កម្មវិធី​សិក្ខារ​សាលា ការចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ពិធី​សម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3 ឆ្នាំ2018

ក្រោយពី​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​នៅ​ប្រទេស​កម្ពុជា​ក្នុងការ​ទស្សនា​ខ្សែភាពយន្ដ​ថៃ ស្ថាន​តំណាង​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ បានរៀបចំ​កម្មវិធី​សិក្ខារ​សាលា និង​ការចាប់​ដៃគូ​ពាណិជ្ជកម្ម ស្តីពី​ការផលិត​ខ្សែភាពយន្ត​នៅ​សាលប្រជុំ AEON Hall និងរោងកុន Major Cineplex ស្ថិតនៅ​ផ្សារ​ទំនើប AEON សែន​សុខ កាលពី​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018កន្លងទៅថ្មីៗនេះ។

លោក ជី​រ៉ា​វុ​ឍ សុ​ណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា “កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3 ឆ្នាំ2018នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នក​ផលិត​ខ្សែភាពយន្ត និង​បណ្តា​ក្រុម​ហ៊ុ​ង​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​របស់​ប្រទេស​កម្ពុជា និង​ថៃ។ នៅថ្ងៃនេះ​ផងដែរ ក៏មាន​កម្មវិធី​សិក្ខាសាលា និង​ការចាប់​ដៃគូ​ពាណិជ្ជកម្ម ដែលជា​វេទិការ​ដ៏​សំខាន​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ស្តីអំពី​បច្ចេកទេស​នៃ​ការថត និង​កាត់ត​ភាពយន្ត​ពី​អ្នកជំនាញ​ដូចជា អ្នក​ផលិត​ភាពយន្ត អ្នកដឹកនាំ​សម្តែង និង​អ្នក​ដែលមាន​បទពិសោធ​ក្នុង​វិស័យ​ភាពយន្ត​មកពី​ប្រទេស​ទាំង2”។

ក្នុង​កម្មវិធី​សិក្ខារ​សាលា​នេះ ក៏មាន​វត្តមាន​វាគ្មិន2រូប​មកពី​ប្រទេស​ថៃ ដែល​ពួកគាត់​មាន​បទពិសោធ​ជាច្រើន​ក្នុង​ការផលិត​ខ្សែភាពយន្ត មក​ធ្វើ​បទ​បង្ហាញ​ស្ដីអំពី Short Film និង Special Effects  ទៅកាន់​សិស្ស​និ​សិ​ត្ស​មកពី​សកល​វិទ្យាល័យ​មួយចំនួន​ដែលមាន​ដូចជា និស្សិតមកពី PSE សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សមាគម​ផលិត​ខ្សែភាពយន្ត ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ផលិត​ខ្សែភាពយន្ត​ដោយ​ឥតគិតថ្លៃ​ផងដែរ។ លើសពីនេះទៅទៀត​ក៏មាន​កម្មវិធី ចាប់​ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​វិស័យ​ភាពយន្ត ដែលមាន​ការចូលរួម​ពី​ផលិតករ អ្នកដឹកនាំ​សម្តែង ម្ចាស់​អាជីវកម្ម ដើម្បី​ចែករំលែក​បទពិសោធ បច្ចេកទេស  និង​សហការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ក្នុងការ​ផលិត​ខ្សែភាពយន្ត ឬ​ស្ព​ត​ពាណិជ្ជកម្មផ្សេងៗឱ្យមាន​គុណភាព។

នៅក្នុង​ថ្ងៃ​បើកសម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3 នេះ ក៏មាន​វត្តមាន​គណៈ​ធិបតី ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ន​សាប់ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សិល្បករ សិល្បការិនី​ខ្មែរ និង​ថៃ​ជាច្រើនរូប​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ។

លោក ជី​រ៉ា​វុ​ឍ សុ​ណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា “ខ្សែភាពយន្ត​ថៃ​ចំនួន4រឿង​ដែល​នឹង​យកមក​ចាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥតគិតថ្លៃ​នៅក្នុង​រោងភាពយន្ត Major Platinum Cineplex Hall 3 ផ្សារ​ទំនើប AEON សែន​សុខ ដែល​អាច​ផ្ទុក​ទស្ស​និជ​ន​បាន​ចំនួន266នាក់​ក្នុង​មួយ​លើក។

រឿង​ទី1 ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 នៅ​ម៉ោង7ល្ងាច មាន​ចំណងជើង​ថា “Memories of New Year” (អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ) ដែល​រឿងនេះ​បាន​សម្តែង​រួមគ្នា​ដោយ​តារា​សម្តែង​មកពី​ប្រទេស​ចំនួន4  ដូចជា​ប្រទេស​កម្ពុជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា។ រឿង​ទី2 រឿង​“Premika Parab” (ខារ៉ាអូខេ​មរណៈ)  ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2018 ម៉ោង7ល្ងាច។ រឿង​ទី3 រឿង​“Siam Square” (ខ្មោច​ស្រី​ចាំ​អគារ)  ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2018 ម៉ោង12 ថ្ងៃត្រង់។ និង​រឿង​ទី4 រឿង “Som Pak Sian (E-Sarn Love Story)” (រដឺន​ខក​ស្នេហ៍) ចាក់​បញ្ចាំង​ជូន​ទស្សនា នៅ​ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018 ម៉ោង12ថ្ងៃត្រង់៕

Advertisement