ក្លិប​កម្សាន្ត Epic 2 នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ ជាមួយ​ការបញ្ចុះ​តម្លៃ 30%

ភ្នំពេញ៖ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ ក៏ដូចជា​ដើម្បី​ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​នោះ ក្លិប​កម្សាន្ត Epic នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​សាខា​ទី2 (Epic 2) របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍ ទី07 ខែកក្កដា ស្អែក​នេះ ដែលមាន​ទីតាំងនៅ​ស្ថិតនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Eden Garden ពោលគឺ​កណ្ដាល​រាជធានី​ភ្នំពេញ ដោយមាន​ការបញ្ចុះ​តម្លៃ​រហូត 30ភាគរយ​គ្រប់​ភ្ញៀវ​ទាំងអស់។

លោក Faz Ghotbi នាយក​គ្រប់គ្រង​ក្រុមហ៊ុន Epic Group បានបញ្ជាក់​ឱ្យដឹងថា មូលហេតុ​សំខាន់​ដែល Epic Group ជ្រើសរើស​ទីតាំង​ខាងលើ​ដោយសារតែ​វា​ជាទី​តំបន់​អភិវឌ្ឍន៍​ថ្មី និង​សម្បូរ​ទៅដោយ​ភោជនីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ជាច្រើន ហើយ​វា​ក៏​ជាទី​តាំង​មួយ​ដ៏​ល្អ​សម្រាប់​អតិថិជន​របស់ Epic ជាពិសេស​គឺ​វា​ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង​តែម្ដង។

មួយវិញទៀត ពាក់ព័ន្ធ​នឹង​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​កា​វិនិយោគទុន​ដើម្បី​បង្កើត​ក្លិប Epic 2 នេះ​ឡើង​មិនត្រូវ​បាន​លោក Faz បញ្ជាក់​ពី​តួលេខ​ពិត​ឡើយ ដោយ​គ្រាន់តែ​បង្ហើប​ឱ្យដឹងថា ថវិកា​ដែល​ត្រូវ​ចំណាយ​គឺ​លើសពី​គម្រោង​ដែល​បាន​គ្រោងទុក ប៉ុន្តែ​លោក​សប្បាយរីករាយ ព្រោះ​ក្រុមការងារ​របស់ Epic បានធ្វើ​វា​ឡើង​យ៉ាង​ល្អប្រសើរ។

លោក Mort Chanraksmey នាយក​គ្រប់គ្រង​ទូទៅ​បានបញ្ជាក់​ឱ្យដឹងថា ក្លិប​កម្សាន្ត Epic 2 មាន​លក្ខណៈពិសេស​ច្រើន​ដោយបាន​បង្កើត និង​រៀបចំ​នូវ​ប្រព័ន្ធ​សំឡេង​ដែល​ល្អឥតខ្ចោះ និង​ប្រព័ន្ធ​ភ្លើង​ដែលមាន​ភាពស្រស់ស្អាត ជាពិសេស​គឺ​ការផ្ដល់​សេវាកម្ម​ពី​សំណាក់​បុគ្គលិក ដោយ​ពួកគាត់​ទទួលបាន​ការបង្ហាត់បង្រៀន​យ៉ាង​ល្អ​គ្រប់ផ្នែក ទាំង​ការទទួល​ភ្ញៀវ បម្រើភ្ញៀវ។

លោក Chanraksmey បានឱ្យដឹង​ទៀតថា Epic មិន​ត្រឹមតែ​ផ្ដល់​សេវាកម្ម​លើ​ផ្នែក​កម្សាន្ត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​នោះទេ Epic ក៏បាន​ចូលរួម​នៅក្នុង​វិស័យ​មនុស្សធម៌ និង​បាន​ជួយ​សង្គម​ជាច្រើន​ផងដែរ ដូចជា​បង្កើត​ព្រឹត្តិការណ៍​ដើរ​សំអាត​ទីក្រុង ជាពិសេស​គឺ​បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ភា​ជា​ប្រចាំខែ ក៏ដូចជា​មជ្ឈមណ្ឌល​កុមា​កំព្រា ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ Epic តែងតែ​ជួយ​ដល់​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ផ្ទាល់​នៅពេលដែល​ពួកគាត់​មានទុក្ខ​លំបាក។

លោក Faz Ghotbi បាន​រំលេច​បន្ថែមទៀតថា ក្លិប​កម្សាន្ត Epic មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផងដែរ ដែល​កន្លងមក​ក្រុមការងារ Epic ក៏​ធ្លាប់​បានធ្វើ​ការងារ​ជាមួយនឹង​ក្រសួងទេសចរណ៍ និង​ទទួលបាន​ការកោតសរសើ​រ​ផងដែរ។ ចំណែក​ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​សួរថា តើ Epic មាន​គម្រោង​បើក​សាខា​ទី3 ដែរ ឬទេ? លោក Faz បាន​ឆ្លើយថា Yes! វា​នឹង​កើតឡើង​នៅក្នុង​ឱកាស​ដ៏​សមស្រព​ណាមួយ ហើយ Epic Group មិន​ត្រឹមតែ​ចង់​ពង្រីក​វិសាលភាព​នៅតែ​ក្នុងប្រទេស​កម្ពុជា​នោះទេ គឺមាន​គម្រោង​ពង្រីក​ឈ្មោះ Epic ទៅតាម​បណ្ដា​ប្រទេសផ្សេងៗនៅ​ជិតខាង ដូចជា​ថៃ និង​មី​យ៉ាន់​ម៉ា​ជាដើម៕

Advertisement