ហេតុអ្វី​ត្រូវ​ប្រើប្រាស់​សេវា​ធនាគារ ជា​ប្រាក់រៀល?

ភ្នំពេញ៖ ផ្អែក​តាម​របាយការណ៍​ប្រចាំឆ្នាំ របស់​ធនាគារជាតិ នៃ​កម្ពុជា ក្នុង​ឆ្នាំ២០១៧ ក្នុង​ការចាក់​បញ្ចូល​ប្រាក់រៀល​ប្រមាណ ៣,៧ពាន់​លាន​រៀល តាមរយៈ​ការទិញ​ប្រាក់​ដុល្លារ​អាមេរិក ដែលមាន​តម្លៃ​សរុប ៩១៥លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង​ប្រមាណ ១១,៤% បើ​ធៀប​នឹង​ឆ្នាំ២០១៦។ ទំនុកចិត្ត​នៃ​ការប្រើប្រាស់​ប្រាក់រៀល ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល។  សម្រាប់​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ការប្រើប្រាស់​ប្រាក់រៀល គឺជា​ការចាំបាច់ ក្នុងការ​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជាពិសេស​ផ្តល់​ផលចំណេញ​ដល់​អតិថិជន​ផ្ទាល់​តែម្តង។ ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​ធនាគារជាតិ ធនាគារពាណិជ្ជ​នានា​បានចាប់ផ្តើម​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ជា​ប្រាក់រៀល ជាមួយនឹង​អត្ថប្រយោជន៍​ល្អ​ជាង​ប្រាក់​ដុល្លារ ទៅតាម​តម្រូវការ​របស់​អតិថិជន។

លោក ហុង ជៀប នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បាន​ឲ្យ​ដឹង​លម្អិត​ថា៖ «ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងប្រទេស​កម្ពុជា ធនាគារ CIMB មាន​មោទនភាព ក្នុងការ​រួមចំណែក​ដ​ល់​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល នៅក្នុង​គ្រឹះស្ថាន​ធនាគារ ដោយ​នាំយក​ផលិតផល​ធនាគារ​ជា​ប្រាក់រៀល​ដ៏​សម្បូរបែប ទាំង​ទៅលើ​ប្រភេទ​កម្ចី និង​ប្រាក់​បញ្ញើ ដល់​អតិថិជន។ ស្របតាម​ការលើកទឹកចិត្ត និង​បទ​ប្បញ្ញត្តិ​របស់​ធនាគា​រ​ជាតិ នៃ​កម្ពុជា យើង​នឹង​បង្កើន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ អំពី​សារៈសំខាន់​និង​រួមចំណែក​នៃ​ការប្រើប្រាស់​ប្រាក់រៀល ទាំង​ក្នុង​វិស័យ​ធនាគារ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ទាំងមូល​ផងដែរ»។

ជាការ​ពិតណាស់ សម្រាប់​ប្រតិបត្តិការ​ធនាគារ​មួយចំនួន ដូចជា​ការទូទាត់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម និង​ការបង់ពន្ធ​ជា​ប្រាក់រៀល​ជាដើម អតិថិជន​អាច​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​បង្កើន​ចំណេញ​បាន​ច្រើន នៅពេលដែល​ពួកគេ​មាន​គណនី​ធនាគារ​ជា​ប្រាក់រៀល​ស្រាប់ ដោយ​កាត់បន្ថយ​នូវ​ហា​នី​ភ័យ ពី​អត្រា​ប្តូរប្រាក់។ ជាមួយគ្នានេះ សម្រាប់​ការដាក់​ផ្ញើ​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល អតិថិជន​ក៏​ទទួលបាន​អត្រា​ការប្រាក់​ល្អ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​ផងដែរ។ ឧទាហរណ៍ សម្រាប់​គណនី​បញ្ញើ​ប្រាក់រៀល​មាន​កាលកំណត់ ធនាគារ CIMB ផ្តល់ជូន​អិ​តិ​ថិ​ជន នូវ​អត្រា​ការប្រាក់ រហូតដល់ ៦% ខណៈដែល​អត្រា​ការប្រាក់ ជា​ប្រាក់​ដុល្លារ​អាមេរិក ត្រឹមតែ ៤% ប៉ុណ្ណោះ។

តាមរយៈ​ការជួយឧបត្ថម្ភ​ដ៏​ថ្លៃថ្លា ពី​សំណាក់​ធនាគារជាតិ នៃ​កម្ពុជា ប្រាក់រៀល​ត្រូវបាន​រំពឹងថា នឹង​មានការ​ចរាចរ​កើន​ឡើងជា​លំដាប់ ក្នុងប្រទេស​កម្ពុជា ដែល​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ។ ធនាគារជាតិ នៃ​កម្ពុជា នឹងមាន​លទ្ធភាព​កាន់តែច្រើន ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព។ ហើយ​ប្រសិនបើ​ប្រាក់រៀល​ជា​រូបិយវត្ថុ​ចម្បង ការប្រើប្រាស់​ប្រាក់រៀល​តែមួយ​មុខ ក៏​នឹង​លើកកម្ពស់​កិត្យានុភាព និង​អធិបតេយ្យភាព​របស់​ប្រទេសជាតិ​យើង៕

Advertisement