ក្រុមហ៊ុន G Gear ប្រកាសនាំចូល និងចែកចាយទូក្លាស្សេ Panasonic ផ្ដាច់មុខនៅលើទីផ្សារកម្ពុជា

បន្ទាប់ពីបានដំណើរការអាជីវកម្មដែលផ្តោតសំខាន់ទៅលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះវៃឆ្លាត បែបអេឡិចត្រូនិចយ៉ាងជោគជ័យអស់រយៈកាលជាច្រើនឆ្នាំកន្លងទៅនេះ នៅត្រឹមរសៀលថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 នៅសណ្ឋាគារ The Great Duke Phnom penh ក្រុមហ៊ុន G Gear បានធ្វើការប្រកាសជាផ្លូវការនូវការសម្រេចនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលទូក្លាស្សេ ភេសជ្ជៈ និងអាហារកំប៉ុង ម៉ាក Panasonic នៅលើទីផ្សារកម្ពុជា ក្រោមវត្តមានរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Group រួមជាមួយនឹងលោក Maresuke Nagatoshi ប្រធានតំណាងក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា ។

លោកឧកញ៉ា សុខ ពិសិដ្ឋ  បានមានប្រសាសន៍នៅក្នុងឱកាសដ៏អស្ចារ្យនេះថា « យើងពិតជាមានក្ដីសោមនស្សខ្លាំងបំផុត ដែលបានទទួលសិទ្ធិនាំចូលនូវទូក្លាស្សេម៉ាក Panasonic Cold Chain ដ៏ទំនើបបំផុត សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅកម្ពុជា។ ជាមួយនឹងការសម្រេចនាំចូល និងចែកចាយផ្ដាច់មុខទៅលើផលិតផលអេឡិចត្រូនិកមួយនេះ លោកមានភាពជឿជាក់ថា នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាក់ជាមិនខាន ព្រោះ Panasonic ត្រូវបានគេស្គាល់យ៉ាងទូលាយថា ជាម៉ាកសញ្ញាផលិតផលដែលមានកេរ្តិ៍ឈ្មោះល្បី និងគុណភាពខ្ពស់ដែលអាចជឿទុកចិត្តបាន ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏បានបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ នៅលើទីផ្សារកម្ពុជា ក៏មានទូក្លាស្សេម៉ាក Panasonic ចរាចរណ៍ផងដែរ ប៉ុន្តែទូក្លាស្សេទាំងនោះភាគច្រើនជាផលិតផលខុសច្បាប់ដែលនាំចូលមកពីប្រទេសជិតខាង និងមិនមានស្ដង់ដារគុណភាពត្រឹមត្រូវនោះទេ។ ដោយឡែកសម្រាប់ទូក្លាស្សេម៉ាក Panasonic Cold Chain ដែលក្រុមហ៊ុន G Gear បាននាំចូល និងចែកចាយផ្តាច់មុខនាពេលនេះ គឺមានការឆ្លងកាត់នូវប្រព័ន្ធគ្រប់គ្រងគុណភាព ប្រព័ន្ធភ្លើង និងការគ្រប់គ្រងកម្រិតត្រជាក់យ៉ាងត្រឹមត្រូវពីសំណាក់អ្នកជំនាញប្រចាំក្រុមហ៊ុន Panasonic តែម្ដង ។​

លោក Maresuke Nagatoshi ក៏បានថ្លែងផងដែរថា ៖​បច្ចុប្បន្នេះ ក្រុមហ៊ុន Panasonic កំពុងតែធ្វើអាជីវកម្មលើផលិតផលទូក្លាស្សេនៅទីផ្សារសំខាន់ៗចំនួន4តំបន់ រួមមានប្រទេស ចិន ជប៉ុន អាមេរិកខាងជើង រួមជាមួយនឹងបណ្តាប្រទេសនានាដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងសកម្ម។ ដោយឡែកសម្រាប់ទីផ្សារនៅកម្ពុជានាពេលនេះ តាំងតំណាងឱ្យក្រុមហ៊ុន Panasonic ពិតជាមានក្ដីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនមានឈ្មោះល្បី និងឈានមុខគេនៅកម្ពុជា ហើយក្រុមហ៊ុន Panasonic មានភាពជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានជោគជ័យនៅលើកិច្ចសហការមួយនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានផលិតផលទូក្លាស្សេ Panasonic Cold Chain ខុសច្បាប់មួយចំនួនកំពុងតែមានសកម្មភាពចរាចរណ៍នៅលើទីផ្សារកម្ពុជា ក្រោមការនាំចូល និងចែកចាយគេចពន្ធ ដែលគេដឹងថា ភាគច្រើននាំចូលមកពីប្រទេសថៃ។ ពាក់ពន្ធទៅនឹងចំណុចនេះ ក្រុមហ៊ុន G Gear សូមប្រកាសថា ចំពោះផលិតផលដែលស្របច្បាប់ និងមានគុណភាពខ្ពស់ស្របតាមស្ដង់ដារ គឺមានលក់តែនៅក្នុងក្រុមហ៊ុន G Gear តែប៉ុណ្ណោះ ៕

Advertisement