ជប៉ុន​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ភោជនីយដ្ឋាន​ដំបូង​គេ​នៅ​កម្ពុជា

September 15, 2018​ ម៉ោង 3:00 pm

ដើម្បី​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​ផ្នែក​ការគ្រប់គ្រង​អាជីវកម្ម​ម្ហូបអាហារ សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME នឹង​បើក​បង្រៀន​ជំនាញ​ផ្នែក​គ្រប់គ្រង​ភោជនីយដ្ឋាន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេល​ឆាប់​ខាងមុខនេះ​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC)។

លោក YOSHITO HIGASHIYAMA អគ្គនាយក​ក្រុមហ៊ុន TORIDOLLជប៉ុន​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី14 ខែកញ្ញា​នេះ​ថា សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME ជា​សាលាដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់​ការសិក្សា​ផ្ដោតទៅលើ​ជំនាញ​អាជីវកម្ម​ម្ហូបអាហារ និង​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​អាជីវកម្ម​ទៅដល់​សាធារណជន ពិសេស​សិស្ស និង​ស្សិត​នៅ​កម្ពុជា។

លោក​បាន​មានប្រសាសន៍ថា នេះ​ជា​ឱកាស​សម្រាប់​សាធារណជន និង​សិស្ស-និស្សិត​នៅ​កម្ពុជា​ក្នុងការ​ទទួលបាន​ជំនាញ​ដើម្បី​ចូលធ្វើការ​នៅ​ក្រុមហ៊ុន TORIDOLL ប្រចាំ​នៅ​កម្ពុជា ឬ​នៅ​សាខា​ក្រៅប្រទេស និង​អាច​ធ្វើការ​នៅ​ភោជនីយដ្ឋានល្បីៗផ្សេងទៀត ឬ​គ្រប់គ្រង​ភោជនីយដ្ឋាន​ខ្លួនឯង​ក៏បាន។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ជប៉ុន TORIDOLL បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​តាំងពី​ឆ្នាំ1985មក ហើយ​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​សាខា​របស់ខ្លួន​ចំនួន​ជាង 1000ហាង​នៅ​ប្រទេស​ជប៉ុន និង​ជាង 500ហាង​ទៀត​នៅ​ជុំវិញ​ពិភពលោក។ ភោជនីយដ្ឋាន MARUGAME ជា​ភោជនីយដ្ឋាន​ជាប់​លំដាប់ថ្នាក់​លេខ 1ទូទាំង​ពិភពលោក​ផ្នែក​មី អ៊ុ​ដុង ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 2015មក៕