កម្ពុ​ជាមាន​រោងចក្រ​ផលិត ក្បឿង និង​ទុយោ ខ្នាត​អន្តរជាតិធានា​ដល់​ការផ្គត់ផ្គង់​ក្នុងស្រុក និង នាំចេញ​ក្រៅប្រទេស

ស្របតាម​បរិបថ ដែល​ប្រទេស​កម្ពុជា កំពុងមាន​ការរីកចម្រើន ឥតឈប់ឈរ លើ​គ្រប់​វិស័យ ហើយ​បាននិងកំពុង​បោះជំហាន​ពី​ប្រទេស​កសិកម្ម ទៅជា​ប្រទេស​ឧស្សាហកម្ម ដើម្បី​កាត់បន្ថយ​ការ​នាំចូល​សម្ភារៈ​សំណង់​ពី​បរទេស ក៏ដូចជា​ជួយ​បង្កើន​សេដ្ឋកិច្ចជាតិ និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​អត្រា​ចំណាកស្រុក​ផង​នោះ វិនិយោគិន​ខ្មែរ បាន​បោះទុន បង្កើត​រៀង​ចក្រថ្មីៗ លំដាប់​អន្តរជាតិ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់។

ជាក់ស្តែង នៅ​ថ្ងៃទី 07ខែធ្នូ​ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​បើកសម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ក្បឿង និង​ទុយោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិល្ប​កម្ម ដែលមាន​ទីតាំង​នៅក្នុង​ទឹកដី​ឃុំ ជើង​កើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស នឹង​នាំ​ចេញលក់​ទៅ​ក្រៅប្រទេស​ទៀតផង។

លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង បានលើកឡើង​នៅក្នុង​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​ថា ៖ យើង​សម្ពោធ​ជា​ផ្លូវការ រោងចក្រ​ឧស្សាហកម្ម​ខ្នាត​ធំ ដែល​វិនិយោគ​ដោយ​កូន​ខ្មែរ 100ភាគរយ ចំនួន​ពីរ​ថ្មី​បន្ថែមទៀត លើ​ផ្ទៃដី 11ហិកតា ហើយ​រោងចក្រ​នីមួយ​មាន​បំពាក់​ដោយ​គ្រឿងចក្រ​ទំនើប និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ពី​ប្រទេស​អ៊ីតាលី ហើយ​បុគ្គលិក​បម្រើការ​មានចំណេះ និង​ជំនាញ​ច្បាស់លាស់ មានបទពិសោធន៍​យូ​ឆ្នាំ និង​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ។

លោក​ឧកញ៉ា​បញ្ជាក់ថា  រោងចក្រ​ផលិត​ក្បឿង ជីបម៉ុង មានលទ្ធភាព​អាច​ផលិត​ក្បឿង​បាន 140សន្លឹក​ក្នុង1នាទី ខណៈ​រោងចក្រ​ផលិត​ទុយោ​មាន​សមត្ថភាព​អាច​ផលិត​ទុយោ​បាន 500តោន​ក្នុង1ខែ ដែល​អាចឆ្លើយតប​បាន​តាម​តម្រូវការ​ទីផ្សារ​សំណង់​ក្នុងប្រទេស​កម្ពុជា។

ការបង្កើត​រោងចក្រ​ឧស្សាហកម្ម​ខ្នាត​ធំ​បែបនេះ ជាការ​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្លា ក្នុងការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន តាមរយៈ​ការបង្កើត​ឱកាស​ការងារ​ដ៏​សំបូរបែប​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការបង្កើត​ពាណិជ្ជកម្ម ដែលមាន​ផលិតផល និង​សេវាកម្ម​ក្នុង​វិស័យផ្សេងៗ របស់​ក្រុមហ៊ុន ជីប ម៉ុង មិន​ត្រឹមតែ​អាចបង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចធ្វើឱ្យ​កម្ពុជា មាន​ផលិតផល​ក្នុងស្រុក​ដែលមាន​ទាំង​គុណភាព និង​តម្លៃ​ប្រសើរ​ជាង​ផលិតផល​នាំចូល​សម្រាប់​បម្រើ​តម្រូវការ​ក្នុងស្រុក​ផងដែរ៕

Advertisement