ប្រា​សាក់ ចាប់ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​ដើមទុន​ចុះបញ្ជី​រហូតដល់ 168 លាន​ដុល្លារ​អាមេរិក

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លំដាប់​ទី 1 ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារធំៗទាំង 5 នៅ​កម្ពុជា បាន​បង្កើន​ដើមទុន​ចុះបញ្ជី​ពី 110លាន​ដុល្លារ​អាមេរិក រហូតដល់ 168 លាន​ដុល្លារ​អាមេរិក នា​ដើមឆ្នាំ​ថ្មី​នេះ។

ការបង្កើន​ដើមទុន​ថ្មី​បន្ថែម 58លាន​ដុល្លារ​នេះ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ឱ្យ​កាន់តែខ្លាំង​ក្លា​ពី​អតិថិជន វិនិយោគិន និង​សាធារណជន បន្ទាប់ពី​ប្រា​សាក់​បានសម្រេច​សមិទ្ធផល​ល្អប្រសើរ​នាពេល​កន្លងមក​លើ​មូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរ​ផ្នែក​អាជីវកម្ម ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែលមាន​ភាពបត់បែន​និង​សម្បូរបែប វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​គ្របដណ្ដប់​ទូទាំងប្រទេស ការបំពាក់​ម៉ាស៊ីន​អេ​ធី​អឹម ម៉ាស៊ីន​ឆូត​កាត សេវា​ធនាគារ​ចល័ត និង​ប្រព័ន្ធ​ធនាគារ​ស្នូល ប្រកបដោយ​ភាពទំនើប តម្លាភាព និង​សុក្រឹតភាព។

ដើមទុន​ចុះបញ្ជី​ចំនួន 672 ប៊ី​លាន​រៀល សមមូល​នឹង 168 លាន​ដុល្លារ​អាម​រិ​ក​នេះ បានមកពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគ​ទុ​និក​ចំនួន 3 រួមមាន ធនាគារ Bank of East Asia (BEA) ក្រុមហ៊ុន Lanka Orix Leasing Company (LOLC) និង​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់ (PSCo)។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ការដំឡើង​ដើមទុន​បន្ថែម​នេះ គឺ​យក​មកពី​ប្រាក់ចំណេញ​រក្សាទុក ក្នុង​គោលបំណង​ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ និង​កំណើន​របស់​ស្ថាប័ន ដើម្បី​បំពេញ​តាម​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ។ ការវិនិយោគ​បន្ថែម​នេះ ក៏​សបញ្ជាក់​ឱ្យឃើញ​ច្បាស់​ថា​ភាគ​ទុ​និក​របស់​ប្រា​សាក់ មាន​ទំនុកចិត្ត​ខ្ពស់​លើ​ថ្នាក់ដឹកនាំ និង​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ ព្រមទាំង​មានការ​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​មុតមាំ​ក្នុងការ​គាំទ្រ​និង​អភិវឌ្ឍ​ប្រា​សាក់​ឱ្យនៅតែ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​វិស័យ និង​ដើម្បី​កសាង​ទំនុកចិត្ត​និង​ការជឿជាក់​កាន់តែខ្លាំង​ពី​សាធារណជន» ។

លោក សាយ សូ​នី បាន​គូសបញ្ជាក់​បន្តទៀតថា តាមរយៈ​ការបន្ថែម​ដើមទុន​ថ្មី​នេះ នឹង​រឹងរឹតតែ​ធ្វើឱ្យ​ប្រា​សាក់​ជ្រង​ជំហរ​យ៉ាងរឹងមាំ​លើ​ទីផ្សារ បម្រើសេវា​ជូន​អតិថិជន​បាន​កាន់តែ​ល្អប្រសើរ និង​ចូលរួមចំណែក​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្តរភាព។ ការសម្រេចបាន​សមិទ្ធ​ផល​នេះ ប្រាកដជា​មិនអាច​កើតមាន​ទេ ប្រសិនបើ​មិនមាន​ការគាំទ្រ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ។

ក្នុងឱកាស​នេះ សាយ សូ​នី សូម​សំដែង​នូវ​ការដឹងគុណ និង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ជាពិសេស​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ និង​ឥណទាន​ដែល​តែងតែ​ផ្ដល់​ការគាំទ្រ ដែល​ញ៉ាំងឱ្យ​ប្រា​សាក់​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា។

គិត​ត្រឹម​ដំណាច់ឆ្នាំ 2018 ប្រា​សាក់​មិន​ត្រឹមតែ​រក្សាបាន​នូវ​ជំហរ​នាំមុខគេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ជាមួយនឹង​បណ្ដាញ​ការិយាល័យ​ច្រើនជាងគេ ល​ទ្ទ​ភាព​រកប្រាក់​ចំនេញ និង​សម្ពៀត​ឥណទាន​ធំជាងគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានាបាន​នូវ​និរន្តរភាព​ទៀតផង។ លទ្ធផល​ដែល​សម្រេចបាន​រួមមាន៖

  • ទ្រព្យសកម្ម​សរុប​ចំនួន 2,378 លាន​ដុល្លារ​អាមេរិក
  • សម្ពៀត​ឥណទាន​កើនឡើង​ដល់ 1,962 លាន​ដុល្លារ​អាមេរិក ដោយ​ដោយ​បម្រើ​អតិថិជន​សរុប 397 ពាន់​នាក់
  • សមតុល្យ​ប្រាក់​បញ្ញើ-សន្សំ​ចំនួន 1,291  លាន​ដុល្លារ​អាមេរិក ដោយមាន​អតិថិជន​ប្រាក់​បញ្ញើ-សន្សំ 555 ពាន់​នាក់
  • ពង្រីក​បណ្តាញ​ការិយាល័យ​រហូតដល់ 177 សាខា
  • ដំឡើង​ម៉ាស៊ីន ATM ចំនួន 126 ទីតាំង
  • ផ្តល់ឱកាស​ការងារ​ដ​ល់​បុគ្គលិក​ជាង 7,600 នាក់

ក្នុង​ឆ្នាំ 2019 ប្រា​សាក់​មាន​ផែនការ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការរីកចម្រើន​ជាមួយគ្នា​របស់​យើង ជាមួយនឹង​អតិថិជន​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ដែលមាន​ស្រាប់, ការបង្កើន​អត្ថប្រយោជន៍​ជា​អតិបរមា​និង​ការផ្តល់​ភាពងាយស្រួល​ដល់ដៃ​គូ​អាជីវកម្ម​និង​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ តាមរយៈ​ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ដូចជា​ពង្រីក​ការផ្តល់សេវា​ទូទាត់​រហ័ស, CSS, ម៉ាស៊ីន​ឆូត​កាត អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត និង​ពង្រីក​សាខា​ឱ្យ​ច្រើន​បន្ថែមទៀត​នៅ​ទូទាំងប្រទេស។ យើង​ក៏​ប្តេជ្ញាចិត្ត​ក្នុងការ​កែលំអ​សេវា​អតិថិជន នាំមក​នូវ​នាវ​នុ​វត្ត​ន៍ និង​ការផ្ដល់ជូន​សេវា​និង​ផលិតផលថ្មីៗដើម្បី​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង៕

Advertisement