វី​ង បានឈ្នះ​ពានរង្វាន់ “សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព” និង “សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន” នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ 2018

ភ្នំពេញ៖ ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត បានទទួល​ពានរង្វាន់​ចំនួន ២ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ ២០១៨ កាលពី​រាត្រី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នៅ​សណ្ឋាគារ Ritz-Carlton ក្នុងប្រទេស​សិង្ហ​បុរី។ ពានរង្វាន់​ទាំង ២ នេះ​រួមមាន ពាន “សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព” និង “សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន” 

នេះ​គឺជា​ឆ្នាំ​ទី ២ ហើយ​ដែល វី​ង បានទទួល​ពានរង្វាន់ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន បន្ទាប់ពី​ធនាគារ​មួយ​នេះ បានទទួល​ពាន “សហគ្រាស​ជោគជ័យ​បំផុត​ទាំង ៥ ក្នុង​តំបន់​អាស៊ាន” កាលពី​ឆ្នាំ 2017។

គណៈកម្មការ​ផ្តល់រ​ង្វាន់ របស់​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន (ABA) បាន​និយាយថា វី​ង បានបង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​សហគមន៍ ដែល​នេះ​នាំ​ឲ្យ​ធនាគារ​នេះ បានឈ្នះ​ពានរង្វាន់ សម្រាប់​សហគ្រាស​សង្គម ប្រកបដោយ​និរន្ត​ភាព។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក ធនាគារ​ឯកទេស វី​ង ដែល​បាន​ចូលរួម​ទទួល​ពានរង្វាន់ នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយថា លោក​មាន​មោទនភាព​យ៉ាងខ្លាំង ក្នុង​ការទទួល​បានកា​រ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​បេសកកម្ម​របស់ វី​ង ដើម្បី​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាជន​កម្ពុជា។

លោក​ម៉ា​ឡូ​ឡូ​សបាន​បន្តទៀតថា “ក្នុង​រយៈពេល មួយ​ទសវត្សរ៍​កន្លងមកនេះ វី​ង មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ។ ការទទួលស្គាល់​វី​ង​ជា “សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព” ដោយ​គណៈកម្មាធិការ​ពា​ន​រង្វាន់​ធុរកិច្ច​អាស៊ាន គឺជា​ការឆ្លុះបញ្ចាំង នូវ​ការប្តេជ្ញាចិត្ត​របស់ វី​ង ក្នុងការ​ធ្វើឱ្យ​មានការ​ផ្លាស់​ប្រែ​នៅក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ខណៈដែល វី​ង បាន​នឹង​កំពុង​ធ្វើ​កិច្ចការ ស្របទៅតាម​ចក្ខុវិស័យ​របស់ខ្លួន ក្នុងការ​បង្កើត​សង្គម នៃ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់”។

យោងតាម​របាយការណ៍ របស់​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រជាជន​កម្ពុជា​ប្រមាណ ៧៥% មិន​ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឡើយ។ កាលពី​អតីតកាល ប្រជាជន​កម្ពុជា ដែល​មិនមាន​គណនី​ធនាគារ ឬ​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ បាន​ប្រឈម​នឹង​ឧបសគ្គ និង​ហានិភ័យ ដោយសារតែ​ពួកគាត់​ត្រូវ​ពឹង​ផ្អែកលើ​ភាគី​ទី​បី ដើម្បី​ផ្ញើ​ប្រាក់​ទៅកាន់​គ្រួសារ​របស់​ពួកគេ។ សេវា​ផ្ទេរប្រាក់​របស់ វី​ង បាន​កែប្រែ​បញ្ហា​ទាំងនេះ ដោយ​ជួយ​ដល់​ប្រជាជន​កម្ពុជា ដែល​ពុំមាន​គណនី​ធនាគារ ក្នុងការ​ផ្ទេរប្រាក់ និង​ទទួល ប្រាក់ ដែល​ងាយស្រួល រហ័ស និង​សុវត្ថិភាព​តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ។

សម្រាប់​ពានរង្វាន់​ទី២ ដែ​លវីង​ទទួលបាន គឺជា ពានរង្វាន់ “សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន” ក្នុងនោះ​គណៈកម្មាធិការ​វិនិច្ឆ័យ បាន​បង្ហាញថា វី​ង បានបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​និង​ឆន្ទៈ ក្នុងការ​បណ្តាក់ទុនថ្មីៗ សម្រាប់​ការរីកចម្រើន​ប្រកបដោយ​និរន្ត​ភាព និង​បានទទួល​នូវ​ភាពជោគជ័យ ផ្នែក​ពាណិជ្ជកម្ម ដល់​កម្រិត​ដែលមាន​ភាពល្អប្រសើរ សម្រាប់​ទំហំ​ប្រតិបត្តិការ​របស់ខ្លួន។

លោក ម៉ា​ឡូ​ឡូ​ស បាន​អះអាង​ប្រាប់ថា “ការរីកចម្រើន​នេះ ពិតជា​អស្ចារ្យ​ណាស់។ ឥឡូវនេះ វី​ង មាន​អតិថិជន​សកម្ម​ចំនួន ៣ លាន​នាក់ រាប់បញ្ចូល​ទាំង​អ្នកមាន​គណនី​វី​ង​ចំនួន ១ លាន​នាក់ និង​មាន​ទំហំ​ប្រតិបត្តិការ​ទឹកប្រាក់​ប្រចាំឆ្នាំ ដែលមាន​តម្លៃ​ប្រមាណ​ជាង ១០ ពាន់​លាន​ដុល្លារ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​នៅពេលដែល​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ​មានការ​អភិវឌ្ឍ​ជាខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​កំពុងផ្តល់​ប្រយោជន៍​ក្នុង​រូបភាពផ្សេងៗគ្នា​ទៅដល់​សង្គម​កម្ពុជា​ទាំងមូល។ ការដាក់បញ្ចូល នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលបាន​អតិថិជន​កាន់តែច្រើន, សហគ្រាស​ខ្នាតតូច​និង​មធ្យម រឹត​តែមាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ អាជីវកម្ម​របស់ខ្លួន, ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ចថ្មីៗ ត្រូវបាន​បង្កើតឡើង, ហើយ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ក៏​អាច​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក និង​អ្នកផ្គត់ផ្គង់​របស់​ពួកគេ បាន​យ៉ាង​ងាយស្រួល”

គួរ​រំលឹក​ផងដែរ​ថា ពានរង្វាន់​ធុរកិច្ច​អាស៊ាន ២០១៨ គឺជា​ពាន​ទី ២ ក្នុង​រយៈពេល៣ខែ បន្ទាប់ពី វី​ង បានទទួល​ពាន “ធនាគារ​ដែល​ផ្ដល់​ផលប្រយោជន៍​ល្អ​បំផុត​ដល់​សង្គម នៅ​កម្ពុជា​ឆ្នាំ ២០១៨” កាលពី​ខែកញ្ញា ដោយ​ទស្សនា​វ​ដ្តី​អាជីវកម្ម​អន្តរជាតិ ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះថា Capital Finance International៕

Advertisement