Winest Cambodia ប្រារព្ធពិធីបុណ្យស្រាក្រហម “Beaujolais Nouveau”

Beaujolais AOC ជាភាសាបារាំងមានន័យថា “ប្រភពដើមពីតំបន់ Beaujolais” ដែលត្រូវបានទទួលការការពារ ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ 1937 សំរាប់ផលិតស្រាក្រហម Beaujolais Nouveau (បូហ្សូលេណូវ៉ូ)។

Beaujolais Nouveau បានក្លាយជាព្រឹត្តិការណ៍បុណ្យជាតិដ៏ធំនៃប្រទេសបារាំង ហើយក៏បានរីករាលដាលដល់បណ្តាប្រទេសជិតខាងនៅទ្វីបអឺរ៉ុបនៅទសវត្សរ៍ឆ្នាំ1980 ហើយបន្តទៅដល់អាមេរិកខាងជើងនៅទសវត្សរ៍ឆ្នាំ1990 បន្ទាប់មកក៏បន្តទៅកាន់ឧបទ្វីបអាស៊ី និងរីករាលដាលដល់បណ្តាប្រទេសជាច្រើនទៀតលើពិភពលោក។

Beaujolais Nouveau ជាប្រភេទស្រាក្រហមដែលផលិតឡើងពីទំពាំងបាយជូ Gamay តែមួយមុខប៉ុណ្ណោះនៅតំបន់ Beaujolais នៃប្រទេសបារាំង។ ទំពាំងបាយជូ Gamay ត្រូវបានគេ ប្រមូលផលដោយដៃ ហើយការផលិតធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលចេញលក់នៅលើទីផ្សារ ហេតុនេះហើយទើបបានជាស្រា Beaujolais Nouveau មានរស់ជាតិថ្មីស្រស់ និងមានរស់ជាតិផ្លែឈើខ្ពស់ ជាពិសេសមានរស់ជាតិចត់តិចៗ ដែលគេនិយមទទួលទានដោយត្រាំទឹកកកឱ្យត្រជាក់ប្រហែល​ 13អង្សាសេ។

អ្នកស្រី ឈឹម ចិន្ដា នាយកគ្រប់គ្រង របស់ក្រុមហ៊ុនស្រាក្រហម Winest Cambodia បានអោយដឹងពីប្រវត្តិរបស់ប្រភេទស្រាក្រហម Beaujolais Nouveau ថា “ស្រាក្រហមប្រភេទនេះត្រូវបានដាក់បញ្ចេញលក់ជាផ្លូវការបន្ទាប់ពីថ្ងៃទី15 ខែធ្នូ ក្នុងរដូវប្រមូលផលក្នុងមួយឆ្នាំៗ តែ Beaujolais Nouveau ត្រូវបានផ្លាស់ប្តូរ និងកំណត់ការបញ្ចេញលក់ជាផ្លូវការសារជាថ្មីម្តងទៀតនៅក្នុងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ1951។ ប៉ុន្តែអ្វីៗតែងតែមានការផ្លាស់ប្តូរមិនទៀងទាត់នោះទេ នៅថ្ងៃព្រហស្បតិ៍ ទី3 ខែវិច្ឆិកា ឆ្នាំ1985 Beaujolais Nouveau ត្រូវបានផ្លាស់ប្តូរ និងដាក់កាលបរិច្ឆេទសារជាថ្មីម្តងទៀត ហើយវាជាការសំរេចចុងក្រោយបង្អស់សំរាប់ការដាក់បញ្ចេញលក់ និងត្រូវបានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

អ្វីដែលគួរអោយគត់សំគាល់នៅឆ្នាំនេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍គឺជាថ្ងៃសប្តាហ៍ទី3 នៃខែវិច្ឆិកា ហើយក៏ត្រូវនឹងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2018 ដែលក្រុមហ៊ុនស្រាក្រហម Winest Camboia បានចូលរួមប្រារព្ធពិធីបុណ្យ Beaujolais Nouveau នៅហាងស្រាផ្ទាល់ខ្លួន អាគារលេខ73 ផ្លូវ214 សង្កាត់បឹងព្រលិត ខណ្ឌ7មករា ក្រុងភ្នំពេញ ជាមួយវត្តមានភ្ញៀវកត្តិយសជាច្រើនរូប​រួមជាមួយការញ៉ាំអាហារដ៏រីករាយជាមួយស្រាក្រហម Beaujolais Nouveau និងមានការចាប់រង្វាន់ជូនភ្ញៀវដែលបានអញ្ជើញចូលរួមផងដែរ។

អ្នកស្រី ឈឹម ចិន្ដា បានលើកឡើងបន្ថែមទៀតថា “អ្វីដែលពិសេសទៀតនោះគឺថាស្រាប្រភេទនេះ មិនត្រូវបានអនុញ្ញាតិឱ្យចេញលក់មុនពេលកំណត់ឡើយ បើទោះបីជាហាងស្រាមានស្រាប្រភេទនេះទុក្ខនៅក្នុងហាងរួចស្រេចក៏ដោយ ជាពិសេសបើមានភ្ញៀវត្រូវការការបញ្ជារទិញមុនថ្ងៃព្រហស្បតិ៍សប្តាហ៍ទី3​នៃខែវិច្ឆិកា ក៏ហាងមិនអាចលក់ជូនភ្ញៀវបានឡើយ ដូច្នេះភ្ញៀវត្រូវរង់ចាំចាប់ពីម៉ោង12:01 នៃថ្ងៃព្រហស្បតិ៍ ទើបហាងលក់ជូនភ្ញៀវបាន​”៕

Advertisement