លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រារព្ធ​ពិធី​សម្ពោធ​សៀវភៅ “108 ចក្ខុវិស័យ គួច ម៉េង​លី”

កាលពី​ព្រឹក​ថ្ងៃទី19 ខែតុលា លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី និង ក្រុមការងារ​និពន្ធ​របស់លោក​បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​សៀវភៅ​ដែលមាន​ចំណងជើង​ថា “108 ចក្ខុវិស័យ គួច ម៉េង​លី” នៅឯ​ម៉ូ​នូ​មែន​ប៊ុ​ក (Monument Books) ហើយ​គួរ​បញ្ជាក់ថា សៀវភៅ​នេះ​គឺជា​ស្នាដៃ​ទី5របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី។ សៀវភៅ​មាន​កម្រាស់ 487ទំព័រ និង បោះពុម្ពផ្សាយ​លើក​ទី1 ចំនួន3000ក្បាល និង​អ្វីដែល​សំខាន់​នោះ គឺ​រាល់​ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ​នេះ នឹង​បរិច្ចាគ​ជូន​មូលនិធិ​ម៉េង​លី​ជេ. គួច។

ខ្លឹមសារ​ក្នុង​សៀវភៅ៖ និយាយ​អំពី​បទពិសោធ​ជីវិត​ក្នុង​អាជីព​ជា​ធុរជន (ជា​ចក្ខុវិស័យ ជា​ទស្សនទាន​ស្ដីពី​គំនិត​យោបល់ ការយល់ឃើញ និង​បទពិសោធ​ផ្ទាល់ របស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច​ម៉េង​លី​ក្នុងនាម​ជា​ធុរជន​វិស័យ​អប់រំ​ឈានមុខ​គេ​នៅ​កម្ពុជា)។ បង្ហាញ​ពី​ចក្ខុវិស័យ​ចម្រុះខ្លះៗនៃ​យុទ្ធសាស្ត្រ​ធ្វើ​ជំនួញ​ប្រកបដោយ​និរន្ដរភាព និង ចែករំលែក​វិធីសាស្ត្រ​លើកទឹកចិត្តខ្លះៗដើម្បី​គោលដៅ​ជីវិត​ច្បាស់លាស់ មិន​ថា​ក្នុង​អាជីព​ការងារ គ្រួសារ ស្នេហា ការសិក្សា និង​សហគមន៍​រស់នៅ​នោះទេ។

បណ្ដុះ​ឱ្យមាន​ភាពក្លាហាន មិន​កំសាកញី​មិន​បាក់ស្បាត ផ្ទុយទៅវិញ​អត្ថន័យ​ក្នុង​សៀវភៅ​នៅបាន​ណែនាំ​ឱ្យមាន​ការតស៊ូ​ព្យាយាម ម្ចាស់ការ និង​មិន​ប្រញាប់​ចុះចាញ់​ចំពោះ​បញ្ហា​ផងដែរ។ បណ្ដុះ​ឱ្យមាន​វប្បធម៌​ចែករំលែក​ក្នុងការ​ចាប់យក​ឱកាស​នៃ​អាជីព​ការងារ​ចំពោះមុខ និង​ទៅ​អនាគត​តាម​ចំណេះ​ចំណង់​ជំនាញ និង​បទពិសោធ​ដែលជា​ទេពកោសល្យ​របស់​មនុស្សម្នាក់។

គុណ​តម្លៃ​របស់​សៀវភៅ “108 ចក្ខុវិស័យ គួច ម៉េង​លី” ជា​ចក្ខុវិស័យ ផ្ទាល់​របស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ដោយ​មិន​ឆ្លុះបញ្ចាំង ឬ​ពាក់ព័ន្ធ​នឹង​គោលការណ៍​ឬ​ចក្ខុវិស័យ​របស់​ទ្រឹស្ដី​ណាមួយ​ឡើយ។ ពោល​ជា​គោល​គំនិត​បណ្ដុះ និង​ពង្រីក​ចក្ខុវិស័យ​វែងឆ្ងាយ​ប្រកបដោយ​ញាណទស្សនៈ​ស្ដីពី​ជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនង​សង្គម និង​មធ្យោបាយ​បង្កើត​គំនិត រក្សា​គំនិត និង​ដោះស្រាយ ប្រកបដោយ​ចីរភាព ដែល​ស្ដែង​ចេញពី​គុណ​តម្លៃ​នៃ​បទពិសោធ​របស់​អ្នកនិពន្ធ​ផ្ទាល់៕

Advertisement