ការបង្ហាញ​ស្នាដៃ​ធ្វើ​ម្ហូប​ដ៏​ចំណាន​ពី​មេ​ចុងភៅ Thierry Seychelles ក្នុង​កម្មវិធី Michelin Chef

លោក Thierry Seychelles ដែល​គ្រង​តំណែង​ជា​ចុងភៅ​ចំណាន នៅ​កម្មវិធី Michelin Chef បានបង្ហាញ​ជូន​នូវ​ទេពកោសល្យ​ចម្អិនម្ហូប​បារាំង​ដ៏​ពិសេស នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា និង​សណ្ឋាគារ​សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប ដែល​ចូលរួម​សហការ​ដោយ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ​អ៊ែរ​វេ កាលពី​ថ្ងៃទី ១៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ២០១៨ នេះ។

លោក Thierry Seychelles បានបញ្ចប់​បរិញ្ញាប័ត្រ​នៅ​មហាវិទ្យាល័យ Pontivy ដែលជា​សាលា​ដ៏​ល្បី​ផ្នែក​សណ្ឋាគារ និង បដិសណ្ឋារកិច្ច។ ដោយមាន​ភាពប៉ិនប្រសព្វ និង ទេពកោសល្យ​ខ្ពស់ ក្នុងការ​ចម្អិនម្ហូប លោក Chef Thierry បានបញ្ចប់​ជំនាញ​របស់គាត់​ជា​មេ​ចុងភៅ Michelin Chef ក៏ដូចជា Pierre Gagniare, Alain Passard និង Patrice Caillault ផងដែរ។ ក្រោយមក​លោក Thierry Seychelles បាន​បើក​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា “Le Roscanvec” គឺជា​ភោជនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ដែល​បម្រើ​អាហារ​បារាំងឆ្ងាញ់ៗជាច្រើន​មុខ។

ថ្លែង​ក្នុង​កម្មវិធី​នេះ លោក Charles-Henri Chevet នាយក​ចាត់ការ​ទូទៅរ​បស់ សណ្ឋាគារ​សូ​ហ្វី​តែ​ល បាន​ឲ្យ​ដឹងថា នេះ​គឺជា ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក Thierry Seychelles មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ដ៏​រីកចម្រើន​នៃ​ការរស់នៅ​របស់​ប្រជាជន
កម្ពុជា នូវ​បែបផែន​ជីវិត​ថ្មី នា​សម័យ​ទំនើប។

លោក Charles-Henri Chevet បាន​លើកឡើងថា «ប្រទេស​កម្ពុជា​កំពុងតែ​ប្រែ​ក្លាយទៅជា​ទីកន្លែង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត អាហារ​ឆ្ងាញ់​និង​ស្រាប្រណិតៗ ដូចនេះ​អាហារ​បែប​បារាំង ចម្អិន​ឡើង​យ៉ាង​ពិសេស​ដោយ​មេ​ចុងភៅ​លោក Thierry Seychelles នឹង​បានទទួល​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ភ្ញៀវ ទាំង​នៅ​ទីក្រុង​ភ្នំពេញ​និង ខេត្តសៀមរាប ដោយ​ការ​ចំអិន​ត្រូវបាន​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​ក្នុងស្រុក»។

គួរបញ្ជាក់​ផងដែរ​ថា អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​ពិសា​នេះ​នឹង​បម្រើ​ជូន​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា នៅ​ថ្ងៃ ទី១៤ និង ទី១៥ ខែវិច្ឆិកា និង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា​នេះ។ លើសពីនេះទៅទៀត លោក Thierry Seychelles នឹងមាន​បើក​ថ្នាក់​បង្រៀន​ធ្វើ​ម្ហូប​បែប​បារាំង​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា វេលា​ម៉ោង ១០ ព្រឹក នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ផងដែរ៕

Advertisement