ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃ​ខាងក្នុង លើក​ទី3 ធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី

ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃ​ខាងក្នុង លើក​ទី3 ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការ​ជាមួយ​សមាគម​ស្ថាបត្យកម្ម​កម្ពុជា​រៀបចំ​រួមគ្នា គឺធ្វើឡើង​កាលពី​ថ្ងៃទី24 ខែឧសភា ឆ្នាំ2018 នៅ​សាល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ក្រោម​ប្រធានបទ “ការ​រចនា​សម្រាប់​កន្លែង​ធ្វើការ និង​ការរស់នៅ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ” ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​វិស័យ​សំណង់​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា។

នៅក្នុង​ពិធី​ប្រកាស​បើក​ពិធី​តាំងពិព័រណ៍​នេះ ក៏មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា លោក Chinakit Viphavakit ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ICVeX លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ព្រមទាំង​អ្នកតំណាង និង​ម្ចាស់​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្ម​នៅក្នុង​កម្មវិធី​តូចធំ​ជាច្រើនរូប​ទៀត។

លោក Chinakit Viphavakit ​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ ICVeX ​បាន​មាន​ប្រសាសន៍​ថា​​៖​«ឆ្នាំ​នេះ​គឺ​ជា​ការ​រៀប​ចំ​ពិពរ័ណ៍​ស្ថាបត្យ​កម្ម​កម្ពុជា​ និង​ការ​តុប​តែង​ផ្ទៃ​ក្នុង​លើក​ទី​៣​ របស់​យើង​ដែល​នឹង​ផ្តល់​ជូន​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​អ្នក​ចូល​រួម​ក្នុង​ការ​រៀន​សូត្រ។​ យើង​ចង់​ជំរុញ​ប្រជាជន​កម្ពុជា ​និង​ផ្តល់​គំនិត​ និង​ចំណេះ​ដឹង​ដល់​ពួក​គេ​ក្នុង​របៀប​រៀប​ចំ​លម្អ​នៅ​កន្លែង​​ធ្វើ​ការ​ និង​ការ​រស់​នៅ​របស់​ពួក​គេ​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​»។

ការតាំងពិព័រណ៍​នេះ​មាន​រយៈពេល3ថ្ងៃ គឺ​ពី​ថ្ងៃទី24 ដល់​ថ្ងៃទី26 ខែឧសភា ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជាង150ក្រុមហ៊ុន ដែល​មកពី​ទូទាំង​ពិភពលោក និង​មាន​ទំហំ​ទីតាំង​ពិព័រណ៍​ជិត4,000 ម៉ែត្រការ៉េ ដាក់តាំង​បង្ហាញ​នូវ​ផលិតផលថ្មីៗ និង​ភាព​ច្នៃប្រឌិតថ្មីៗដល់​អ្នកចូលរួម​មកពី​វិស័យ​ស្ថាបត្យកម្ម​រចនា​ផ្ទៃ​ខាងក្នុង អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ ក៏ដូចជា​តាំង​បង្ហាញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូរ​ទៅ​ដែលជា​ម្ចាស់ផ្ទះ និង​សាស្ត្រាចារ្យ​ជំនាញ​ក្នុង​វិស័យនេះ​ផងដែរ។

នៅក្នុង​ពិធី​តាំងពិព័រណ៍​នេះ​ផងដែរ អ្នកចូលរួម​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​ក៏មាន​ឱកាស​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ដោយផ្ទាល់​ជាមួយនឹង​វាគ្មិនល្បីៗ និង​មាន​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម និង​ការតុបតែង​ផ្ទៃ​ខាងក្នុង​ផងដែរ៕

Advertisement