ​មែនព្រោះ​ក្ដី​ស្រឡាញ់​ដ៏​ធំធេង​មួយ​នេះ បានធ្វើឱ្យ​ខ្ញុំ​រួមទាំងប្អូនៗទាំង​គ្នា​រំជួលចិត្ត​ឥតឧបមា ។

ជាមួយគ្នានេះ​ដែល កញ្ញា យ៉ូ​ស ប៉ូ​លី​ណា ក៏បាន​សម្ដែង​ចំណាប់អារម្មណ៍​ត្រេកត្រអាល និង​ក្ដី​ស្រឡាញ់​ចំពោះប្អូនៗកុមារា​កុមារី​ទាំង​អារម្មណ៍​ក្ដុកក្ដួល​រួមទាំង​សម្រក់​ទឹកភ្នែក​ថានាង​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ ខណៈដែលក្មេងៗទាំងអស់​នៅក្នុង​សាលារៀន​ដូង​នេះ បាន​រត់​មក​ឱប មក​ចាប់ដៃ ផ្ដល់នូវ​ក្ដី​ស្រឡាញ់​ពិត​ចេញពី​បេះដូង​មកកាន់​រូបនាង។

នាង​ថា « នាង​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់​ចំពោះ​ក្រុមការងារ​សាលារៀន​វ៉េ​ស្ទ​ឡាញដែល​បាន​យកចិត្ត​ទុក្ខ​ជាខ្លាំង​ចំពោះ​ដំណើរ​របស់​នាង​ខ្ញុំ​មក​ធ្វើ​កិច្ចការងារ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា។ នាង​ខ្ញុំ​ពិត​រំភើបចិត្ត​ខ្លាំងណាស់ ដែល​ទទួលបាន​ក្ដី​ស្រឡាញ់​ពីប្អូនៗទាំងអស់នេះ ទទួល​ស្វាគមន៍​នាង​ខ្ញុំ​យ៉ាង​កក់ក្ដៅ​បីដូច​ជា​គ្រួសារ​តែមួយ»។ យ៉ាងណាមិញ បវរកញ្ញា​រូបនេះ​ក៏បាន​ថ្លែង​អំពី​បទពិសោធន៍​ជីវិត​ខ្លះទៅ​កាន់​ប្អូន​ទាំង 3 ធំៗ រួមមាន៖ ទី1-កុំ​បោះបង់​ក្ដីសង្ឃឹម។ ទី2- ការប្រឹងប្រែង​តស៊ូ ខិតខំ​រៀនសូត្រ​នូវ​អ្វី​ដែលជា​បំណងប្រាថ្នា​ពិត​របស់ខ្លួន ដើម្បី​សម្រេច​គោលដៅ​នា​ថ្ងៃ​អនាគត។ ទី3 នោះ​គឺ ភាពក្លាហាន និង​លើកទឹកចិត្ត​ខ្លួន។

គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​ចូលរួម​កិច្ចការងារ​សង្គម​រប​ស់បវរ​កញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា​រូបនេះ​ដែល​រៀបចំឡើង​ដោយ​សាលារៀន​វ៉េ​ស្ទ​ឡាញ ពោលគឺ​ពិតជា​ទទួលបាន​ការសរសើ​រ​ពី​សំណាក់​ក្រុមការងារ Miss Global Cambodia និង​កញ្ញា ប៉ូ​លី​ណា មិន​ដាច់​ពី​មាត់​ពី​ត​មែន។ លោកគ្រូ​អ្នកគ្រូ​សាលារៀន​វ៉េ​ស្ទ​ឡាញ ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន ឡា​រ៉ែ​ន ផងដែរ​ថា ក្រៅពី​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​ឱ្យមាន​គុណភាព​ស្ដង់ដា​ជាតិ និង​អន្ដរជាតិ​ហើយ​នោះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ក៏បាន​ផោ្ដ​ត​សំខាន់​ចំពោះ​កិច្ចការងារ​សប្បុរសធម៌​ដើម្បី​ជួយ​សង្គម​ជាតិខ្មែរ​ផងដែរ។

លោក​បន្ដថា « ដូច​ដែរ​បានដឹងហើយថា សាលារៀន​វ៉េ​ស្ទ​ឡាញ​គឺជា​ស្ថាប័ន​អប់រំ​មួយ​ដែល​ផ្អែកលើ​គោលដៅ គុណធម៌ មនុស្សធម៌ និង​ភាពជា​អ្នកដឹកនាំ ដែល​បាន​ដើរ​ស្របតាម​កម្មវិធីសិក្សា​បែប​អឺរ៉ុប និង​បាន​ផ្ដល់ឱ្យ​សិ​ស្សា​នុស​ស្សិ​ទាំងអស់​ទទួលបាន​នូវ​ចំណេះដឹង ដែល​ផ្ដោតលើ​សំខាន់​លើ បញ្ញា ស្មារតី សីលធម៌​រស់នៅ និង​កាយសម្បទា។ ដូច្នោះ​ហើយ​បានជា ដំណើរ​ចូលរួម​ការងារ​សង្គម​របស់​បវរកញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា​លើក​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​មាន​កិត្តិយស​ទទួល និង​សម្របសម្រួល​ទាល់​ដំណើរ​ទស្ស​និក​កិច្ច​ជួយ​សង្គម​របស់​បវរ​កញ្ញា​ចក្រ​វា​ឡ​តំណាង​ប្រទេស​កម្ពុជា យ៉ាង​មាន​ភាពជោគជ័យ និង​បាន​មកវិញ​នូវ​ការ​ពោល​សរសើរ​ពី​កញ្ញា យ៉ូ​ស ប៉ូ​លី​ណា មិន​ដាច់​ពី​មាត់​ទាល់តែសោះ៕

Advertisement