ធនាគារ CIMB ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ស្រប​នឹង​កំណើន​ប្រកបដោយ​ស្ថេរភាព

ភ្នំពេញ៖ នៅ​ថ្ងៃទី07 ខែធ្នូ​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បាន​បង្កើត​នូវ​កម្មវិធី​រីករាយ ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​អតិថិជន ក្នុងឱកាស​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ ដល់​អតិថិជន​ធនាគារ នៅ​ភោជនីយដ្ឋាន Topaz។

កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំនេះ មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស រួមមាន​អតិថិជន Preferred ប្រមាណ 100នាក់ ក្រោម​អធិបតីភាព​ប្រធាន​នាយក​ប្រតិបត្តិ (CEO) និង​គណៈ​គ្រប់គ្រង​មួយចំនួន​របស់​ធនាគា​រ CIMB ផងដែរ។

កម្មវិធី​នេះ​បាន​បង្កើត​នូវ​បរិយាកាស​ស្និទ្ធស្នាល រវាង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB និង​អតិថិជន ក្នុងការ​ពិភាក្សា ដោះដូរ​យោបល់ និង​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់ និង​ស៊ីជម្រៅ​របស់​ពួកគេ​ផ្ទាល់​តែម្តង។ បន្ថែម​ពីនេះ​បាន​បង្ក​នូវ​ភាព​ស្និត​ស្នាល​រវាង​អតិថិជន និង​អតិថិជន​ក្នុងការ​ស្វែងរក​ឱកាស​ធុ​រះ​កិច្ច​នាពេល​អនាគត។

ថ្លែង​ក្នុង​កម្មវិធី​ដ៏​នេះ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា៖ «កម្មវិធី​នា​រាត្រី​នេះ គឺជា​ការអបអរសាទ​រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​យើងទាំងអស់គ្នា ក្នុង​រយៈពេល 1ឆ្នាំ​កន្លងមកនេះ ហើយ​វា​ក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​មួ​យ​កម្រិត​ទៀត ព្រមទាំង​ការថ្លែងអំណរគុណ ដល់​អតិថិជន ដែល​តែងតែ​ជឿជាក់ និង​បន្ត​គាំទ្រ ដល់​ធនាគារ CIMB នាពេល​កន្លងមក។

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​ប៊ុន យីន បានបញ្ជាក់​អំពី​របាយ​ការណ៍​រីកចម្រើន​របស់​ធនាគា​រ CIMB ដោយ​សង្ខេប​ថា ចាប់តាំងពី​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​មក ធនាគារ CIMB បាន​រក្សា​នូវ​កំណើន​ប្រតិបត្តិការ​អាជីវក​ម្មយ៉ាង​ល្អប្រសើរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ជាក់ស្តែង ក្នុង​រយៈពេល5ឆ្នាំ​ចុងក្រោយ ចន្លោះ​ពី​ឆ្នាំ2014 ដល់​ឆ្នាំ2018នេះ ធនាគារ CIMB មាន​កំណើន​លើ​ទ្រព្យសកម្ម​ជា​មធ្យម 28% ក្នុង​មួយឆ្នាំ កំណើន​ឥណទាន​ជា​មធ្យម 32% ក្នុង​មួយឆ្នាំ កំណើន​ប្រាក់​បញ្ញើ​ជា​មធ្យម 29% ក្នុង​មួយឆ្នាំ និង​កំណើន​ប្រាក់ចំណេញ​ជា​មធ្យម 74% ក្នុង​មួយឆ្នាំ។ តាមរយៈ​លទ្ធផល​ទាំងអស់នេះ បាន​បង្ហាញថា ធនាគារ CIMB មាន​កំណើន​គួរ​ជាទី​មោទនៈ ប្រកបដោយ​ស្ថេរភាព និង​សុភ​វិនិច្ឆ័យ។ ស្ថេរភាព ព្រោះ​ការកើនឡើង​មាន​ភាពនឹងនរ​ជា​លំដាប់ ហើយ​សុភ​វិនិច្ឆ័យ ព្រោះ​ការរីកចម្រើន​របស់​ធ​នាគារ គឺ​ផ្អែកលើ​ជំ​ហ៊ាន​ខ្លួនឯង ដោយ​ពុំបាន​ប្រៀបធៀប​ជាមួយ​អ្នកដទៃ។

លោក​ប៊ុន យីន បាន​អៈ​អាង​ថា សមិទ្ធិផល​របស់​ធនា​គារ CIMB គឺ​កើតចេញពី​ការគាំទ្រ​របស់​អតិថិជន ដែល​មិនអាច​ប្រកែក​បាន។ ដូច្នេះហើយ​ធនាគារ CIMB នឹង​បន្ត​ខិតខំ​យកចិត្តទុកដាក់​កែលំអរ​ជានិច្ច​នូវ​គុណភាព​សេវាកម្ម​បម្រើ​អតិថិជន និង​នាំយក​ផលិតផល​ធនាគារ ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ នេះ​គឺជា​កត្តា​ជា​គន្លឹះ ដែលនាំឱ្យ​ទទួល​នូវ​ភាព​គាំទ្រ​កាន់តែ​ខ្លាំងក្លា ពី​អតិថិជន​កំពុងមាន​អ​ត្តិ​ភាពជា​មួយ​យើង នឹង​ញុំ​ា​ង​ឱ្យ​មូលដ្ឋាន​អតិថិជន​ធនាគារ​យើង​កាន់​តែមាន​ភាពទូលំទូលាយ។

សម្រាប់​ថ្ងៃ​អនាគត ធនាគារ CIMB នឹង​ផ្តោត​សំខាន់​លើ​ការកែលម្អ​នូវ​បច្ចេកវិទ្យា លើ​រចនាសម្ព័ន្ធ​ដូចដែល​យើង​តែងតែ​ឮ​គេ​តែង​រំលឹក​អំពី​បដិវត្ត​ន៏​បច្ចេកវិទ្យា​លើក​ទី4។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិជ្ជា​នឹង​ផ្លាស់ប្តូរ​នូវ​អតិថិជន​របស់​យើង អំពី​របៀប​ផ្តល់​សេវាកម្ម និង​ផលិតផល​ថ្មី​របស់​ធនាគារ ជូន​ដល់​អតិថិជន។ ដូច្នេះ ធនាគារ​នឹង​ខិតខំ​ប្រែក្លាយ​ខ្លួនឯង ទៅតាម​បច្ចេកវិទ្យា​ថ្មី លើ​សាខា​ទាំង 13របស់​ធនាគារ៕

Advertisement