បណ្ណាល័យប្រាសាក់ទី 25 នៅសាលាអណ្ដូងសំរិតត្រូវបានដាក់សម្ពោធ

ខេត្តតាកែវ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ស្របតាមទិសស្លោក «អំណានជាកំណប់វិជ្ជាមហាសាល» និងបន្តចូលរួម​ជំរុញ​ទម្លាប់​នៃការអានរបស់​សិស្សានុសិស្ស​ និងលើកកម្ពស់​ធនធាន​មនុស្សនៅកម្ពុជា អគារ​បណ្ណាល័យ​ដ៏​ថ្មី​ស្រឡាង​ពណ៌បៃតងមួយ​ខ្នង ដែលសាងសង់ និងឧបត្ថម្ភគាំទ្រថវិកា​ដោយ​មូលនិធិ​ប្រាសាក់ ​និងសហការអនុវត្តគម្រោងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

អគារ​បណ្ណាល័យ​ដ៏​ថ្មីស្រឡាងនេះស្ថិត​នៅក្នុង​​សាលាបឋមសិក្សា និងអនុវិទ្យាល័យអណ្ដូងសំរិត ក្នុងភូមិអណ្ដូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​នៅពី​ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ក្រោមអធិបតីភាព​ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី ​ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា លោក លី សាវ៉េត អភិបាលរង​នៃ​​គ​ណៈ​អ​ភិ​បាល​ខេត្តតាកែវ និងលោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អាជ្ញាធរដែនដី ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និង​បង​ប្អូន​ប្រជាពលរដ្ឋជាច្រើន​រយ​នាក់​ក្នុង​សហគមន៍។

​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងឱ្យដឹង​ថា អគារបណ្ណាល័យ​នៅ​សាលាបឋមសិក្សានិង​អនុវិទ្យាល័យ អណ្ដូងសំរិត នេះ មាន​ទំហំ 9 ម៉ែត្រ x 12 ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ដោយប្រើប្រាស់​ថវិកា​ឧបត្ថម្ភទាំងស្រុងពីមូលនិធិប្រាសាក់។ ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារបណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារ ឯកសារ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្ស ដើម្បីឱ្យ​​បណ្ណាល័យ​នេះដំណើរការបានដោយ​រលូន​ និងមាននិរន្តន៍ភាព។

លោក អ៊ុំ សមអឿន បានបន្តទៀតថា បណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ អណ្ដូងសំរិត នេះ ជា​បណ្ណាល័យទី 25 ហើយ ដែលប្រាសាក់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីទុកជាចំណងដៃជូនសិស្សានុសិ​ស្ស​ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍។ ដោយឡែក ចំពោះខេត្តតាកែវ នេះគឺជាបណ្ណាល័យទី 4 ហើយ ដែលខេត្ត​នេះ​បានទទួល​ពី​ប្រាសាក់ ដោយ​​បណ្ណាល័យ​៣​ទៀត គឺស្ថិត​នៅ ​សាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃធំ សាលាបឋមសិក្សា​ព្រៃល្វា និងសាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃយុថ្កា។ គិតត្រឹមឆ្នាំ 2018 ប្រាសាក់បានកសាងអគារបណ្ណាល័យសរុបរហូតដល់ 30 ខ្នង នៅ​ក្នុង​ខេត្ត​ចំនួន 9 រួមមាន តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប ព្រះវិហារ និង ខេត្តបាត់ដំបង ដែលមានសិស្សានុសិស្សចំនួនជាង 77,000 នាក់ មកពី 343 ភូមិ។ លោកបន្តទៀតថា «អគារបណ្ណាល័យនេះ ជានិមិត្តរូបមួយដែលមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចំពោះអតិថិជនក្នុងសហគមន៍ ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត»។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្ដែង​​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និងកោតសរសើរចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និងផ្ដល់ការសហការយ៉ាង​ល្អ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្នុង​ការ​លើក​កម្ពស់​វប្បធម៌​នៃការអាន​នៅ​កម្ពុជា។ ឯកឧត្ដមបានសំណូមពរ​ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យ​នេះ​ឱ្យ​អស់ពីលទ្ធភាព ដោយជំរុញឱ្យ​មាន​ការ​អានឱ្យ​បាន​ច្រើន​ផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់​កុំឱ្យ​មានការ​បាត់បង់។

ដោយឡែក លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាល​ខេត្ត​តាកែវ ​បាន​ថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែលបានផ្ដល់​អគារ​បណ្ណាល័យ​រហូត​ដល់​ 4 សម្រាប់​ទឹក​ដី​ខេត្ត​តាកែវ។ នេះ​ជាការ​ចូលរួម​យ៉ាង​ធំធេង​របស់​ប្រាសាក់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​តាកែវ។ លោក​ក៏​បាន​ផ្ដាំផ្ញើឱ្យសិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សានិងអនុវិទ្យាល័យ​ អណ្ដូងសំរិត ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា និង​ចាប់​យក​ទម្លាប់​នៃ​ការ​អាន​សៀវភៅតាមរយៈ​បណ្ណាល័យ​នេះ ដើម្បី​បានលទ្ធផល​ល្អ​ក្នុង​ការសិក្សា និងក្លាយជាសិស្សពូកែទាំងអស់គ្នា។

ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី បាន​សម្ដែង​នូវ​ក្ដី​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និងបានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគាំទ្រឱ្យគម្រោងនេះលេចជារូបរាងឡើង។ ឯកឧត្ដម​បន្តថា ការផ្ដល់​ជាអគារ​បណ្ណាល័យ​​របស់ប្រាសាក់​នៅពេលនេះ សម​ស្របតាមគោល​នយោបាយ​ចតុកោណរបស់​រាជរដ្ឋាភិបាល​ ក្នុងការ​លើក​ស្ទួយវិស័យ​អប់រំ ជំរុញការ​អាន បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។

ឯកឧត្ដម ក៏បានសំណូមពរចំពោះ​មាតាបិតា​ទាំង​អស់ថា ទោះបីជា​ជួប​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែជំរុញ​កូន​ឱ្យ​បាន​ទៅរៀន​គ្រប់ៗគ្នា កុំ​ឱ្យ​កូន​បោះបង់​ការសិក្សា​ឱ្យសោះ និងជំរុញ​កូនឱ្យ​អាន​សៀវភៅ​ជានិច្ច ព្រោះ​ចំណេះ​ដឹងពិតជាមាន​សារៈសំខាន់ណាស់។ តាមរយៈបណ្ណាល័យនេះ គឺជា​កំណប់​ទ្រព្យដ៏មហាសាល ដែល​សិស្សានុសិស្ស​នៅ​ក្នុង​សាលាអណ្ដូងសំរិតនេះ ត្រូវជីកកកាយយកចំណេះវិជ្ជា សម្រាប់​កសាង​ខ្លួន ​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ។ ឯកឧត្ដមបានផ្ដាំផ្ញើ​ឱ្យ​សិស្សានុសិស្សទាំងអស់ត្រូវ​ខិតខំ​រៀន​សូត្រឱ្យ​បាន​ខ្លាំង​ពូកែ ហើយយក​ចំណេះ​ដឹង​មក​ជួយកសាង​សហគមន៍​ស្រុកកំណើត​ឱ្យ​បាន​រីក​ចម្រើន។ ជាចុងក្រោយ ឯកឧត្ដម​ក៏​បាន​សំណូមពរ​ឱ្យ​មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យ​បាន​គង់វង្ស​ច្រើន​ជំនាន់​ទៅ​មុខ។

Advertisement