ប្រជាជន​ចំនួន 256គ្រួសារ នៅ​ស្រុក​គៀនស្វាយ ទទួល​អំណោយ​ពី​មូលនិធិ ម៉េង​លី ជេ. គួច

លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិ​ប​ត្ត​នៃ​ក្រុមហ៊ុន ម៉េង​លី ជេ. គួច អេ​ឌ្យូ​ខេ​សិន និង​ជា​ប្រធាន​មូលនិធិ ម៉េង​លី ជេ. គួច ព្រមទាំង​ក្រុមគ្រួសារ នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ បាន​នាំយក​អំណោយ​ជា​ស្បៀង​បរិភោគ ព្រមទាំង​ថវិកា ចែកជូន​ដល់់​ប្រជាពលរដ្ឋ​ចំនួន ២៥៦គ្រួសារ មកពី​ភូមិ​ចំនួន៤ ក្នុង​ឃុំ​គគី ដែល​ភាគច្រើន​ជា​មនុស្ស​ចាស់​គ្មាន​ទីពឹង ជនពិការ និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​សរុប​ទឹកប្រាក់​ជាង ២២,០០០ ដុល្លារ​អាមេរិក។

ពិធី​ចែក​អំណោយ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ដូន​ស ស្ថិតនៅ​ក្នុងភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

អំណោយ​ដែល​ប្រជាពលរដ្ឋ​ទាំង ២៥៦ គ្រួសារ​ទទួលបាន​នៅថ្ងៃនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ថវិកា ព្រមទាំង​គ្រឿង​បរិភោគផ្សេងៗទៀត។

ក្រៅពី​គ្រឿង​បរិភោគ​ទាំងនេះ លោក​ឧកញ៉ា​ចិត្តធម៌​រូបនេះ ក៏បាន​ឧបត្ថម្ភ​កង់​ចំនួន ៤៣គ្រឿង សរុប​ទឹកប្រាក់ ១, ៧០០ដុល្លារ ដល់​សិស្សានុសិស្ស​នៅទីនេះ  និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​ពិគ្រោះ​យោបល់ ព្រមទាំង​ការព្យាបាល​ជំងឺផ្សេងៗ ក៏ដូចជា​ការចែក​ថ្នាំពេទ្យ​ជូន​ប្រជាជន​ក្រី​ក្រពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត នៃ​គ្លីនិក​ចល័ត វេជ្ជបណ្ឌិត គួច ដោយ​ឥតគិតថ្លៃ ដើម្បី​សម្រួល​ការលំបាក និង​ជីវភាព​ខ្វះខាត​ក្នុងការ​ចំណាយ​លើ​ការព្យាបាល​ជំងឺ​របស់​ពួកគេ​ផងដែរ។

ក្នុងចំណោម​អ្នកទទួល​អំណោយ​ទាំងនោះ មាន​លោកយាយ​ម្នាក់​អាយុ ៧២ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ តារា​បដូ​នស ឃុំ​គគីរ។ ស្ត្រី​ចំណាស់​ដែល​ដើរ​បាន​ពឹង​លើ​ឈើច្រត់​រូបនេះ រស់​នៅតែ​ពីរ​នាក់​បងប្អូន​ភ្លោះ​ប៉ុណ្ណោះ។ លោកយាយ​សប្បាយ​ចិត្តជា​ខ្លាំង​ដែល​ទទួលបាន​គ្រឿង​បរិភោគ​ពី​លោក​ឧកញ៉ា គួច ម៉េង​លី នៅថ្ងៃនេះ ខណៈដែល​លោកយាយ​កំពុង​ជួប​ការលំបាក​រស់នៅ​រាល់ថ្ងៃ​ពឹង​លើ​អ្នកជិតខាង​ជូន​នំចំណី ឬ​អាហារ និង​ក្មួយ​ផ្តល់​លុយកាក់​បន្តិចបន្តួច។ លោកយាយ​បន្តថា យ៉ាងហោចណាស់​អង្ករ ៥០គីឡូក្រាម និង​គ្រឿង​បរិភោគ​ទាំងនេះ អាចជួយ​បាន​ពី១ខែ ទៅ ២ខែ​ដែរ។

លោកយាយ​បន្តថា «បាន​អំណោយ​នេះ​ធូរ​មួយកម្រិត អា​មួយកម្រិត​ហ្នឹង​វា​ច្រើន​ដែរ​ព្រោះ​អីយើ​ង​វា​អត់​មាន ដូច​ខ្ញុំ​វា​ហូប​បានយូរ​ព្រោះ​យើង​អត់​មាន​កូនចៅ ហូប​ខ្លះ និង​ដាក់​បាទ​លោក​ខ្លះ យើង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ម្ចាស់​ទាន»។

លោក គឹម គង់​ណា​រី សមាជិក​ក្រុមប្រឹក្សាឃុំ​គគីរ បានឱ្យដឹងថា​អំណោយ​ដែល​លោក​ឧកញ៉ា បាន​ចែកជូន​ប្រជាពលរដ្ឋ​នៅថ្ងៃនេះ គឺ​ចែក​ចំពេល​តែម្តង ចំពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​ខ្លាំង ព្រោះ​ជា​រដូវ​ទឹក​ឡើង។ លោក​បន្តថា អំណោយ​ជា​គ្រឿង​បរិភោគ​ទាំងអស់នេះ ទោះ​មិន​អាចជួយ​បាន​ច្រើន​ខែ ប៉ុន្តែ​ជួយ​ដោះ​ទាល់ និង​សម្រាល​ជីវភាព​ប្រជាជន​បាន​មួយរយៈ ខណៈ​រដូវ​ទឹក​ឡើង​នេះ​ប្រជាជនមាន​ការខ្វះខាត​ខ្លាំង ពិបាក​រកស៊ី​ប្រក​បរក​ចិញ្ចឹមជីវិត​មានគ្រួសារ​ខ្លះ​រកបាន​ព្រឹក​ខ្វះ​ល្ងាច។

លោក​បន្ថែមថា ជាច្រើនលើក​មកហើយ ដែល​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ជួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដូចជា​នាំយក​អំណោយ គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ ថ្នាំសង្កូវ មក​ចែកជូន             ប្រជាពលរដ្ឋ ទិញ​កង់​ឧបត្ថម្ភ​ដល់​សិស្សសាលា ហើយ​ជាពិសេស​នោះ​លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ធ្វើ​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ។ លោក​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ដែល​តែង​គិតគូរ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ។

សូមជម្រាបថា មូលនិធិ ម៉េង​លី ជេ. គួច ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០៥ ដោយ​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានផ្តល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តកណ្តាល១១លើក រួចមកហើយ។ ដោយឡែក​នៅ​តំបន់​កៀនស្វាយ​នេះ បាន​ចំនួន ៣លើក៕

Advertisement